28 C
Phnom Penh

លោក ហ៊ុន សែន គំរាម​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​កម្ទេច​អ្នក​រំលោភ​រដ្ឋធម្មនុញ្ញ

បទវិភាគ

មេដឹកនាំ​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​នៅ​កម្ពុជា លោក ហ៊ុន សែន គំរាម​ថា ក្រុម​ណា​ក៏ដោយ​ដែល​ប៉ះពាល់​ដល់​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ កងកម្លាំង​ប្រដាប់​អាវុធ​មាន​តួនាទី​ចាំបាច់​ត្រូវតែ​កម្ទេច​ក្រុម​នោះ​ចោល​ជាបន្ទាន់ មិន​អាច​ពន្យារ​ពេល​ដាច់ខាត។

បុរស​ខ្លាំង​របស់​កម្ពុជា លោក ហ៊ុន សែន បាន​ព្រមាន​ធ្ងន់ៗ​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល និង​សាល​ប្រជុំ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១ ថា នរណា​ក៏ដោយ​ដែល​ហ៊ាន​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​តាម​គ្រប់​រូបភាព ដូចជា​ការ​ធ្វើ​បដិវត្ត​ពណ៌​តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ ជាដើម កម្លាំង​ប្រដាប់​អាវុធ​ត្រូវតែ​កម្ទេច​ចោល​ដោយ​គ្មាន​ករណី​លើកលែង​នោះ​ឡើយ។

លោក ហ៊ុន សែន បញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​បាន​ចែង​យ៉ាង​ច្បាស់​ថា នាយករដ្ឋមន្ត្រី​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បញ្ជា​កងទ័ព ដូច្នេះ​បើ​រូបលោក​នៅតែ​កាន់កាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក​នៅតែ​មាន​អំណាច​ស្រប​ច្បាប់​ដើម្បី​បញ្ជា​កងកម្លាំង​ប្រដាប់​អាវុធ ជាពិសេស​បញ្ជា​ឱ្យ​កម្ទេច​អ្នក​ដែល​រំលោភ​រដ្ឋធម្មនុញ្ញ​គ្រប់​វិធី​ទាំងអស់។

ការ​លើកឡើង​របស់​លោក ហ៊ុន សែន ហាក់​មិន​ឆ្លើយតប​ទៅ​នឹង​ស្ថានការណ៍​ជាក់ស្តែង​នៅ​កម្ពុជា​នោះ​ទេ ត្បិត​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា អ្នក​ដែល​មាន​អំណាច​រំលោភ​គ្រប់​បែប​យ៉ាង​នោះ គឺ​មាន​តែ​មេដឹកនាំ​បក្ស​កាន់​អំណាច​តែ​មួយ​គត់​នា​ពេល​កន្លងមក។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៩ ធ្នូ នេះ​ថា ការ​គំរាម​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ពី​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​នៅ​ថ្ងៃ​នេះ មិនមែន​សំដៅ​ដល់​បក្ស​ប្រឆាំង​នោះ​ទេ ប៉ុន្តែ​ជា​ការ​គំរាម​ផ្ទៃក្នុង​បក្ស​របស់​គាត់​តែម្តង ព្រោះ​គាត់​ខ្លាច​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ប្រើ​វិធី​ណា​មួយ​ដើម្បី​រារាំង​បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត ដែល​ជា​កូនប្រុស​ឡើង​តាម​ជើងខោ​របស់​គាត់​នោះ។

លោក ម៉ែន ណាត បញ្ជាក់​ថា ដើម្បី​លើក​ស្ទួយ​កូន​ខ្លួនឯង​ឱ្យ​កាន់កាប់​អំណាច​បន្ត​ពី​ខ្លួន លោក ហ៊ុន សែន បាន​គំរាម​ផ្ទៃក្នុង​បក្ស​ខ្លួនឯង​ផង អញ្ជើញ​មេដឹកនាំ​វៀតណាម ទៅ​ទទួលទាន​អាហារ​នៅ​ផ្ទះ​ខ្លួនឯង​ផង ប៉ុន្តែ​ការ​គំរាម​អ្នក​ដទៃ​បែប​នេះ គឺ​កំពុងតែ​រុញច្រាន​កូន​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ធ្លាក់​ជ្រោះ​នយោបាយ​របស់​គាត់​កាន់តែ​ជ្រៅ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា អ្នក​ដែល​មិន​ពេញចិត្ត​នូវ​ការ​គំរាម​នេះ មិនមែន​អ្នក​ខាងក្រៅ​បក្ស​កាន់​អំណាច​នោះ​ទេ គឺ​សមាជិក​ក្នុង​បក្ស​របស់​គាត់​ផ្ទាល់​តែម្តង ដូច្នេះ​ការ​គំរាម​នេះ​ជា​សញ្ញា​បង្ហាញ​ឱ្យ​ឃើញ​ផង​ដែរ​ថា បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​អនាគត​របស់​លោក ហ៊ុន ម៉ាណែត នៅ​មាន​ការ​គាំទ្រ​តិចតួច​នៅឡើយ​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ចេញ​មក​គំរាម​ច្រើនលើក​ច្រើនសា​បែប​នេះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ​រូប​នេះ​អះអាង​ថា ការ​យក​ធម្មនុញ្ញ​មក​សង្កត់​អ្នក​ដទៃ ដើម្បី​ឱ្យ​គាំទ្រ​កូន​ខ្លួនឯង​បែប​នេះ គឺជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ​ទៅវិញ។ ជាង​នេះ​ទៀត អ្នក​ដែល​រំលោភ​រដ្ឋធម្មនុញ្ញ​កន្លងមក ក៏​គ្មាន​នរណា​ផ្សេង​ក្រៅពី​លោក ហ៊ុន សែន ខ្លួនឯង​ផ្ទាល់​តែម្តង ហើយ​ជា​ការ​រំលោភ​អចិន្ត្រៃយ៍​ថែមទៀត។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន រំលោភ​បំពាន​ជា​ញឹកញាប់​តាំងពី​ឆ្នាំ​១៩៩៤ មក ក្នុង​នោះ​ឆ្នាំ​២០០៥ លោក ហ៊ុន សែន បាន​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ការ​កែប្រែ​មាត្រា​២ ដែល​បាន​ចែង​ពី​ការ​ប្រើប្រាស់​ផែនទី​បោន​ខ្នាត ១/១០០.០០០ ទៅជា​ផែនទី​ខុសច្បាប់​ថ្មី​ខ្នាត ១/២៥.០០០ តាម​ការ​ចង់​បាន​របស់​វៀតណាម។

បន្ថែម​ពី​នេះ មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​ពី​ការ​លុប​កិច្ចព្រមព្រៀង​ខុសច្បាប់​នានា​ជាមួយ​បរទេស​ជិតខាង ក៏​ត្រូវ​លោក ហ៊ុន សែន រំលោភ​បំពាន​ថែមទៀត ដោយ​ការ​បង្កើត​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដើម្បី​ធានា​សុពលភាព​កិច្ចព្រមព្រៀង​ខុសច្បាប់​នានា​ដែល​គាត់​បាន​ចុះហត្ថលេខា​កាត់​ទឹកដី​ឱ្យ​ប្រទេស​វៀតណាម តាំងពី​អំឡុង​ទសវត្ស​ឆ្នាំ​៨០ មក។

រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រូវ​បាន​រំលោភ​បំពាន​ដើម្បី​កែប្រែ​ខ្លឹមសារ​ដើម​នូវ​មាត្រា​មួយ​ចំនួន​ជាច្រើន​លើក​ច្រើនសា​ដោយ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ដើម្បី​ឱ្យ​បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​អាច​ក្តោប​ក្តាប់​អំណាច​បាន​ពេញ​ដៃ និង​បន្ត​អំណាច​នេះ​ទៅ​កូន​ខ្លួនឯង​ថែមទៀត៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស