រដ្ឋាភិបាលបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន បានសម្រេចកាត់ផ្ទៃដីបឹងទំនប់កប់ស្រូវ ឬបឹងតាមោក ទំហំជាង ១០០ហិកតារបន្ថែមទៀតប្រគល់ឱ្យក្រុមគ្រួសារនៃសមាជិកក្រុមលេខារបស់ខ្លួន គឺលោកស្រី ជូ ដារ៉ារ៉េត ដើម្បីធ្វើជាកម្មសិទ្ធិ។
យោងតាមអនុក្រឹត្យចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចកាត់ផ្ទៃដីបឹងតាមោកចំនួន ៥ទីតាំងមានទំហំជាង ១២១ហិកតារ ស្ថិតនៅសង្កាត់ពន្សាំង និងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រគល់ទៅឱ្យលោកស្រី សោម សុខដារ៉ា មនុអេរីកា លោកស្រី សោម សូមាលីកា និងលោក សោម សុខដារ៉ារីគីអូ ដែលជាកូនៗរបស់លោកស្រី ជូ ដារ៉ារ៉េត សមាជិកក្រុមលេខានាយករដ្ឋមន្ត្រី ដើម្បីធ្វើជាកម្មសិទ្ធិ។
ចំណែកអនុក្រឹត្យមួយទៀតចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ផ្ទៃដីបឹងតាមោកចំនួន ២ទីតាំងដែលមានទំហំជាង ៦ហិកតារ (៦៣២២១ម៉ែត្រក្រឡា) ប្រគល់ឱ្យលោក ជឹម ពិសី ដើម្បីធ្វើជាកម្មសិទ្ធិ ដោយពន្ធអាករផ្សេងៗរដ្ឋជាអ្នកទទួលបន្ទុក។

សមាជិកក្រុមលេខានាយករដ្ឋមន្ត្រី លោកស្រី ជូ ដារ៉ារ៉េត កាលពីខែធ្នូ ឆ្នាំ២០២០ ក្នុងលេខរៀងទី១០៥៥ ក្នុងចំណោមលេខរៀង១៦០២ បានចូលរួមបរិច្ចាគថវិកាចំនួន ១លាន ២សែនរៀល (១ ២០០ ០០០រៀល) ជូនរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំង Covid-19 សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។
លោកស្រី ជូ ដារ៉ារ៉េត ហៅ ធារី មានឈ្មោះជប៉ុន ASAKURA MASAKO ជាម្ចាស់រមណីយដ្ឋានអេម៉ារីអូ មណ្ឌលគិរី ដែលស្ថិតនៅក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ខេត្តមណ្ឌលគិរី។ លោកស្រីទទួលបានជ័យលាភីប្រចាំឆ្នាំ២០១៧ ពីបុរសខ្លាំងកម្ពុជា ឈ្មោះ «រង្វាន់សម្ដេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍»។
លោកស្រី ជូ ដារ៉ារ៉េត កាលពីឆ្នាំ២០១៨ បានដាក់ពាក្យប្តឹងលែងលះប្តី គឺលោកឧកញ៉ា សោម សុខរ៉ាឌី ពីបទទ្វេពន្ធភាព និងផិត ដើម្បីលេបយកទ្រព្យសម្បត្តិរាប់រយលានដុល្លារ ដោយតុលាការសម្រេចប្រគល់ឲ្យលោកស្រី និងកូនទាំងអស់ ហើយលោក សោម សុខរ៉ាឌី ធ្វើការងារក្រុមហ៊ុនបម្រើកូន និងទទួលប្រាក់ខែពីកូន។
កន្លងមក លោកឧកញ៉ា សោម សុខរ៉ាឌី តែងចេញមុខស្វែងរកយុត្តិធម៌តាមប្រព័ន្ធតុលាការដោយលើកឡើងថា ទ្រព្យសម្បត្តិដែលជាញើសឈាមពាក់កណ្តាលជីវិតរបស់លោករាប់រយលានដុល្លារអាមេរិកនោះ ត្រូវបានតុលាការសម្រេចប្រគល់ឲ្យប្រពន្ធ និងកូនទាំងអស់ ហើយឲ្យលោកធ្វើការងារក្រុមហ៊ុនបម្រើកូន និងទទួលប្រាក់ខែពីកូនទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះ លោកថា លោកស្រី ជូ ដារ៉ារ៉េត ថែមទាំងរកគ្រប់មធ្យោបាយដើម្បីរកលេសរឿងផ្សេងៗទៀតដែលមិនមែនជាការពិត បង្កើតជារឿងព្រហ្មទណ្ឌ ដើម្បីធ្វើយ៉ាងណាឲ្យលោកចូលដេកគុកឲ្យទាល់តែបាន ទាំងដែលលោកពុំដែលមានកំហុស ឬទៅបំផ្លិចបំផ្លាញយកទ្រព្យសម្បត្តិនរណាម្នាក់ទាល់តែសោះឡើយ។
លោកលើកឡើងថា កន្លងមកលោកបានរួមចំណែកជួយអភិវឌ្ឍប្រទេសជាតិជាច្រើនផងដែរ ដោយរូបលោក និងក្រុមគ្រួសារជាអ្នកវិនិយោគ និងនាំក្រុមហ៊ុនជប៉ុន មកវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធម៉ាស៊ីនកិនស្រូវ សាងសង់អគារ សាលារៀន ផ្សារទំនើបអ៊ីអន វិនិយោគលើដំណាំកសិកម្មផ្សេងៗទៀត និងបង្កើតការងារក្នុងស្រុកជូនប្រជាពលរដ្ឋរាប់ពាន់នាក់។ លោកថា ប្រសិនបើលោកជាមនុស្សអាក្រក់ នោះជនជាតិជប៉ុននឹងមិនមានជំនឿទុកចិត្តលើរូបលោក និងក្រុមគ្រួសារលោកនោះទេ។

ទាក់ទងរឿងដីបឹងតាមោក កន្លងមកទីស្ដីការគណៈរដ្ឋមន្ត្រីបានជម្រាបរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តាមរយៈលិខិតលេខ៤៧៥ ស.ជ.ណ. ដប ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ថា រាជរដ្ឋាភិបាលមិនចុះបញ្ជីផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួនមួយទីតាំងដីទំហំជាង ៥១ហិកតារ (៥១,២៣ហិកតារ) ស្ថិតនៅក្បែរបឹងតាមោក សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយទីតាំងខាងលើជាដីសាធារណៈរបស់រដ្ឋ។
នៅក្នុងលិខិតជូនដំណឹងដែលចុះហត្ថលេខាដោយលោក ឈួន សុធី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនេះ បានសរសេរទៀតថា ក្រសួងយុត្តិធម៌ត្រូវអនុវត្តតាមច្បាប់ចំពោះឈ្មោះ សោម សុខរ៉ាឌី ដើម្បីចៀសវាងបុគ្គលនេះធ្វើសកម្មភាពដដែលៗនាំឱ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យឯកជន។
លោកឧកញ៉ា សោម សុខរ៉ាឌី បានលើកឡើងកន្លងមកថា នៅក្នុងអំឡុងឆ្នាំ១៩៩៤ ទៅឆ្នាំ១៩៩៦ លោកបានប្រមូលទិញដីស្រែ និងដីចម្ការពីប្រជាពលរដ្ឋនៅតំបន់បឹងតាមោក ដោយដាក់ឈ្មោះអតីតភរិយាឈ្មោះ ជូ ដារ៉ារ៉េត ទាំងអស់ ហើយពួកលោកបានសម្រេចលក់ដីប្រហែលជាង ៥០ហិកតារទៅឲ្យអ្នកវិនិយោគជប៉ុន ដោយការទិញលក់នោះមានការទទួលស្គាល់ដឹងឮពីអាជ្ញាធរភូមិ-ឃុំ និងនៅពេលក្រោយមកទៀត លោកបានទទួលដំណឹងថា ដីតំបន់នោះត្រូវបានដាក់ចូលទៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។
លោកថា កន្លងមកលោកពុំធ្លាប់បានធ្វើលិខិតស្នើសុំផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅតំបន់បឹងតាមោកនោះទេ ដោយសារនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចកាត់យកទ្រព្យសម្បត្តិទាំងអស់របស់លោកទៅឲ្យកូនទាំងបីដែលនៅក្រោមការគ្រប់គ្រងរបស់អតីតភរិយា ដែលពុំមានសំបុត្រអាពាហ៍ពិពាហ៍រួចអស់ទៅហើយ។
លោកថា រាល់លិខិតស្នាមច្បាប់ដើមទាំងអស់ពាក់ព័ន្ធនឹងដីនៅតំបន់នោះ ក៏ត្រូវបានអតីតភរិយារបស់លោករៀបចំ និងប្រមូលយកទៅជាមួយនៅថ្ងៃដែលគាត់ចុះចេញពីលំនៅឋានដោយមិនបានឲ្យលោកដឹងពីមូលហេតុជាមុន។
ទោះយ៉ាងណា សារព័ត៌មាន The Cambodia Daily មិនអាចទាក់ទងសមាជិកគ្រួសារលោកស្រី ជូ ដារ៉ារ៉េត ដើម្បីធ្វើការបំភ្លឺបានទេនៅថ្ងៃទី២០ ខែមករា នេះ។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍កន្លងមកថា រដ្ឋាភិបាលកំណត់រក្សាផ្ទៃបឹងរួចហើយមានពីរប្រភេទ គឺអាងទឹកទី១ ហើយមួយទៀតតាមរយៈទឹកស្អុយដែលគេទៅសម្អាត ដើម្បីចូលទៅប្លុកមួយទៀត។

ប្រធានគម្រោងសិទ្ធិលំនៅឋាន និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត លោក សៀង មួយឡៃ បានប្រាប់សារព័ត៌មានក្នុងស្រុកថា រដ្ឋាភិបាលគួរតែកែច្នៃបឹងធម្មជាតិទៅជាសួនច្បារបៃតង ដើម្បីឱ្យប្រជាពលរដ្ឋទៅលេងកម្សាន្តល្អជាងកាត់ប្រគល់ឱ្យអ្នកមានប្រាក់ធ្វើជាកម្មសិទ្ធិឯកជន។ លោកបន្តថា បឹងតាមោកមិនត្រឹមតែជួយដល់បរិស្ថាន និងសុខភាពសាធារណៈទេ ប៉ុន្តែបឹងនេះក៏មានតួនាទីសំខាន់ក្នុងការរំដោះទឹក ជាពិសេសនៅក្នុងទីក្រុងផងដែរ។
លោកបញ្ជាក់ទៀតថា ការកាត់ផ្ទៃបឹងប្រគល់ឱ្យឧកញ៉ា អ្នកមានប្រាក់ អ្នកមានអំណាច ដោយមិនមានតម្លាភាព និងមិនមានការផ្សព្វផ្សាយឱ្យទូលំទូលាយ ពិសេសមិនមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនោះ នឹងធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើស្ថាប័នរដ្ឋបន្ថែមទៀត។
កាលពីខែឧសភា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានចេញលិខិតមួយដោយព្រមានអំពីគ្រោះមហន្តរាយដោយសារទឹកជំនន់ ក្រោយពីក្រសួងមើលឃើញថា មានការចាក់ដីលុប និងការសាងសង់សំណង់ផ្សេងៗបិទផ្លូវទឹក កន្លែងស្តុកទឹកនានាជាបន្តបន្ទាប់។
បឹងតាមោកមានផ្ទៃដីសរុប ៣២៣៩ហិកតារ ជាអាងស្តុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ ហើយបឹងនេះត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យមួយកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយកំណត់បឹងធម្មជាតិមួយនេះជាសម្បត្តិសាធារណៈរបស់រដ្ឋ។
យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុងខែកញ្ញា ឆ្នាំ២០២១ ផ្ទៃបឹងតាមោកសរុបជាង ១៦០០ហិកតារហើយត្រូវបានរដ្ឋាភិបាលកាត់ និងដោះដូរទៅឱ្យស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ទៅឱ្យបុគ្គលឯកជន ដែលគេដឹងថាជាអ្នកមានប្រាក់ និងមានអំណាចសម្រាប់សាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនផង៕