អតីតមេកម្មាភិបាលរបបវាលពិឃាតនៅកម្ពុជា លោក ហ៊ុន សែន បានសារភាពថា ការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីខ្មែរ លោក ប៉ែន សុវណ្ណ គឺលោកជាអ្នកដឹកនាំកម្លាំងចុះចាប់ដោយផ្ទាល់នៅគេហដ្ឋានរបស់លោក ប៉ែន សុវណ្ណ និងបញ្ជូនតាមយន្តហោះទៅឃុំខ្លួននៅប្រទេសវៀតណាម ដោយសារលោក ប៉ែន សុវណ្ណ មានផែនការក្បត់គណបក្សកុម្មុយនីស្តរបស់ខ្លួន។
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានបញ្ចេញខ្សែអាត់សំឡេងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នេះ ដោយអះអាងថា លោក ប៉ែន សុវណ្ណ បានធ្វើកំហុសច្រើនណាស់ចាប់តាំងពីចូលដល់ទីក្រុងភ្នំពេញ ដូចជាការឆែកឆេរផ្ទះលោក ជា ស៊ីម និងឆែកឆេរផ្ទះលោក ហេង សំរិន រហូតប៉ុនប៉ងចង់ឆែកឆេរផ្ទះរបស់លោកទៀត។ លោកបន្តថា នោះគឺដោយសារតែលោក ប៉ែន សុវណ្ណ មានបំណងក្តោបក្តាប់កម្លាំងយោធាបង្កើនអំណាចខ្លួនឯង។ លោក ប៉ែន សុវណ្ណ មិនអាចមកបកស្រាយបំភ្លឺតបវិញទេ។
នាយករដ្ឋមន្ត្រីខ្មែរដែលតែងប្លន់អំណាចពីមេដឹកនាំក្នុងបក្សរបស់ខ្លួន លោក ហ៊ុន សែន អះអាងថា ក្រោយពីបញ្ជូនលោក ប៉ែន សុវណ្ណ ទៅឃុំខ្លួននៅប្រទេសវៀតណាមរួចមក គណបក្សបានសម្រេចតែងតាំងលោក ចាន់ ស៊ី ឱ្យធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែជាអកុសល បន្ទាប់ពីកាន់តំណែងបានមួយរយៈ លោក ចាន់ ស៊ី បានធ្លាក់ខ្លួនឈឺធ្ងន់បណ្តាលឱ្យស្លាប់ ទើបគណបក្សប្រជាជនបដិវត្តន៍កម្ពុជា សម្រេចបោះឆ្នោតជ្រើសរើសលោកឱ្យធ្វើជានាយករដ្ឋមន្ត្រីបន្តរហូតដល់សព្វថ្ងៃនេះ។
មេដឹកនាំដែលឧស្សាហ៍គំរាមសម្លាប់គូប្រជែងរបស់ខ្លួន លោក ហ៊ុន សែន អះអាងថា ការកាន់កាប់តំណែងជានាយករដ្ឋមន្ត្រីរបស់លោកនេះ គឺសមាជិកគណបក្សសម្រេចជ្រើសរើសលោកដោយពេញចិត្ត មិនមែនជាការលើកបន្តុបពីខាងរដ្ឋាភិបាលក្រុងហាណូយ ឬពីខាងសហភាពសូវៀតនោះទេ ដូច្នេះអ្នកបកស្រាយទាំងអស់មិនត្រូវបំភ័ន្តសាធារណជននោះឡើយ។
ការអះអាងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងមតិមួយចំនួនដែលបានលើកឡើងថា លោក ហ៊ុន សែន មិនត្រូវបានលើកបន្តុបដោយរដ្ឋាភិបាលវៀតណាម ទេ ប៉ុន្តែជាមេដឹកនាំដែលលើកបន្តុបដោយរបបកុម្មុយនីស្តសហភាពសូវៀត ប៉ុណ្ណោះ។ តាមឯកសារបរទេស អតីតសហភាពសូវៀត មិនលូកដៃក្នុងការចាត់ចែងរៀបចំប្រទេសកម្ពុជាទេ ទុកឲ្យក្រុងហាណូយ សម្រេច ព្រោះគេប្រាប់ថាគេស្គាល់រឿងខ្មែរច្បាស់ជាងគេ។
ប្រធានក្រុមប្រឹក្សាភិបាលចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ មករា នេះថា ការលើកឡើងរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន គ្រាន់តែជាការភូតភរបោកប្រាស់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ ព្រោះថាក្នុងអំឡុងទសវត្សឆ្នាំ១៩៨០ លោក ហ៊ុន សែន គ្មានអំណាចជំទាស់នឹងវៀតណាមនោះទេ ដូច្នេះការចាប់ខ្លួនលោក ប៉ែន សុវណ្ណ នេះទៀត ក៏ធ្វើឡើងតាមបញ្ជារបស់វៀតណាមដែរ។
លោក ម៉ែន ណាត អះអាងថា ការនិយាយរបស់លោក ហ៊ុន សែន នេះ គ្រាន់តែជាការទម្លាក់កំហុសឱ្យលោក ប៉ែន សុវណ្ណ ប៉ុណ្ណោះ ព្រោះថាបើគេសិក្សាពីអត្តចរិតរបស់មនុស្សដោយធ្វើការប្រៀបធៀបអត្តចរិតលោក ប៉ែន សុវណ្ណ និងលោក ហ៊ុន សែន គេអាចមើលឃើញគ្រប់គ្នាថា លោក ហ៊ុន សែន ជាមេដឹកនាំបែបម៉ាហ្យា (Mafia) ចំណែកលោក ប៉ែន សុវណ្ណ មិនមែនជាមនុស្សមានអត្តចរិតឃោរឃៅដូចលោក ហ៊ុន សែន នោះឡើយ។

ប្រធានក្រុមប្រឹក្សាភិបាលចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យរូបនេះ បញ្ជាក់ថា ដើម្បីស្គាល់អត្តចរិតស្រេកឃ្លានអំណាចរបស់លោក ហ៊ុន សែន កាន់តែច្បាស់ គេមើលពីការគំរាមផ្ទៃក្នុងរបស់គាត់នៅពេលនេះ ដែលប្រឹងលើកស្ទួយកូនខ្លួនឯងឱ្យកាន់កាប់អំណាចបន្តទៅហើយ ដូច្នេះបើធៀបនឹងសម័យដែលគ្មានច្បាប់គ្រប់គ្រាន់ដូចឥឡូវនេះ ថាតើលោក ហ៊ុន សែន សាហាវកម្រិតណា ដើម្បីខ្លួនគាត់ឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីនៅពេលនោះ។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា លោក ហ៊ុន សែន កំពុងព្យាយាមលើកកិត្តិយសតែម្នាក់ឯងពីចលនាបដិវត្តន៍របស់ពួកគាត់ ហើយព្យាយាមទម្លាក់កំហុសទាំងអស់លើលោក ប៉ែន សុវណ្ណ ព្រោះថាពេលលោក ប៉ែន សុវណ្ណ នៅមានជីវិត គាត់បានបកអាក្រាតយ៉ាងច្រើនអំពីល្បិចឃុបឃិតគ្នារវាងមេដឹកនាំវៀតណាម និងលោក ហ៊ុន សែន ក្នុងផែនការបំផ្លាញកម្ពុជា ប៉ុន្តែនៅពេលនោះ លោក ហ៊ុន សែន មិនហ៊ានហើបមាត់តបតសូម្បីតែមួយម៉ាត់។
ប្រភពដដែលអះអាងថា ការលើកឡើងរបស់លោក ហ៊ុន សែន វារឹតតែបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា លោក ហ៊ុន សែន បានបង្ហាញអំពីគំនុំរបស់គាត់ចំពោះលោក ប៉ែន សុវណ្ណ ត្បិតក្នុងប្រវត្តិដឹកនាំរបស់ពួកគេ លោក ប៉ែន សុវណ្ណ គឺជាអ្នករារាំងលោក ហ៊ុន សែន មិនឲ្យកាន់តួនាទីកំពូល ព្រោះថាគាត់បានដឹងពីទំនាក់ទំនងមេដឹកនាំរដ្ឋវៀតណាម និងលោក ហ៊ុន សែន ក្នុងការបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជាទៅថ្ងៃមុខ។
ក្នុងតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ៣៧ឆ្នាំមកនេះ ត្រូវគេរិះគន់ថា អំណាចរបស់លោក ហ៊ុន សែន គឺបានមកពីការប្លន់តែប៉ុណ្ណោះ។ ជាងនេះទៀត អំណាចនោះគឺជាអំណាចដែលយល់ព្រមបម្រើផែនការគ្រប់យ៉ាងរបស់បរទេសឈ្លានពានផងដែរ ត្បិតក្រោមការជ្រោមជ្រែងរបស់រដ្ឋការក្រុងហាណូយ លោក ហ៊ុន សែន បានដណ្តើមអំណាចពីលោក ប៉ែន សុវណ្ណ និងលោក ចាន់ ស៊ី ដើម្បីខ្លួនឯងឡើងកាន់កាប់អំណាចជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ១៩៨៥ នោះ។
គិតចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ លោក ហ៊ុន សែន បានកាន់កាប់អំណាចក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជាអស់រយៈពេល ៣៧ឆ្នាំហើយ ប៉ុន្តែចុងក្រោយនេះ ត្រូវគេមើលឃើញថា លោក ហ៊ុន សែន បានរៀបចំកម្លាំងប្រដាប់អាវុធកាន់តែច្រើនឡើងៗដើម្បីរក្សាអំណាចតវង្សត្រកូលរបស់គាត់៕