35 C
Phnom Penh

សវនាការ​លោក កឹម សុខា គឺជា​ការ​ទន្ទឹង​រង់ចាំ​របស់​ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សវនាការ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ នេះ គឺជា​ការ​ទន្ទឹង​រង់ចាំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ​ផង និង​ជា​ការ​ទន្ទឹង​រង់ចាំ​របស់​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផង ក្រោយ​ការ​អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ដោយ​ចោទប្រកាន់​ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លងទៅ។ ក្រោយ​ការ​ឃុំ​ខ្លួន​អស់​រយៈពេល ១​ឆ្នាំ នៅ​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក កឹម សុខា ក៏​ត្រូវ​បាន​ផ្ទេរ​ការ​ឃុំ​ខ្លួន​ពី​ពន្ធនាគារ​ត្រពាំងផ្លុង មក​ឃុំឃាំង​នៅ​គេហដ្ឋាន​របស់​លោក​វិញ​នៅ​ក្រោម​ហេតុផល​សុខភាព​មិន​ប្រក្រតី។

ប៉ុន្តែ​នៅ​ឆ្នាំ​បន្ទាប់ គឺ​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​កែប្រែ​លក្ខខណ្ឌ​នៃ​ការ​ឃុំ​ខ្លួន​របស់​លោក កឹម សុខា ដោយ​ផ្តល់​សេរីភាព​ច្រើន​ជាង​មុន តែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ដដែល ជាពិសេស​តុលាការ​ហាម​មិន​ឱ្យ​លោក​ធ្វើ​សកម្មភាព​នយោបាយ និង​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​ជាដាច់ខាត។

យ៉ាងណាក៏ដោយ នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២០ ក្នុង​ពិធី​បុណ្យ​សព​ម្តាយក្មេក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ជួប​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជា​លើកដំបូង​ចាប់តាំង​ពី​អាជ្ញាធរ​ចាប់​ខ្លួន​តាំងពី​ឆ្នាំ​២០១៧ មក។ ក្រោយ​ជំនួប​រវាង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​មេដឹកនាំ​បក្ស​កាន់​អំណាច​នេះ លោក កឹម សុខា ត្រូវ​ស្ថានទូត​ប្រទេស​លោកសេរី​បណ្ដាក់​គ្នា​ចូល​ជួប​ជាបន្តបន្ទាប់ ដូចជា​ស្ថានទូត​សហរដ្ឋ​អាមេរិក ស្ថានទូត​តំណាង​សហគមន៍​អឺរ៉ុប និង​ស្ថានទូត​តំណាង​ប្រទេស​ដែល​ជា​មិត្ត​របស់​កម្ពុជា​ជាច្រើន​ទៀត​ផង​ដែរ។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ​នេះ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​ជួប​សន្ទនា​ជាមួយ​អង្គទូត​ជាច្រើន​ប្រចាំ​នៅ​កម្ពុជា ដូចជា​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឆេក ឯកអគ្គរដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់ និង​ឯកអគ្គរដ្ឋទូត​ស្តីទី​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប ជាដើម។

ដោយឡែក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អន្តរជាតិ​របស់​ចក្រភព​អង់គ្លេស អ្នកស្រី Amanda Milling បាន​អះអាង​ក្នុង​ជំនួប​ជាមួយ​លោក កឹម សុខា កាលពី​ពេល​ថ្មីៗ​នេះ​ថា ចក្រភព​អង់គ្លេស​កំពុង​បន្ត​តាមដាន​ដោយ​យកចិត្ត​ទុកដាក់​អំពី​ដំណើរការ និង​លទ្ធផល​នៃ​សវនាការ​របស់​លោក កឹម សុខា ដែល​ពាក់ព័ន្ធ​នឹង​សេរីភាព​របស់​លោក ក្នុង​ការ​ចូលរួម​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង សកម្មជន និង​អ្នកវិភាគ​នយោបាយ​និង​សង្គម បាន​បញ្ចេញ​ទស្សនៈ​រៀងៗ​ខ្លួន​ចំពោះ​សវនាការ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​ការ​រឹតត្បិត​សេរីភាព​អស់​រយៈពេល​ជាង ៤​ឆ្នាំ​មកនេះ ដោយ​ទាមទារ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​ទម្លាក់​ចោល​បទ​ចោទ​លើ​រូបលោក ដើម្បី​បើក​លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឱ្យ​ទូលំទូលាយ​ឡើងវិញ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ មករា នេះ​ថា លោក​មាន​សុទិដ្ឋិនិយម​លើ​សវនាការ​នេះ ថា​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​ជោគជ័យ​ស្រប​ពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ក្នុង​ឆ្នាំ​២០២២ នេះ ដូច្នេះ​ពន្លឺ​នៃ​សេរីភាព​របស់​លោក កឹម សុខា ក៏​នឹង​ទទួល​បាន​មកវិញ​ផង​ដែរ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា​គួរតែ​ត្រូវ​បាន​បញ្ចប់​ហើយ​នៅ​ពេលនេះ ព្រោះ​ថា​កម្ពុជា​ក៏​គួរ​ដល់​ពេល​បង្រួបបង្រួម ផ្សះផ្សា និង​រក​ការ​ឯកភាព​រវាង​ខ្មែរ​និង​ខ្មែរ​ហើយ ដើម្បី​ឱ្យ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​វិល​ទៅ​រក​ការ​ចរចា​ក្នុង​ការ​ពួតដៃ​គ្នា​កសាង​ជាតិ​កម្ពុជា​ឱ្យ​រុងរឿង​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត។

ចំណែក​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ក៏​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ មករា នេះ​ផង​ដែរ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​មាន​កំហុស​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ដូច្នេះ​លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សេរីភាព​ជូន​មេដឹកនាំ​បក្ស​ប្រឆាំង​វិញ ដើម្បី​ឱ្យ​លោក​បន្ត​កិច្ចការ​ការពារ​សិទ្ធិមនុស្ស និង​បន្ត​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ​បន្ត​ទៀត។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៨ មករា នេះ​ថា សហគមន៍​អន្តរជាតិ​ចង់​ឃើញ​វត្តមាន​របស់​លោក កឹម សុខា ចូលរួម​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាងមុខ​នេះ ដើម្បី​ស្ដារ​ដង្ហើម​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។

លោក គឹម សុខ បញ្ជាក់​ថា សវនាការ​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា នេះ នឹង​ពុំ​មាន​ដំណោះស្រាយ​វិវឌ្ឍ​សមរម្យ​សម្រាប់​ជីវិត​នយោបាយ​របស់​លោក កឹម សុខា នោះ​ទេ ហើយ​រដ្ឋាភិបាល​ឯក​បក្ស​កម្ពុជា​នឹង​អូស​បន្លាយ​ការ​បិទ​ខ្ទប់​សិទ្ធិ​នយោបាយ​របស់​លោក​បន្ត​ទៀត ប្រសិនបើ​លោក កឹម សុខា មិន​ផ្ទេរ​កិច្ចការ​នយោបាយ​របស់​លោក​ដល់​អ្នក​ជំនាន់​ថ្មី​ទេ​នោះ។

រីឯ​អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ មករា នេះ​ដែរ​ថា លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សិទ្ធិ​សេរីភាព​ជូន​លោក កឹម សុខា ឱ្យ​បាន​ពេញលេញ​ឡើងវិញ ដើម្បី​ងាក​ទៅ​រក​ការ​ចរចា និង​ឈាន​ទៅ​រក​ការ​ដឹកនាំ​មួយ​ដែល​ផ្តល់​នូវ​សេចក្តី​សុខ និង​សុភមង្គល​ជូន​ជាតិ​មាតុភូមិ​របស់​ខ្លួន។

នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២២ សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ចាន់ ចេន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​ថា ការ​ទន្ទឹង​រង់ចាំ​យុត្តិធម៌​សម្រាប់​លោក កឹម សុខា បាន​មក​ដល់​ហើយ។ លោក​បន្ត​ថា មេធាវី​គ្រប់​រូប​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ហើយ​ដើម្បី​ចូលរួម​សវនាការ​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២។

កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២១ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល បាន​ចេញ​សាលដីកា​ឱ្យ​លោក កឹម សុខា ចូលរួម​សវនាការ​ក្នុង​សំណុំរឿង​សន្ទិដ្ឋភាព​ជាមួយ​បរទេស នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ ជា​កំហិត។

យ៉ាងណាក៏ដោយ ប្រធាន​ក្រុម​មេធាវី​រដ្ឋាភិបាល​កម្ពុជា លោក គី តិច ធ្លាប់​បាន​អះអាង​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២០ ថា ប្រទេស​ទាំង​៩ ដែល​មាន​ឈ្មោះ​ក្នុង​លិខិត​របស់​មេធាវី​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់​ជូន​ក្រុមប្រឹក្សា​ជំនុំជម្រះ​កាលពី​ពេល​កន្លងទៅ មិន​ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​របស់​លោក កឹម សុខា ឡើយ ព្រោះ​ថា​ឈ្មោះ​ប្រទេស​ទាំងនោះ​គ្រាន់តែ​បញ្ជាក់​អំពី​ប្រភព​នៃ​ឯកសារ​ពាក់ព័ន្ធ​ជាមួយ​លោក កឹម សុខា ប៉ុណ្ណោះ។

លោក គី តិច បន្ត​ថា ឈ្មោះ​ប្រទេស​ទាំងនោះ​ត្រូវ​ស្នើ​ឱ្យ​តាង​ជា​អក្សរ​នៅ​លើ​សាលក្រម និង​សាលដីកា​ជំនួស​វិញ ដើម្បី​រក្សា​បាន​នូវ​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋ និង​រដ្ឋ។

បែប​នេះ​ក្តី អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​លើកឡើង​ថា ប្រសិនបើ​សំណុំរឿង​លោក កឹម សុខា ជា​សំណុំរឿង​ស្ថិត​ក្នុង​ការ​ចាត់ចែង​របស់​តុលាការ នោះ​ករណី​នេះ​នឹង​ត្រូវ​បាន​ជំនុំជម្រះ​កាត់​សេចក្តី​រួចស្រេច​ទៅ​ហើយ ព្រោះ​ថា​តុលាការ​អាច​ឃុំ​ខ្លួន​ជន​សង្ស័យ​យ៉ាង​យូរ​បាន​ត្រឹមតែ ១៨​ខែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ករណី​របស់​លោក កឹម សុខា បាន​អូស​បន្លាយ​ពេល​ជំនុំជម្រះ​ក្តី​ជាបន្តបន្ទាប់​រហូត​ដល់​ពេលនេះ គឺ​មាន​ន័យ​ថា សំណុំរឿង​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស