34.8 C
Phnom Penh

លោក ហ៊ុន សែន ស្នើ​ប្រេសិត​ពិសេស​ថ្មី UN ធ្វើ​កិច្ចការ​ជាមួយ​ប្រេសិត​ពិសេស​អាស៊ាន ដើម្បី​ដោះស្រាយ​វិបត្តិ​ភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឱ្យ​ប្រេសិត​ពិសេស​ថ្មី​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​កិច្ចការ​ភូមា អ្នកស្រី ណូលីន ហេយហ្សឺ (Noeleen Hayzer) ធ្វើ​កិច្ចការ​ដោយ​ផ្ទាល់​ជាមួយ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ភូមា។

លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​ភូមា កាលពី​ពេល​ថ្មីៗ​នេះ គឺ​មិន​ចេញ​ឆ្ងាយ​ពី​ធម្មនុញ្ញ​អាស៊ាន​ឡើយ ហើយ​ក៏​មិន​ឃ្លាត​ឆ្ងាយ​ពី​គោលការណ៍​ដែល​អាស៊ាន​ទាំង ១០​ប្រទេស​បាន​ឯកភាព​គ្នា​ទាំង ៥​ចំណុច​កាលពី​ពេល​កន្លងទៅ​នោះ​ដែរ។

លោក​អះអាង​ថា គោលដៅ​សំខាន់​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នោះ គឺ​ចង់​រក​មធ្យោបាយ​ដើម្បី​បញ្ចប់​អំពើ​ហិង្សា និង​បញ្ចប់​បទ​ឈប់​បាញ់​ដែល​ជា​កត្តា​សំខាន់ ស្ថិត​នៅ​ក្នុង​ចំណុច​កុងសង់ស៊ីស​ទាំង​៥ របស់​អាស៊ាន ហើយ​ជាង​នេះ​ទៀត ក៏​ដើម្បី​រក​វិធី​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​ភូមា​ដែល​កំពុង​តែ​ត្រូវការ​យ៉ាង​ចាំបាច់​នៅ​ពេលនេះ​ផង​ដែរ។

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ថា វិបត្តិ​របស់​អាស៊ាន​មិន​អាច​បន្ត​ជាប់​គាំង​ដូច​សព្វថ្ងៃ​នេះ​ទៀត​ទេ ដូច្នេះ​អាស៊ាន​ត្រូវតែ​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នេះ ដើម្បី​ចាប់​យក​ឱកាស​ក្នុង​ការ​ចរចា។ លើស​ពី​នេះ កិច្ចការ​ផ្ទៃក្នុង​របស់​អាស៊ាន​ត្រូវតែ​មាន​ការ​ឯកភាព​គ្នា ដើម្បី​ធ្វើការ​ជាមួយ​គ្នា​បន្ត​ទៀត ក្នុង​នោះ​ដំណោះស្រាយ​ជា​អាទិភាព​ដែល​ត្រូវ​ធ្វើ​នោះ គឺ​ការ​ធានា​នូវ​បទ​ឈប់​បាញ់ និង​បញ្ចប់​អំពើ​ហិង្សា ព្រមទាំង​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​សម្រាប់​ភូមា ថែម​ទៀត។

នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន បាន​បើក​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​ប្រេសិត​ពិសេស​ថ្មី​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​កិច្ចការ​មីយ៉ាន់ម៉ា អ្នកស្រី ណូលីន ហេយហ្សឺ (Noeleen Hayzer) ក្នុង​នោះ​លោក ហ៊ុន សែន ស្នើ​ឱ្យ​អ្នកស្រី ណូលីន ហេយហ្សឺ ធ្វើ​កិច្ចការ​ដោយ​ផ្ទាល់​ជាមួយ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន ដើម្បី​រក​ដំណោះស្រាយ​វិបត្តិ​នៅ​ភូមា​ផង​ដែរ។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៣ មករា នេះ​ថា ការ​ស្នើ​ឱ្យ​មាន​ការ​ចូលរួម​ពី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ គឺជា​រឿង​វិជ្ជមាន​សម្រាប់​ការ​រក​ដំណោះស្រាយ​វិបត្តិ​នៅ​ភូមា។ លោក​ថា​ជាង​នេះ​ទៀត វិធានការ​ដែល​ចាំបាច់​នោះ កម្ពុជា​ត្រូវតែ​ជំរុញ​ឱ្យ​របប​សឹក​ភូមា អនុវត្ត​គោលការណ៍ ៥​ចំណុច​ឱ្យ​បាន។

លោក​បន្ត​ថា ការ​ធ្វើ​បែប​នេះ ទើប​អាច​ធានា​បាន​នូវ​ការ​ដោះស្រាយ​វិបត្តិ​របស់​ភូមា​ផង និង​មិន​ធ្វើ​ឱ្យ​ជះ​ឥទ្ធិពល​អាក្រក់​ទៅលើ​សមាគម​អាស៊ាន​ផង ហើយ​មិន​ត្រឹម​តែប៉ុណ្ណោះ ក៏​អាច​រក្សា​កិត្តិយស​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នេះ​ដែរ។

បណ្ឌិត សេក សុជាតិ អះអាង​ថា ប្រសិនបើ​កម្ពុជា​ចេញ​មុខ​ដោះស្រាយ​វិបត្តិ​ភូមា​តែ​ឯកឯង​ដោយ​គ្មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទេ នោះ​គឺជា​ការ​លំបាក និង​មាន​ភាព​ផុយ​ស្រួល​យ៉ាង​ខ្លាំង​ដែល​នឹង​ធ្វើ​ឱ្យ​សមាគម​អាស៊ាន​ជួប​នូវ​វិបត្តិ​បន្ថែម​ទៀត ដូច្នេះ​ការ​ជួយ​ជ្រោមជ្រែង​ពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន គឺជា​កត្តា​សំខាន់​ណាស់ ដើម្បី​ការពារ​មុខមាត់​កម្ពុជា​ផង និង​ការពារ​នូវ​ការ​ប្រេះឆា​សមាគម​អាស៊ាន​ផង​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា លោក ហ៊ុន សែន គ្មាន​ជម្រើស​ណា​ល្អ​ដើម្បី​ជួយ​ស្ដារ​មុខមាត់​មេដឹកនាំ​យោធា​ផ្ដាច់ការ​ភូមា​តាម​គ្រប់​វិធី​នោះ​ទេ ព្រោះ​ថា​ការ​ដួល​រលំ​របប​សឹក​ភូមា នឹង​ធ្វើ​ឱ្យ​មហាអំណាច​កុម្មុយនីស្ត​ចិន​ខាតបង់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដូច្នេះ​ក្នុង​នាម​លោក ហ៊ុន សែន ជា​កូនបំណុល​របស់​ចិន មាន​តែ​ទៅ​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា ដើម្បី​ការពារ​ផលប្រយោជន៍​ឱ្យ​ចិន ស្រប​ពេល​ដែល​ខ្លួន​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស