32.1 C
Phnom Penh

កូរ៉េខាងត្បូង​កំពុង​ធ្លាក់​ក្នុង​ភាព​ស្រពិចស្រពិល​នៃ​ការ​អនុវត្ត​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតី​ព្យួរ​តំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​ធ្នូ តុលាការ​មួយ​នៃ​តំបន់​រដ្ឋធានី​សេអ៊ូល នៃ​ប្រទេស​កូរ៉េខាងត្បូង បាន​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតី​ព្យួរ​តំណែង លោក Yoon Suk Yeol ដែល​ប្រឈមមុខ​នឹង​ការ​ចោទប្រកាន់​ពី​បទ​បះបោរ​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ច្បាប់​អាជ្ញាសឹក​ទាំង​តក់ក្រហល់។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​ប្រទេស​កូរ៉េខាងត្បូង តុលាការ​ជាន់​ទាប​មួយ​នៅ​ខាងលិច​រដ្ឋធានី​សេអ៊ូល បាន​ចេញ​ដីកា​នេះ​នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែ​ធ្នូ ដែល​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​តុលាការ​ធ្វើ​ទៅ​លើ​លោក Yoon Suk Yeol ប្រធានាធិបតី​កូរ៉េខាងត្បូង ដែល​កំពុង​មាន​រឿងអាស្រូវ​ថ្នាក់​ជាតិ​ខ្ពស់​បំផុត​ដោយ ប្រឈមមុខ​នឹង​ការ​ចាប់​ខ្លួន។

លោក Yoon Suk Yeol ត្រូវ​បាន​ព្យួរ​អំណាច​ប្រធានាធិបតី​ដោយ​សមាជិក​សភា។

បន្ថែម​ពី​លើ​ការ​ចោទប្រកាន់​នេះ លោក Yoon Suk Yeol កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ពី​បទ​បះបោរ និង​ការ​រំលោភ​បំពាន​អំណាច ដែល​ការ​ចោទប្រកាន់​នេះ​ដោយ​ក្រុម​ស៊ើបអង្កេត​ពិសេស​មួយ​របស់​ប្រទេស​សាធារណរដ្ឋ​មួយ​នេះ។

ទោះជា​បែប​នេះ​ក្ដី លោក Yoon Suk Yeol មិន​ព្រម​គោរព​តាម​ដីកា​កោះហៅ​ឱ្យ​ចូល​ខ្លួន​ចំនួន ៣​លើក​រួច​មក​ហើយ ដើម្បី​បង្ហាញ​ខ្លួន​ក្នុង​ការ​សាកសួរ​ពាក់ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត ដែល​នាំ​ឱ្យ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​នៅ​ថ្ងៃ​នេះ។

ទីភ្នាក់ងារ​សារព័ត៌មាន Yonhap បាន​រាយការណ៍​ថា ប្រសិនបើ​ចាប់​ខ្លួន​លោក Yoon Suk Yeol អាជ្ញាធរ​នឹង​មាន​ពេល ៤៨​ម៉ោង​ដើម្បី​សម្រេច​ថា​តើ​ត្រូវ​ដាក់​លោក Yoon Suk Yeol ក្នុង​ការ​ឃុំ​ខ្លួន ឬ​ត្រូវ​ដោះលែង។

ប៉ុន្តែ​សំណុំរឿង​នេះ​កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​ខាង​នីតិវិធី​ច្បាប់ ដែល​ក្រុម​មេធាវី​លោក Yoon Suk Yeol មិន​មើល​ឃើញ​ពី​ភាព​ស្រប​ច្បាប់​នោះ​ទេ​ចំពោះ​ការ​ចេញ​ដីកា​ឃុំ​ខ្លួន​កូនក្ដី​របស់​ខ្លួន។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ក្រុម​មេធាវី​របស់​លោក Yoon Suk Yeol បាន​ហៅ​ដីកា​នេះ​ថា ទង្វើ «ខុស​ច្បាប់» ដោយ​ពន្យល់​ថា ដីកា​នេះ​ជា​ការ​បំពាន​នឹង​អំណាច​របស់​តុលាការ​ធម្មនុញ្ញ ព្រោះ​ករណី​លោក Yoon Suk Yeol ត្រូវ​ឆ្លងកាត់​តុលាការ​កំពូល​នេះ​ជា​មុន​សិន ថា​តើ​លោក Yoon Suk Yeol មាន​កំហុស​ត្រូវ​ប្រឈមមុខ​ច្បាប់​ឬ​ទេ។

ក្រុម​មេធាវី​ការពារ​ក្ដី​លោក Yoon Suk Yeol បាន​ច្រានចោល​មិន​សហការ​ជាមួយ​នឹង​ក្រុម​ស៊ើបអង្កេត និង​សមត្ថកិច្ច​តុលាការ​នោះ​ទេ ដោយ​លើក​ហេតុផល​ថា ការ​កាត់ក្តី​ចោទប្រកាន់​លោក Yoon Suk Yeol ត្រូវ​ផ្អែកលើ​ដំណើរការ​ព្រហ្មទណ្ឌ​ណា​មួយ ក្រោយពី​តុលាការ​ធម្មនុញ្ញ​សម្រេច​សេចក្ដី​ករណី​លោក Yoon Suk Yeol ថា​តើ​មាន​កំហុស​ឬ​ទេ​តាម​ការ​ចោទ​ពី​សមាជិក​សភា​ដែល​បាន​ព្យួរ​បុព្វសិទ្ធិ​របស់​លោក​ជា​ប្រធានាធិបតី។

ទោះជា​យ៉ាងណាក្ដី ដីកា​ចាប់​ខ្លួន​លោក Yoon Suk Yeol មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ ប៉ុន្តែ​គេ​មិន​ដឹង​ច្បាស់​ថា​តើ​ការ​ប៉ុនប៉ង​ចាប់​ខ្លួន នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ណា ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​រឹងមាំ​យ៉ាងណា​ក្នុង​ការ​អនុវត្ត​ដីកា​នេះ។

នៅ​ខណៈ​នេះ ប្រជាជន​ជាច្រើន​ពាន់​នាក់​ដែល​គាំទ្រ​លោក Suk Yeol និង​ក្រុម​សន្តិសុខ​ប្រធានាធិបតី បាន​រាំង​ខ្ទប់​សមត្ថកិច្ច​របស់​តុលាការ និង​ក្រុម​ស៊ើបអង្កេត​មិន​ឱ្យ​ចូល​ទៅ​ក្នុង​បរិវេណ​ការិយាល័យ​ប្រធានាធិបតី ឬ​លំនៅឋាន​រដ្ឋ​នៃ​វិមាន​ប្រធានាធិបតី​ដែល​ជា​ការ​ប្រឆាំង​នឹង​កម្លាំង​អនុវត្ត​ដីកា​ចាប់​ខ្លួន​របស់​តុលាការ។ តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ សម្ពាធ​នយោបាយ​ចេញពី​បក្ស​ប្រឆាំង កំពុងតែ​បង្កើន​លើ​លោក Suk Yeol ឱ្យ​គោរព​ច្បាប់ និង​អំណាច​របស់​តុលាការ។

នៅ​ក្នុង​វិចារណកថា​មួយ​របស់​កាសែត Chosun Ilbo ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​អ្នកកាសែត​អភិរក្ស​និយម​ដ៏​មាន​ឥទ្ធិពល បាន​វាយ​ចំអក​លោក Suk Yeol ដែល​ថា​មិន​មាន​មធ្យោបាយ​ផ្លូវច្បាប់​ណា​ផ្ដល់​សិទ្ធិ​ជន​ត្រូវ​ចោទ រារាំង​ការ​អនុវត្ត​ដីកា​ចាប់​ខ្លួន​នោះ​ទេ។ កាសែត Chosun Ilbo បាន​ប្រាប់​លោក Suk Yeol ថា ត្រូវ​ប្រកាន់​នូវ​សេចក្តី​ថ្លៃថ្នូរ ជាជាង​ប្រឈមមុខ​នឹង​ទោស​ប្រហារ​ជីវិត​ព្រោះតែ​បំពាន​ច្បាប់។

តាម​ច្បាប់​នៃ​ប្រទេស​កូរ៉េខាងត្បូង ប្រធានាធិបតី​ប្រទេស​នេះ​មាន​អភ័យ​ឯកសិទ្ធិ​ពី​ការ​កាត់ទោស​នៅ​ពេល​កំពុង​កាន់​តំណែង លើកលែងតែ​ករណី​ដែល​ពាក់ព័ន្ធ​នឹង​ការ​បះបោរ ឬ​អំពើ​ក្បត់​ជាតិ។

លោក Suk Yeol បាន​ប្រកាស​ច្បាប់​អាជ្ញាសឹក​នៅ​ថ្ងៃទី​៣ ខែ​ធ្នូ ដែល​ជា​អំណាច​របស់​ប្រធានាធិបតី ត្រូវ​មើល​ឃើញ​ថា​ជា​លើកដំបូង​ចាប់តាំងពី​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​ដ៏​រឹងមាំ​មួយ​ធ្លាប់​ដាក់​ប្រទេស​ក្នុង​ច្បាប់​អាជ្ញាសឹក​ម្ដង​កាលពី​ក្នុង​ទសវត្សរ៍​១៩៨០។

ប៉ុន្តែ​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង បាន​ចោទប្រកាន់​លោក Suk Yeol ពី​ការ​ប៉ុនប៉ង​ស្ដារ​ឡើងវិញ​នូវ​របប​ផ្ដាច់ការ​យោធា​នៅ​កូរ៉េខាងត្បូង ដោយ​ទាមទារ​ថា ចាំបាច់​ត្រូវ​ដក​លោក Suk Yeol ចេញពី​តំណែង​ជា​ផ្លូវការ​ឱ្យ​បាន។

ទោះជា​យ៉ាងណា ផ្លូវ​ឆ្ពោះ​ទៅ​មុខ​នៅតែ​មិន​ប្រាកដប្រជា​ក្នុង​ការ​អនុវត្ត​ដីកា​ចាប់​ខ្លួន​លោក Suk Yeol ខណៈ​តុលាការ​ធម្មនុញ្ញ​មាន​ពេល ១៨០​ថ្ងៃ​ដើម្បី​សម្រេច​លើ​ការ​ដក​តំណែង​ប្រធានាធិបតី​ជា​ផ្លូវការ​ពី​លោក Suk Yeol ស្រប​ពេល​តុលាការ​ធម្មនុញ្ញ​ពុំ​មាន​ចៅក្រម​គ្រប់ ៩​រូប​នោះ​ទេ ដែល​សំណួរ​សួរ​ថា តើ​ចៅក្រម ៥​រូប​អាច​សម្រេច​អ្វី​បាន​ចំពោះ​ការ​វិនិច្ឆ័យ​ទោស​លោក Suk Yeol ទៅ​តាម​ការ​ចោទ​របស់​សមាជិក​សភា។

កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​តែងតាំង​ចៅក្រម​ថ្មី ៤​រូប​សម្រាប់​តុលាការ​រដ្ឋធម្មនុញ្ញ បាន​ជាប់​គាំង ព្រោះ​ប្រធានាធិបតី​ស្តីទី​មិន​ព្រម​អនុម័ត ដែល​នាំ​ឱ្យ​តុលាការ​រដ្ឋធម្មនុញ្ញ​ត្រូវ​ទុក​ពេល​ទៅ​មុខ​ទៀត​ចំពោះ​សំណុំរឿង​លោក Yoon Suk Yeol៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស