ទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង KPNA ប្រកាសវិធានការបន្ទាន់កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ថា ខ្លួននឹងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកូរ៉េ ចំនួន ៦៣នាក់ដែលកំពុងជាប់ឃុំនៅកម្ពុជា ឱ្យអស់ក្នុងរយៈពេល ១ខែ ដើម្បីការពារពលរដ្ឋកូរ៉េ ក្រោយពីទទួលបានដីការបស់ប៉ូលិសអន្តរជាតិអាំងទែរប៉ូល (Interpol)។
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង The Chosun Daily បានឲ្យដឹងថា ទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង KPNA កំពុងឆ្លើយតបទៅនឹងការកើនឡើងនៃសកម្មភាពឧក្រិដ្ឋកម្មដែលផ្ដោតលើជនជាតិកូរ៉េខាងត្បូង តាមរយៈការបោកប្រាស់ផ្តល់ការងារក្លែងក្លាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងកម្មវិធីដូចជា Telegram តាមរយៈការសន្យាទទួលបានការងារនៅក្រៅប្រទេសជាមួយនឹងប្រាក់ខែខ្ពស់ តែពួកគេត្រូវបានទាញទម្លាក់ជាជនរងគ្រោះឲ្យចូលក្នុងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ។
ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បានប្រាប់អ្នកកាសែតថា មានពលរដ្ឋកូរ៉េខាងត្បូង យ៉ាងហោចណាស់ចំនួន ១ពាន់នាក់ដែលគេជឿថាកំពុងបម្រើការងារអនឡាញខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃទី១៤ ខែតុលា ក្រសួងការបរទេសកូរ៉េខាងត្បូង បានថ្លែងថា មានជនជាតិកូរ៉េ ចំនួន ៨០នាក់ ដែលត្រូវបានសន្មតជាជនរងគ្រោះក្នុងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ កំពុងបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា។
រដ្ឋាភិបាលកូរ៉េខាងត្បូង និងកម្ពុជា បានព្រមព្រៀងគ្នាបង្កើតក្រុមការងាររួមមួយដើម្បីស៊ើបអង្កេតដោះស្រាយឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនេះ។
ក្រសួងមហាផ្ទៃកម្ពុជា កាលពីថ្ងៃអង្គារ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការស៊ើបអង្កេតករណីឃាតកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង ស្របពេលដែលតុលាការខេត្តកំពត បានសម្រេចចោទប្រកាន់ជនសង្ស័យ ៣នាក់ពីបទឃាតកម្មដោយអំពើឃោរឃៅ និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះរួចហើយ។
ក្រសួងមហាផ្ទៃ ក៏បានណែនាំឲ្យអគ្គស្នងការនគរបាលជាតិ កោះហៅតំណាងស្ថានទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា ឲ្យមកស្តាប់ការពន្យល់ផ្ទាល់ស្ដីពីបច្ចុប្បន្នភាពនៃរបាយការណ៍ក្នុងរឿងឃាតកម្មនេះ។
កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង YONHAP NEWS AGENCY បានរាយការណ៍ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យុង (Lee Jae Myung) បានបញ្ជាឱ្យក្រសួងការបរទេសកូរ៉េ ចាត់វិធានការការទូតគ្រប់សព្វបែបយ៉ាងឆ្លើយតបចំពោះឧក្រិដ្ឋកម្មដែលកើតឡើងជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា លើពលរដ្ឋកូរ៉េ កន្លងមក។
ពាក់ព័ន្ធនឹងបញ្ហានេះ សភាអាមេរិក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក៏បានចេញសេចក្តីស្នើជាច្បាប់លេខ H.R 5490 ដើម្បីបង្កើតក្រុមការងារចំពោះកិច្ចអន្តរក្រសួងមួយ បំណងបំបែកបណ្ដាញឧក្រិដ្ឋកម្មអន្តរជាតិឱ្យសាបសូន្យ ដែលកំពុងធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញយ៉ាងទូលំទូលាយនៅប្រទេសកម្ពុជា ដែលបានធ្វើសកម្មភាពឆបោកពលរដ្ឋអាមេរិកាំងកន្លងមក៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

