មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានចាត់ទុកការរំដោះប្រជាពលរដ្ឋខ្មែរចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីសំណាក់កងទ័ពវៀតណាម គឺជាកិច្ចការមនុស្សធម៌ដ៏ធំធេងនៅលើពិភពលោក ហើយជាងនេះទៀត រូបលោកផ្ទាល់ក៏មិនមែនជាមេដឹកនាំដែលវៀតណាមលើកបន្តុបដែរ។
អតីតកម្មាភិបាលមេបញ្ជាការយោធាខ្មែរក្រហម លោក ហ៊ុន សែន បានអះអាងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នេះថា កងទ័ពវៀតណាមចូលមកកម្ពុជា មិនមែនមកដេកសោយសុខក្នុងម៉ាស៊ីនត្រជាក់នោះទេ គឺពួកគេបានលះបង់ជីវិតសាច់ស្រស់ឈាមស្រស់ច្រើនណាស់ ដើម្បីសង្គ្រោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនោះគឺជាកាតព្វកិច្ចរបស់ពួកគេដើម្បីកិច្ចការមនុស្សធម៌នេះ។ នេះជាទ្រឹស្ដីអន្តរជាតិនិយមក្នុងមនោគមវិជ្ជាសង្គមនិយមផ្តើមពីទស្សនវិទូ សកម្មជនបដិវត្តន៍កាល់ម៉ាក្ស ក្នុងឆ្នាំ១៨៦៤។
បុរសខ្លាំងដើរបញ្ច្រាសទិសនៅកម្ពុជា អះអាងថា រដ្ឋាភិបាលវៀតណាមបានជួយចិញ្ចឹមកងទ័ពដែលលោកដឹកនាំរាប់ម៉ឺននាក់ និងជួយចិញ្ចឹមពលរដ្ឋខ្មែររាប់សែននាក់ដែលរត់ភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីគេចពីការកាប់សម្លាប់របស់របបខ្មែរក្រហម និងដើម្បីឱ្យពលរដ្ឋខ្មែរទាំងនោះអាចមានជីវិតរស់រានរហូតដល់សព្វថ្ងៃនេះ។
មេដឹកនាំខ្មែរដែលឧស្សាហ៍គំរាមសម្លាប់គូប្រជែងរបស់ខ្លួន លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមិនដែលបំភ្លេចគុណវៀតណាមទេ ក្នុងនោះ កម្ពុជាក៏បានសង់ស្តូបដើម្បីរំឭកគុណកងទ័ពវៀតណាមជាហូរហែនៅកម្ពុជាផងដែរ ដូច្នេះការរិះគន់លើកងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការចូលមករំដោះពលរដ្ឋកម្ពុជា ថាគ្រាន់តែជាទាហានស៊ីឈ្នួលនោះ គឺជាការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរលើកិច្ចការមនុស្សធម៌របស់វៀតណាម ដែលមិនអាចលើកលែងឱ្យបាន។
ការអះអាងនេះ ធ្វើឡើងក្នុងបំណងជំទាស់ទៅនឹងការរិះគន់ដែលលើកឡើងថា កងទ័ពវៀតណាមចូលមកកម្ពុជាដើម្បីរំដោះពលរដ្ឋខ្មែរចេញពីរបបខ្មែរក្រហម គ្រាន់តែជាកងទ័ពស៊ីឈ្នួលរបស់របបកុម្មុយនីស្តសហភាពសូវៀតប៉ុណ្ណោះ។

អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ មករា នេះថា ការលើកឡើងរបស់លោក ហ៊ុន សែន មិនផ្ដោតលើគុណរបស់វៀតណាមនោះទេ ព្រោះលោក ហ៊ុន សែន ដឹងថានៅពេលគាត់កាន់តែរំឭកគុណរបស់វៀតណាម ធ្វើឲ្យប្រជាពលរដ្ឋខ្មែរកាន់តែស្អប់គាត់ថែមទៀត។ ប្រជាពលរដ្ឋខ្មែរជាទូទៅបានដឹងស្ទើរតែគ្រប់គ្នាទៅហើយថា វៀតណាមគឺមានបំណងឈ្លានពានទឹកដីខ្មែរតែប៉ុណ្ណោះ។
លោកបន្តថា ផែនការ «ក-៥» ដែលលោក ហ៊ុន សែន បានទទួលពីវៀតណាម ដើម្បីយកទៅអនុវត្តនៅកម្ពុជា បានសម្លាប់បុរសខ្មែរជាង ២០ម៉ឺននាក់ឯណោះ ដែលជាផែនការរបស់វៀតណាម ប៉ងលេបយកប្រទេសកម្ពុជាឥតឈប់ឈរ ហើយអ្នកដែលអាចជួយវៀតណាមដ៏មានប្រសិទ្ធភាពក្នុងការសម្រេចមហិច្ឆតានេះ គឺមានតែលោក ហ៊ុន សែន ម្នាក់គត់ដែលជាមនុស្សស័ក្ដិសមបំផុត។
អ្នកវិភាគរូបនេះអះអាងថា ការលើកឡើងរបស់លោក ហ៊ុន សែន នេះទំនងជាគាត់ព្យាយាមបំភ្លៃប្រវត្តិសាស្ត្រដើម្បីបង្កើតព្រឹត្តិការណ៍បិទបាំងបរាជ័យធំបច្ចុប្បន្នរបស់គាត់ប៉ុណ្ណោះ ដូចជាការបរាជ័យនៃដំណើរទស្សនកិច្ចរបស់គាត់ទៅប្រទេសភូមា កាលពីពេលថ្មីៗនេះ ជាដើម។ ជាងនេះទៀត ក៏ដើម្បីបិទបាំងការបរាជ័យដែលខកខានក្នុងការកោះប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន និងបរាជ័យចំពោះការដោះស្រាយកូដកម្មអតីតបុគ្គលណាហ្គាវើលដ៍ ហើយក៏អាចជាការព្រួយបារម្ភរបស់គាត់ខ្លាចបាត់បង់ឱកាសធ្វើសហប្រធានជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅខែកុម្ភៈ ខាងមុខនេះផងដែរ។
កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានអះអាងថា ជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បានជួយសង្គ្រោះប្រជាជនកម្ពុជាពីអំពើប្រល័យពូជសាសន៍ ដោយបានទទួលមកវិញនូវសិទ្ធិរស់រានមានជីវិត និងសិទ្ធិជាមនុស្ស គឺដោយសារបក្សកុម្មុយនីស្តវៀតណាម ជាមួយកងទ័ព និងប្រជាជនវៀតណាម ដែលបានអនុវត្តសិទ្ធិស្របច្បាប់ជួយសង្គ្រោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
សាធារណរដ្ឋសង្គមយៀកណាម ឆក់ឱកាសដែលខ្មែររៀនពីសាលាកុម្មុយនីស្តដូចគ្នាកាប់ចាក់សម្លាប់គ្នាបំពេញភារកិច្ចអន្តរជាតិនិយម យកការវាយលុកលុយឈ្លានពានប្រទេសកម្ពុជា ជាបេសកកម្មមនុស្សធម៌រំដោះខ្មែរឲ្យរស់រានមានជីវិតពីភាពផុតពូជ រួចយកខ្មែរមិនដឹងប្រវត្តិសាស្ត្រឲ្យដឹកនាំប្រទេស។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការដឹងគុណដែលរដ្ឋាភិបាលវៀតណាមទាមទារឲ្យប្រទេសកម្ពុជា និងពលរដ្ឋខ្មែរចងចាំនោះ គឺជាការដឹងគុណកើតចេញមកពីល្បិចកលលួចដុតផ្ទះខ្មែរ ហើយធ្វើជាជួយពន្លត់ភ្លើងរបស់បរទេសឈ្លានពានមួយនេះតែប៉ុណ្ណោះ។ ក្នុងន័យនេះ បើសិក្សាលើដានប្រវត្តិសាស្ត្រ និងទំនាក់ទំនងផ្លូវការបច្ចុប្បន្ន វៀតណាមមិនត្រឹមតែគ្មានគុណលើកម្ពុជានោះទេ ថែមទាំងជាប្រទេសដែលបានរំលោភឈ្លានពានលើបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរទៅវិញ។
គួរបញ្ជាក់ថា តាមឯកសារស្រាវជ្រាវឯបរទេស និងតាមសាក្សីផ្ទាល់ មេដឹកនាំបក្សពលករយៀកណាមនៃរដ្ឋការក្រុងហាណូយ ចាប់ពីអគ្គលេខាធិការបក្ស ទ្រឿង ជីញ ឡេ ហ្ស័ន ង្វៀង វ៉ាន់លិញ សុទ្ធតែដឹងច្បាស់ថា ប៉ុល ពត ជាមនុស្សសើរើនិយម ព្រោះស្នើឲ្យមេដឹកនាំយៀកណាមដោះស្រាយរឿងព្រំដែនតាំងពីឆ្នាំ១៩៧៦ ក្រោយរំដោះមកម៉្លេះ។ ខាងក្នុងស្រុកវិញ អ្នកដឹកនាំក្រុមខ្មែរយៀកមិញ មានសមមិត្ត ស ភឹម មាស សុភា ជាដើម មានរៀបចំកម្លាំងលាក់តាមចម្ការកៅស៊ូក្នុងខេត្តក្រចេះ ធ្វើការទាក់ទងជាមួយកងទ័ពយៀកណាម ក្នុងឆ្នាំ១៩៧៧ ក្នុងបំណងវាយប្រហាររំលំក្រុម ប៉ុល ពត។
សមាជិកបក្សប្រជាជនបដិវត្តន៍កម្ពុជាមួយរូបធ្លាប់និយាយថា លោក ហ៊ុន សែន រត់ចេញពីរបបខ្មែរក្រហម ត្រូវរដ្ឋអំណាចយៀកណាមចាប់ដាក់ក្នុងជំរំឃុំគ្រងមួយជាមួយកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមដទៃទៀត។ ជំនាញការជាន់ខ្ពស់យៀកណាម ទទួលបន្ទុករឿងខ្មែរ គឺសមមិត្ត ឡេ ឌឹកថ ចេញចូលជំរំរើសខ្មែរណាស្ម័គ្រចិត្តចូលរួមនឹងកងទ័ពរំដោះយៀកណាម ហើយសុខចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយអញ្ជើញកងទ័ពយៀកណាមមកជួយរំដោះ។
សាក្សីធ្លាប់រស់នៅក្នុងខេត្តក្រចេះ នាឆ្នាំ១៩៧៧ និយាយថា យៀកណាមរៀបចំឆាកក្នុងចម្ការកៅស៊ូឲ្យអ្នកចូលរួមមិទិញស្លៀកពាក់ខ្មៅទាំងអស់ ដោយយកប្រជាជនខ្មែរអង្គុយខាងមុខ ប្រជាជនយៀកណាមអង្គុយខាងក្រោយ រួចថតរូបផ្សាយថា ពលរដ្ឋខ្មែរងើបតស៊ូប្រឆាំងនឹង ប៉ុល ពត ហើយ។ គេបើកឡានទាហានពីរបីគ្រឿងទៅវិញទៅមកពេញមួយយប់ ហាក់បីដូចជាដឹកជញ្ជូនទ័ពឥតឈប់ឈរ។ ក្នុងសៀវភៅបណ្ឌិត Stephen Morris លោកសរសេរថា មេដឹកនាំយៀកណាមទៅពិភាក្សាជាមួយមេដឹកនាំសូវៀត អំពីរឿងខ្មែរបះបោរ តែមិនប្រាប់អំពីផែនការវាយលុកប្រទេសកម្ពុជានោះទេ៕