34 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ប្រទេស​សេរី​ចង់​ឃើញ​កម្ពុជា​សម្បទាន​នយោបាយ​និង​ដើរ​តាម​ផ្លូវ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា បាន​លើកឡើង​ថា ការ​ស្វះស្វែង​របស់​ប្រមុខ​ការទូត​ប្រទេស​លោកសេរី​នៅ​កម្ពុជា​ចូល​ជួប​សួរ​សុខទុក្ខ និង​ពិភាក្សា​ពី​ស្ថានភាព​នយោបាយ សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាមួយ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​នេះ គឺ​បង្ហាញ​ថា​ប្រទេស​លោកសេរី​បន្ត​ឆន្ទៈ​ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​ពិតប្រាកដ​មួយ​ឡើងវិញ។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ ថា​សកម្មភាព​ជួប​ជជែក​សួរ​សុខទុក្ខ​ជាមួយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ គឺជា​ការ​ពង្រឹង​ទំនាក់ទំនង​ការទូត ហើយ​ក៏​ជា​សញ្ញា​ប្រាប់​ទៅ​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ថា​មិន​នៅ​ឯកោ​ទេ ទោះ​សិទ្ធិ​ពួកគេ​កំពុង​រង​ការ​គំរាមកំហែង​ក៏ដោយ។

លោក សេក សុជាតិ បាន​លើកឡើង​ថា ទំនាក់ទំនង​នោះ​អាច​ជា​ការ​លើក​ទឹកចិត្ត​អ្នក​ប្រជាធិបតេយ្យ​អាច​ធ្វើ​កិច្ចការ​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​ជាង​បច្ចុប្បន្ន ហើយ​អាច​បន្ត​ឆន្ទៈ​យ៉ាង​ណា​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​ពិតប្រាកដ​មួយ​ឡើងវិញ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ក្រោយ​ពី​ជួប​សន្ទនា​អាហារ​ថ្ងៃ​ត្រង់​នៅ​ក្នុង​ស្ថានទូត​បារាំង ប្រចាំ​នៅ​រាជធានី​ភ្នំពេញ តាម​ការ​អញ្ជើញ​របស់​លោក Jacques PELLET ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​បារាំង ប្រចាំ​នៅ​កម្ពុជា ថា​ការ​ទទួលទាន​អាហារ​ពិភាក្សា​ការងារ​ពេលនេះ​មាន​សារសំខាន់​ណាស់។

លោក​ថា ជា​ការ​កត់សម្គាល់​តាមរយៈ​ការ​ពិភាក្សា​ក្នុង​ជំនួប​ជាបន្តបន្ទាប់​ជាមួយ​លោក គឺជា​តំណាង​ផ្លូវការ​នៃ​ប្រទេស​ដែល​ប្រកាន់​យក​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរីភាព​ជា​គុណតម្លៃ​ស្នូល​របស់​គេ ហើយ​គេ​នៅតែ​ចង់​ជួយ​ខ្មែរ​បន្ត​ទៀត​ស្រប​តាម​គុណតម្លៃ​ស្នូល​របស់​គេ។

នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា មាន​ដំណើរ​ទស្សនកិច្ច​របស់​តំណាង​ប្រទេស​លោកសេរី​សំខាន់ៗ​ជាច្រើន​មក​កម្ពុជា អាច​ជា​ការ​ជួយ​កាត់បន្ថយ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ខ្លះ​ដែរ។ អ្នកស្រី​ថា ពេលនេះ​គួរតែ​មាន​ការ​លះបង់​របស់​អ្នក​នយោបាយ ពិសេស​ពី​ភាគី​ពាក់ព័ន្ធ ដោយ​បង្កើត​វប្បធម៌​នយោបាយ​មួយ​មិន​យក​គូប្រជែង​ជា​សត្រូវ​ស្លាប់​រស់ ហើយ​គួរតែ​មាន​ការ​កសាង​វប្បធម៌​ថ្មី គឺ​វប្បធម៌​ជាតិ​និយម​តែ​មួយ។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​យប់​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​គេហដ្ឋាន​របស់​លោក ស្ថិតនៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដោយ​អាជ្ញាធរ​ចោទ​ថា​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ «ក្បត់​ជាតិ» ឃុបឃិត​ជាមួយ​បរទេស​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល។

លោក កឹម សុខា ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ រយៈពេល​ជាង ១​ឆ្នាំ ទើប​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ។ លោក​ត្រូវ​បាន​តុលាការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ទាំងស្រុង​ជាង ៤​ឆ្នាំ​មក​ហើយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស