27.4 C
Phnom Penh

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវ​តុលាការ​ធម្មនុញ្ញ​សម្រេច​ដក​តំណែង​ជា​ផ្លូវការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​កូរ៉េខាងត្បូង ដែល​ត្រូវ​បាន​ព្យួរ​តំណែង​ដោយ​សភា លោក Yoon Suk Yeol ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​សម្រេច​ដក​តំណែង​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​សុក្រ ទី​៤ ខែ​មេសា ដែល​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ឱ្យ​មាន​ការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ក្នុង​រយៈពេល ៦០​ថ្ងៃ។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ចៅក្រម​ទាំង ៨​រូប​នៃ​តុលាការ​ធម្មនុញ្ញ បាន​សម្រេច​ជា​ឯកច្ឆន្ទ​ដោយ​ការ​តម្កល់​ទុក​ជា​បានការ​នូវ​សេចក្ដី​សម្រេច​ប្ដឹង​ដក​តំណែង​លោក Yoon ដោយ​សភា​ជាតិ។ តែ​នៅ​ពេលនេះ នាយករដ្ឋមន្ត្រី Han Duck-soo នឹង​ត្រូវ​បន្ត​កាន់​តំណែង​ជា​ប្រធានាធិបតី​ស្ដីទី​រហូត​ដល់​ប្រធានាធិបតី​ថ្មី​ត្រូវ​បាន​ជ្រើសរើស​នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​រយៈពេល ៦០​ថ្ងៃ ឬ​អាច​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ដំបូង​នៃ​ខែ​មិថុនា ខាងមុខ​នេះ។

តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង ដែល​បាន​វិនិច្ឆ័យ​សម្រេច​លើ​ការ​ប្ដឹង​របស់​សភា​ដែល​បាន​បោះឆ្នោត​ដក​តំណែង​ប្រធានាធិបតី​ពី​លោក Yoon បាន​ធ្វើ​ឱ្យ​លោក Yoon ក្លាយ​ជា​ប្រធានាធិបតី​ទី​២ នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង ត្រូវ​បាន​ទម្លាក់​ចេញពី​តំណែង បន្ទាប់ពី​អ្នកស្រី Park Geun-hye ដែល​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ទម្លាក់​ចេញពី​តំណែង​នៅ​ខែ​មីនា ឆ្នាំ​២០១៧។

នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង នា​ពេលនេះ ត្រូវ​គេ​មើល​ឃើញ​ថា​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​បក្ស​ប្រឆាំង​ដ៏​សំខាន់​មួយ គឺ​លោក Lee Jae-myung កំពុង​មាន​ប្រជាប្រិយភាព​នាំ​មុខ​គេ​ក្នុង​ការ​ស្ទង់មតិ។

យ៉ាងណា លោក Lee ដែល​មាន​សំឡេង​គាំទ្រ​ច្រើន​ជាង​បក្ស​របស់​លោក Yoon នៅ​ក្នុង​ការ​ស្ទង់មតិ​នេះ គេ​មិន​ទាន់​ប្រាកដ​ថា​លោក​នឹង​ឈ្នះ​ឆ្នោត​ប្រធានាធិបតី​នោះ​ទេ ព្រោះ​មាន​គម្លាត​នៃ​ការ​គាំទ្រ​ត្រឹម ៦​ពិន្ទុ​ប៉ុណ្ណោះ​រវាង​គណបក្ស​របស់​លោក និង​គណបក្ស​អំណាច​ប្រជាជន​របស់​លោក Yoon។

លោក Yoon ត្រូវ​បាន​សភា​គ្រប់គ្រង​ដោយ​ក្រុម​គណបក្ស​ប្រឆាំង ព្យួរ​តំណែង​កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ជុំវិញ​ការ​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​កាលពី​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០២៤ ក៏​កំពុង​ប្រឈមមុខ​នឹង​ការ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​ក្រោម​បទ​ចោទប្រកាន់​បះបោរ​ផង​ដែរ។

ក្នុង​សំណុំរឿង​នេះ ប្រសិនបើ​តុលាការ​រក​ឃើញ​ទោស​កំហុស លោក Yoon ពិត​ជា​មាន​ពិរុទ្ធ​លើ​បទ​ចោទ​បះបោរ ដែល​នាំ​លោក​អាច​ប្រឈមមុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ឬ​ប្រហារ​ជីវិត។

បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ​សម្រេច​បញ្ចប់​មុខតំណែង​ប្រធានាធិបតី Yoon នៅ​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៥ ប្រធានាធិបតី​ស្តីទី លោក Han Duck-soo បាន​ប្រកាស​ថា រដ្ឋាភិបាល​នឹង​គោរព​សេចក្តី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ ដោយ​សន្យា​រក្សា​ស្ថិរភាព​នយោបាយ និង​ជម្នះ​លើ​ការ​បែកបាក់​ផ្នែក​នយោបាយ​ដោយ​រៀបចំ​ការ​បោះឆ្នោត​ស្រប​តាម​រដ្ឋធម្មនុញ្ញ។

លោក​ប្រធានាធិបតី​ស្តីទី​រូប​នេះ បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា លោក​នឹង​ធ្វើការ​ដើម្បី​គ្រប់គ្រង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឈាន​ទៅ​ដល់​ការ​បង្កើត​រដ្ឋបាល​ថ្មី​ជំនួស​រដ្ឋាភិបាល​អន្តរកាល​របស់​លោក។

តាម​ច្បាប់​កូរ៉េខាងត្បូង ត្រូវតែ​រៀបចំ​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​រយៈពេល ៦០​ថ្ងៃ ប្រសិនបើ​ប្រធានាធិបតី​ត្រូវ​បាន​ដក​ចេញ​ដោយ​តុលាការ​ធម្មនុញ្ញ ឬ​ក្នុង​ករណី​មរណភាព។

ប្រធានាធិបតី​ស្តីទី លោក Han Duck-soo បាន​និយាយ​ថា តុលាការ​ធម្មនុញ្ញ​បាន​បញ្ជាក់​ពី​សាលក្រម​របស់​ខ្លួន​លើ​ករណី​ចោទប្រកាន់​លោក Yoon ដែល​ជា​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ប្រមុខរដ្ឋ​កំពុង​កាន់​អំណាច​ត្រូវ​បាន​ចោទប្រកាន់​ជា​លើក​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កូរ៉េខាងត្បូង។

លោក Han ក៏​បាន​សន្យា​ថា​នឹង​ធានា​ការ​ត្រៀម​ខ្លួន​ក្នុង​សន្តិសុខ​ជាតិ និង​សុវត្ថិភាព​សាធារណៈ មុន​ពេល​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​ចូល​កាន់​តួនាទី​របស់​ខ្លួន​តាមរយៈ​ការ​បោះឆ្នោត។ ក្នុង​អន្តរកាល ៦០​ថ្ងៃ​ចាប់ពី​ពេលនេះ លោក​ប្រធានាធិបតី​ស្ដីទី Han ក៏​បាន​ជំរុញ​ឱ្យ​ក្រសួង និង​ស្ថាប័ន​នានា​រក្សា​អព្យាក្រឹត​នយោបាយ និង​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ប្រកប​ដោយ​ភាព​សេរី និង​ត្រឹមត្រូវ​គ្មាន​ហិង្សា។

ចាប់តាំងពី​ឡើង​កាន់​អំណាច​ប្រធានាធិបតី​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២២ លោក Yoon Suk Yeol បាន​គូសវាស​ផែនទី​កំណែ​ទម្រង់​ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​បុគ្គលិក​ពេទ្យ និង​ការ​ធ្លាក់​ចុះ​ប្រាក់​សោធន​និវត្តន៍ វិបត្តិ​ទីផ្សារ​ការងារ និង​វិស័យ​ការពារ​ជាតិ ដោយ​ចាប់​យក​វិធាន​ឆ្លើយតប​ជាបន្ទាន់​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​ប្រទេស​កូរ៉េខាងជើង។

ការ​ដាក់​ប្រទេស​ស្ថិត​ក្រោម​ច្បាប់​អាជ្ញាសឹក ត្រូវ​គេ​មើល​ឃើញ​ក្រោយពី​លោក Yoon ចោទប្រកាន់​បក្ស​ប្រឆាំង​ថា​ជា​ក្រុម​ប្រឆាំង​រដ្ឋ​ដែល​លួច​គាំទ្រ​កូរ៉េខាងជើង។ ក្នុង​សំណុំរឿង​នេះ​ហើយ​ដែល​នាំ​ឱ្យ​សមាជិក​សភា​បក្ស​ប្រឆាំង​រក​កម្លាំង​រួម​គ្នា​អនុម័ត​ព្យួរ​តំណែង​ប្រធានាធិបតី​ពី​លោក Yoon ហើយ​ប្ដឹង​ទៅ​តុលាការ​ធម្មនុញ្ញ​ឱ្យ​ចាប់​កំហុស​ដាក់​ទោស​លោក Yoon ពី​បទ​បង្ក​អសន្តិសុខ ធ្វើ​ឱ្យ​ចលាចល​សង្គម និង​ពី​បទ​បះបោរ។

នៅ​ពេល​តុលាការ​ធម្មនុញ្ញ​សម្រេច​វិនិច្ឆ័យ​ដកហូត​តំណែង​ប្រធានាធិបតី​ពី​លោក Yoon ជា​ផ្លូវការ​នៅ​ថ្ងៃទី​៤ មេសា នេះ គេ​សង្កេត​ឃើញ​សង្គម​កូរ៉េខាងត្បូង បែក​គ្នា​ជា​ពីរ​ក្រុម គឺ​ក្រុម​គាំទ្រ​សាលក្រម​តុលាការ​ធម្មនុញ្ញ ជា​ក្រុម​ប្រឆាំង​លោក Yoon និង​ក្រុម​មិន​គាំទ្រ។ ក្រុម​គាំទ្រ​សម្ដែង​ការ​សាទរ​រីករាយ​ដែល​លោក Yoon អស់​សិទិ្ធ​ជា​ប្រធានាធិបតី និង​មួយ​ក្រុម​ទៀត​ជា​ក្រុម​គាំទ្រ​លោក Yoon។ ក្រុម​នេះ​សម្ដែង​ការ​ខកចិត្ត​សម្រក់​ទឹកភ្នែក​ស្ដាយ​ស្រណោះ​លោក Yoon ដែល​លែង​បាន​ដឹកនាំ​ប្រទេស​កូរ៉េខាងត្បូង ចេញ​មុខ​ខ្លាំង​ប្រឆាំង​រដ្ឋ​កុម្មុយនីស្ត​ផ្ដាច់ការ​កូរ៉េខាងជើង ដែល​ដឹកនាំ​ដោយ​ត្រកូល​សន្តតិវង្ស គីម អ៊ីលស៊ុង៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស