30.7 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ទាមទារ​ឱ្យ​លោក សម រង្ស៊ី ជ្រើស​បេក្ខជន​បន្ត​វេន​មក​ប្រកួត​ជាមួយ​នឹង​លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ទាមទារ​ឱ្យ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ជ្រើសរើស​បេក្ខជន​បន្ត​វេន​របស់​ក្រុម​ប្រឆាំង​ចេញ​មក​តទល់​ជាមួយ​នឹង​ខ្លួន ប្រសិនបើ​លោក សម រង្ស៊ី មិន​មាន​ភាព​ក្លាហាន​ចេញ​មក​ភ្នាល់​ជាមួយ​រូបលោក​ដោយ​ផ្ទាល់​ទេ​នោះ។

បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ធ្នូ នេះ​ថា បន្ទាប់ពី​លោក​បបួល​លោក សម រង្ស៊ី ភ្នាល់​គ្នា​លើ​ការ​ចោទប្រកាន់​សញ្ញាបត្រ​របស់​លោក​ថា​ជា​សញ្ញាបត្រ​ក្រោម​ស្តង់ដារ​នោះ អតីត​មេ​បក្ស​ប្រឆាំង​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​រហូត ប៉ុន្តែ​ការ​មិន​ឆ្លើយឆ្លង​បែប​នេះ គឺជា​ចម្លើយ​មួយ​យ៉ាង​ច្បាស់​ថា លោក សម រង្ស៊ី មិន​មាន​ភាព​ក្លាហាន​ចេញ​មក​ភ្នាល់​ដើម្បី​ការពារ​អំណះអំណាង​របស់​គាត់​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត និយាយ​ថា លោក សម រង្ស៊ី មាន​អាយុ​ច្រើន​ហើយ ល្មម​ដល់​ពេល​សម្រាក និង​លះបង់​មហិច្ឆតា​ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី​របស់​គាត់​ហើយ ដើម្បី​ទុក​ឱកាស​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ជា​អ្នក​តស៊ូ​ជំនួស​ខ្លួន​ទៅ​ចុះ បើ​ជ្រុល​តែ​លោក សម រង្ស៊ី ខ្លួនឯង​មិន​មាន​ភាព​ក្លាហាន​ចេញ​មក​ប្រកួត​ជាមួយ​នឹង​លោក​ទៅ​ហើយ​នោះ។

ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ បន្ទាប់ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រិះគន់​កម្រិត​វប្បធម៌​របស់​លោក​ថា​ទទួល​បាន​សញ្ញាបត្រ​យោគយល់​ពី​សាលា​ដែល​លោក​បាន​រៀន​នៅ​ក្រៅ​ប្រទេស កាលពី​ពេល​ថ្មីៗ​នេះ។

កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៩ អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ធ្លាប់​បាន​ចោទ​ថា សញ្ញាបត្រ​របស់​លោក ហ៊ុន ម៉ាណែត ពី​សាលា​បណ្ឌិតសភា​យោធា​អាមេរិក (United States Military Academy ឬ​ហៅ​កាត់​ថា West Point) ជា​សញ្ញាបត្រ​កម្រិត​២ ដែល​ផ្ដល់​ឱ្យ​ជា​កិត្តិយស​សម្រាប់​និស្សិត​នាយ​ទាហាន​បរទេស​ដែល​រៀន​ក្រោម​ស្តង់ដារ​ប៉ុណ្ណោះ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣០ ធ្នូ នេះ​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ កាន់តែ​ខិត​ជិត​មក​ដល់​​​ហើយ ប៉ុន្តែ​អ្នក​នយោបាយ​ខ្មែរ​នៅ​មិន​ទាន់​មាន​គោលនយោបាយ​ប្រកួត​គ្នា ដើម្បី​កសាង​ជាតិ​ជូន​ពលរដ្ឋ​នៅឡើយ តែ​បែរជា​នាំគ្នា​ប្រកួត​រឿង​បុគ្គល​ផ្ទាល់ខ្លួន​ទៅវិញ ខណៈ​ខ្លួនឯង​គឺជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត​ទៅ​ហើយ​នោះ។

បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ថា ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ ពលរដ្ឋ​គ្រប់​និន្នាការ​ទាំងអស់​គួរ​រួបរួម​គ្នា​ជំរុញ​ឱ្យ​អ្នក​ដឹកនាំ​នយោបាយ​ប្រកួតប្រជែង​គ្នា ឬ​ភ្នាល់​គ្នា​លើ​គោលនយោបាយ ដើម្បី​ភាព​រីកចម្រើន​របស់​កម្ពុជា ជាជាង​ការ​ប្រកួត ឬ​ភ្នាល់​ល្បែង​ដែល​គ្រាន់​ជា​ការ​ចាញ់​ឈ្នះ ឬ​បង្ក​ជម្លោះ​ដូច​ដែល​កំពុង​កើតមាន​នៅ​ពេលនេះ។

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​អះអាង​ថា គោលនយោបាយ​ដែល​អ្នក​ដឹកនាំ​គណបក្ស​នីមួយៗ​គួរតែ​រៀបចំ​សម្រាប់​ប្រកួតប្រជែង ដូចជា​គោលនយោបាយ​អាច​ឱ្យ​កូន​ខ្មែរ​គ្រប់​រូប​មាន​ឱកាស​ទទួល​បាន​ការ​អប់រំ​ខ្ពស់ និង​មាន​ការងារ​ធ្វើ​គ្រប់​គ្នា កសិករ​មាន​ជីវភាព​ធូរធារ ចាស់ជរា​មាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល មាន​សេវា​សុខាភិបាល​សម្រាប់​ពលរដ្ឋ​គ្រប់​ទីកន្លែង និង​គោលនយោបាយ​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​ឱ្យ​បាន​គងវង់ ជាដើម។

ជុំវិញ​បញ្ហា​នេះ ក្រុម​ឃ្លាំមើល​សង្គម​លើកឡើង​ថា សង្គ្រាម​ប្រដាប់​អាវុធ​នៅ​កម្ពុជា​ទំនង​ជា​ត្រូវ​បញ្ចប់​ក៏​ពិត​មែន ប៉ុន្តែ​សង្គ្រាម​ថ្មី​កំពុងតែ​កើតឡើង​លើ​ពលរដ្ឋ​ខ្មែរ​យ៉ាង​ពិតប្រាកដ ដែល​បណ្តាល​មកពី​ឥស្សរជន​នយោបាយ​ជាន់ខ្ពស់​ដែល​ពួកគេ​ព្យាយាម​យក​ឈ្នះ​ចាញ់​គ្នា​គ្រប់​រូបភាព ដោយ​មិន​បាន​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រទេស​ជាតិ និង​ពលរដ្ឋ​ខ្លួនឯង​ទាល់តែសោះ។

ក្រុម​អ្នក​រិះគន់​និយាយ​ថា ល្បែង​ភ្នាល់​របស់​អ្នក​នយោបាយ​ដើម្បី​យក​ឈ្នះ​គ្នា​នោះ មិន​បាន​ជួយ​អ្វី​បន្តិច​សោះ​ដល់​ជាតិ និង​ប្រជាជន​ខ្មែរ ជាពិសេស​ការ​គោរព​សិទ្ធិមនុស្ស​កាន់តែ​ធ្លាក់​ដុនដាប​ទៅៗ ប្រព័ន្ធ​ប្រជាធិបតេយ្យ​ក៏​ប្រឈម​នឹង​ការ​រំលោភ​ពី​អ្នក​មាន​អំណាច​ឥត​ឈប់ឈរ។ ចំណែក​ពលរដ្ឋ​ត្រូវ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច ដែល​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ជា​ប្រចាំ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស