33 C
Phnom Penh

លោក ហ៊ុន សែន ថា​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​មិន​យល់​សិល្បៈ​ការទូត​និង​ព្រហើន​លើ​ប្រធាន​អាស៊ាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​របស់​កម្ពុជា លោក ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌុលឡាស់ (Saifuddin Abdullah) ដែល​បាន​រិះគន់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​ភូមា ថា​ជា​អ្នក​ការទូត​ដែល​មិន​យល់​ពី​សិល្បៈ​ការទូត និង​មាន​ចរិត​ព្រហើន​ហ៊ាន​ប្រើ​សម្ដី​វាយប្រហារ​លើ​ប្រធាន​អាស៊ាន។

មេដឹកនាំ​ខ្មែរ​ដែល​គំរាម​កាន់​អំណាច​មួយ​ជីវិត លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២១ មករា នេះ​ថា លោក​បាន​សន្ទនា​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ទាក់ទិន​នឹង​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី ដែល​បាន​រិះគន់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​ភូមា កាលពី​ពេល​ថ្មីៗ​នេះ។

មេដឹកនាំ​ដែល​តែង​គំរាម​សម្លាប់​គូប្រជែង​នយោបាយ​របស់​ខ្លួន លោក ហ៊ុន សែន បាន​អះអាង​ក្នុង​កិច្ចសន្ទនា​នោះ​ថា លោក សៃហ្វូឌីន អាប់ឌុលឡាស់ ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ការបរទេស និង​ជា​អ្នក​ការទូត​មួយ​រូប មិន​គួរ​ប្រើ​ពាក្យ​សម្ដី​ព្រហើន​ជាមួយ​ប្រធាន​អាស៊ាន ក៏ដូចជា​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ដែល​ពុំ​បាន​ប្រើប្រាស់​ភាសា​ការទូត​នោះ​ឡើយ។

លោក ហ៊ុន សែន បញ្ជាក់​ថា ទស្សនកិច្ច​របស់​លោក​ទៅ​ប្រទេស​ភូមា គឺ​ដើម្បី​ដាំ​ដើមឈើ មិនមែន​ទៅ​កាប់​ដើមឈើ​នោះ​ទេ ហើយ​ការ​ដាំ​ដើមឈើ​នេះ​មិនមែន​ដាំ​មួយ​ថ្ងៃ​ហើយ​រំពឹង​ថា​បាន​ផ្លែផ្កា​ភ្លាម​នោះ​ដែរ គឺ​ត្រូវការ​ពេលវេលា ចំណែក​ដំណោះស្រាយ​នយោបាយ​ដែល​មាន​លក្ខណៈ​យូរអង្វែង ក៏​រឹត​តែ​ត្រូវការ​ពេលវេលា និង​ធ្វើការ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​បន្ថែម​ទៀត។

ប្រតិកម្ម​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​បែប​នេះ ធ្វើឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌុលឡាស់ បាន​រិះគន់​ពី​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កម្ពុជា​ទៅកាន់​ប្រទេស​ភូមា កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី បាន​រិះគន់​មេដឹកនាំ​កម្ពុជា តាមរយៈ​សារព័ត៌មាន Aljazeera ថា លោក ហ៊ុន សែន គួរតែ​ពិភាក្សា​ជាមួយ​មេដឹកនាំ​អាស៊ាន​ផ្សេង​ទៀត​មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ភូមា ជួប​មេដឹកនាំ​យោធា​ផ្ដាច់ការ​ភូមា ដែល​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​មេដឹកនាំ​ជាប់​ឆ្នោត​នោះ។

លោក សៃហ្វូឌីន អាប់ឌុលឡាស់ បញ្ជាក់​ថា រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​មួយ​ចំនួន​មិន​យល់ស្រប​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នេះ​ឡើយ ព្រោះ​ពួកគេ​បារម្ភ​ថា វា​អាច​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ការ​ទទួលស្គាល់​ថ្នាក់​តំបន់​នៃ​ការ​ដឹកនាំ​របប​យោធា​ក្នុង​ប្រទេស​ភូមា ទៅវិញ។

ប្រភព​ដដែល​សង្កត់​ធ្ងន់​ថា ដំណើរ​ទស្សនកិច្ច​ក្នុង​នាម​មេដឹកនាំ​រដ្ឋ​មួយ មិនមែន​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​នេះ​កើតឡើង​នៅ​ពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​រួចហើយ ដូច្នេះ​គួរតែ​មាន​ការ​ពិភាក្សា​ជាមួយ​មេដឹកនាំ​អាស៊ាន​ផ្សេង​ទៀត ដើម្បី​ស្វែងរក​ការ​យល់​ឃើញ​ស្រប​គ្នា​មួយ​មុន​នឹង​សម្រេច​អនុវត្ត​កិច្ចការ​នេះ។

កាលពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ជួប​ជាមួយ​មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង ក្នុង​បេសកកម្ម​ដោះស្រាយ​វិបត្តិ​ជូន​ពលរដ្ឋ​ភូមា ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​អ្នក​តាមដាន​កិច្ចការ​អន្តរជាតិ​មើល​ឃើញ​ថា មាន​លទ្ធផល​វិជ្ជមាន​តិចតួច​បំផុត ប៉ុន្តែ​ការ​រិះគន់ និង​ការ​ប្រឆាំង​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ​មាន​ទំហំ​យ៉ាង​ធំធេង។

ជា​លទ្ធផល​ក្រោយ​ដំណើរ​ទស្សនកិច្ច​នេះ កិច្ចប្រជុំ​ចង្អៀត​មួយ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដែល​គ្រោង​ធ្វើ​នៅ​ក្នុង​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៨-១៩ ខែ​មករា ឆ្នាំ​២០២២ ត្រូវ​បាន​លើក​ពេល​ដោយ​គ្មាន​កាលកំណត់។ បញ្ហា​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ដោយសារ​មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ដែល​មិន​ចង់​ឃើញ​វត្តមាន​របស់​រដ្ឋមន្ត្រី​ការបរទេស​ភូមា​ក្នុង​របប​សឹក​ក្នុង​កិច្ចប្រជុំ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូនេស៊ី បង្ហោះ​សារ​លើ​បណ្តេញ Twitter របស់​លោក​ថា ប្រសិនបើ​មិន​មាន​ការ​វិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​ណា​មួយ​ទៅលើ ៥​ចំណុច​ដែល​បាន​ឯកភាព​គ្នា​ទេ តំណាង​របស់​ប្រទេស​ភូមា អាច​ចូលរួម​ប្រជុំ​អាស៊ាន​បាន តែ​ក្នុង​កម្រិត​មិនមែន​នយោបាយ​តែប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​បាន​ចាត់ទុក​ជំនួប​រវាង​លោក ហ៊ុន សែន និង​មេ​រដ្ឋប្រហារ លោក មីន អ៊ុងឡាំង ថា​ជា​ការ​បំផ្លាញ​ឆន្ទៈ​របស់​ប្រជាជន​ភូមា ហើយ​ចោទ​ថា លោក ហ៊ុន សែន មាន​ផែនការ​អាក្រក់​ក្នុង​ការ​ទទួលស្គាល់​របប​សឹក​ភូមា​ខុសច្បាប់​នេះ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស