នៅប្រទេសកូរ៉េខាងត្បូង មានព្រឹត្តិការណ៍នយោបាយធំមួយបានកើតឡើងនៅថ្ងៃទី២៤ ខែធ្នូ នេះ គឺលោក មូន ចេអ៊ីន បានចុះក្រឹត្យមួយក្នុងឋានៈជាប្រធានាធិបតីសាធារណរដ្ឋមួយនេះ ដោយធ្វើការលើកលែងទោសដ៏ភ្ញាក់ផ្អើលជូនដល់អតីតប្រធានាធិបតីកូរ៉េខាងត្បូង គឺអ្នកស្រី ប៉ាក ហ្គឺនហេ ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២០ឆ្នាំ។
បើតាមបណ្ដាញផ្សាយព័ត៌មាន NK News គឺមានអ្នកតំណាងរាស្ត្រម្នាក់ទៀតដែលស្និទ្ធរបបកុម្មុយនីស្តកូរ៉េខាងជើង ក៏ទទួលបានការលើកលែងទោសផងដែរ គឺលោក Lee Seok-ki។
អតីតអ្នកតំណាងរាស្ត្ររូបនេះត្រូវបានកាត់ទោសកាលពីឆ្នាំ២០១៤ ឱ្យមានទោសជិត ១០ឆ្នាំក្រោមបទចោទ ថាមានផែនការបង្កើតកម្លាំងឧទ្ទាមផ្ដួលរំលំរដ្ឋាភិបាល។ យ៉ាងណា គេនៅរង់ចាំការសម្រេចមួយទៀតរបស់ប្រធានាធិបតី ដែលរំពឹងថានឹងបានទទួលសំណើសុំឱ្យមានការលើកលែងទោសផងដែរដល់អតីតប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់ទៀត គឺលោក លី ម្យុងបាក់។
លោក លី ម្យុងបាក់ ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១៧ឆ្នាំ ក្នុងករណីពុករលួយ។ ក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីយុត្តិធម៌កូរ៉េខាងត្បូង លោក Park Beom-kye បានថ្លែងថា ស្ថានភាពក្នុងការលើកឡើងទោសរវាងអ្នកស្រី ប៉ាក និងលោក លី គឺខុសគ្នា ប៉ុន្តែរដ្ឋាភិបាលនឹងពិនិត្យបន្ថែមទៀតលើការលើកលែងទោសអតីតមេដឹកនាំកូរ៉េខាងត្បូងម្នាក់ទៀតនេះ។
តែយ៉ាងណា គឺជាករណីពិសេសបំផុតចំពោះការលើកលែងទោសសម្រាប់អ្នកស្រី ប៉ាក ហ្គឺនហេ ដែលត្រូវបានតុលាការកូរ៉េខាងត្បូងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំចាប់តាំងពីឆ្នាំ២០១៧ មក បន្ទាប់ពីលោកស្រីត្រូវបានដកចេញពីតំណែងពីបទអំពើពុករលួយ និងទទួលប្រាក់ជាច្រើនលានដុល្លារ។
កំហុសដែលរដ្ឋអាជ្ញារកឃើញ គឺស្ត្រីឆ្នើមរូបនេះបណ្ដោយឱ្យជំនួយការរបស់អ្នកស្រី ប្រើឥទ្ធិពលរបស់អ្នកស្រីជាប្រធានាធិបតី គាបសង្កត់ និងបញ្ចុះបញ្ចូលអ្នកជំនួញឱ្យមានការសូកប្រាក់រាប់លានដុល្លារក្នុងដំណើរការបើកភាគហ៊ុន និងពង្រីកមុខជំនួញ។ ចំណែកលោក លី ម្យុងបាក់ ក៏មានរឿងប្រហាក់ប្រហែលនេះដែរ។
យ៉ាងណា ករណីលោក លី ម្យុងបាក់ ត្រូវបានកាត់ទោសចោទប្រកាន់ក្រោយពីលោកអស់អាណត្តិជាប្រធានាធិបតី។ ចំណែកអ្នកស្រី ប៉ាក គឺការកាត់ទោសក្រោយពីតុលាការរដ្ឋធម្មនុញ្ញដកហូតអំណាចរបស់អ្នកស្រី ពោលគឺអ្នកស្រីមានរឿងអាស្រូវអំឡុងពេលកាន់អំណាច។

តាមបញ្ជីឈ្មោះនៃអ្នកដែលត្រូវបានលើកលែងទោសឱ្យមានសេរីភាពក្នុងឱកាសអបអរសាទរឆ្នាំថ្មីឆ្នាំ២០២២ គឺមានចំនួន ៣០៩៤នាក់ ក្នុងនោះក៏មានឈ្មោះអ្នកស្រី ប៉ាក ហ្គឺនហេ ផងដែរ។ ការលើកលែងទោសអតីតប្រធានាធិបតីស្ត្រីរូបនេះ ធ្វើឡើងដោយផ្អែកលើហេតុផលសុខភាពជាចម្បង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ប្រទេសកូរ៉េខាងត្បូង។
តាមបណ្ដាញផ្សាយព័ត៌មាន NK News គឺនៅក្នុងឆ្នាំ២០២១ នេះ អ្នកស្រី ប៉ាក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចំនួន ៣លើក ដើម្បីសង្គ្រោះបន្ទាន់។ យ៉ាងណា អ្នកសង្កេតការណ៍កំពុងចោទសួរថា មានហេតុផលអ្វីនៅពីក្រោយក្រៅអំពីបញ្ហាសុខភាពចំពោះការលើកលែងទោសអ្នកស្រី ប៉ាក ហ្គឺនហេ។ អ្នកនាំពាក្យសម្រាប់ប្រធានាធិបតីបាននិយាយថា បញ្ហាសុខភាពរបស់អ្នកស្រី ប៉ាក ជាបញ្ហាចម្បង តែកត្តាឯកភាពជាតិក៏ចាំបាច់ផងដែរ។
យ៉ាងណា អ្នកសង្កេតការណ៍គិតថា ការដោះលែងអ្នកស្រី ប៉ាក អាចនឹងជះឥទ្ធិពលដល់ការបោះឆ្នោតនៅឆ្នាំក្រោយ ព្រោះអ្នកគាំទ្រគណបក្សអំណាចប្រជាជន PPP បានអំពាវនាវឱ្យដោះលែងអ្នកស្រី ប៉ាក មុនការបោះឆ្នោតប្រធានាធិបតី ដែលមើលទៅបក្សនេះអាចត្រូវការសំឡេងរបស់អ្នកគាំទ្រអ្នកស្រី ប៉ាក។
ការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ដែលជាការបោះឆ្នោតប្រធានាធិបតីលើកទី២០។ នៅប្រទេសកូរ៉េខាងត្បូង អាណត្តិប្រធានាធិបតីមានតែមួយអាណត្តិរយៈពេល ៥ឆ្នាំប៉ុណ្ណោះ។
បែបនេះក្ដី មានការបញ្ចេញមតិច្រើននៅលើបណ្ដាញសង្គម អំពីការលើកលែងទោសអតីតប្រធានាធិបតី ប៉ាក ហ្គឺនហេ និងសមាជិកសភា Lee Seok-ki។ សម្រាប់អ្នកស្រី ប៉ាក មានការគាំទ្រ និងអបអរសាទរច្រើន តែសម្រាប់អតីតសមាជិកសភា Lee Seok-ki មានការខកចិត្តច្រើន៕