38.8 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ទិដ្ឋភាព​៦​ចំណុច​ដែល​បក្ស​កាន់​អំណាច​ត្រូវតែ​ទម្លាក់​ការ​ចោទប្រកាន់​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​បាន​ផ្តល់​អនុសាសន៍ ៦​យ៉ាង​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ប្រញាប់​ទម្លាក់​ចោល​ការ​ចោទប្រកាន់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ។

អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា នេះ​ថា បើ​ពិនិត្យ​លើ​ផ្លូវច្បាប់ គេ​នឹង​មើល​ឃើញ​ថា ការ​បន្ត​បិទ​សិទ្ធិ​សេរីភាព​លោក កឹម សុខា គឺ​ខុស​នីតិវិធី​ច្បាប់​ទាំងស្រុង ហើយ​ការ​ធ្វើ​បែប​នេះ​គឺជា​កំហុស​យ៉ាង​ធ្ងន់ធ្ងរ​ដែល​បង្ក​ឡើង​ដោយ​តុលាការ​កម្ពុជា។

ជាង​នេះ​ទៅ​ទៀត បើ​មើល​លើ​ទិដ្ឋភាព​នយោបាយ បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន នឹង​ទទួល​រង​នូវ​ការ​រិះគន់​កាន់តែ​ខ្លាំង​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ព្រោះ​ថា​ពួកគេ​ដឹង​យ៉ាង​ច្បាស់​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា គឺជា​រឿង​នយោបាយ​ដើម្បី​បំបិទ​សំឡេង​ប្រឆាំង​ជិត​កន្លះ​នគរ​ប៉ុណ្ណោះ មិន​មែន​មេដឹកនាំ​ប្រឆាំង​ប្រព្រឹត្ត​ខុសច្បាប់​របស់​កម្ពុជា​នោះ​ទេ។

បណ្ឌិត សូ ណារ៉ូ អះអាង​ថា ប្រសិនបើ​សំណុំរឿង​របស់​លោក កឹម សុខា នៅតែ​អូស​បន្លាយ​ស្រប​ពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នេះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ភាព​អយុត្តិធម៌​សង្គម​កាន់តែ​ខ្លាំង​នៅ​កម្ពុជា​ទៅកាន់​ឆាក​អន្តរជាតិ ដែល​នឹង​រុញច្រាន​កម្ពុជា​ឱ្យ​ទៅ​ក្នុង​អស្ថិរភាព​នយោបាយ​ដែល​បង្ក​នូវ​វិបត្តិ​រាប់​មិន​អស់​ដល់​ពលរដ្ឋ​ខ្មែរ។

ជាង​នេះ​ទៀត នៅ​ពេល​ដែល​ការ​បោះឆ្នោត​អសកល និង​ការ​បោះឆ្នោត​ជាតិ​មក​ដល់ ហើយ​មេដឹកនាំ​បក្ស​ប្រឆាំង​នៅតែ​មិន​អាច​ទទួល​បាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើងវិញ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​កម្ពុជា​ទេ នោះ​ការ​បោះឆ្នោត​នោះ​នឹង​មិន​ទទួល​បាន​ការ​ស្វាគមន៍​ពី​ពលរដ្ឋ​ឡើយ ដោយសារតែ​ខ្លួន​បាន​យក​មេ​បក្ស​ប្រឆាំង​ធ្វើជា​ចំណាប់ខ្មាំង។

បណ្ឌិត សូ ណារ៉ូ បន្ត​ថា ការ​រិះគន់​របស់​អន្តរជាតិ​ក៏​ជា​ទិដ្ឋភាព​មួយ​ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ត្រូវតែ​ពិចារណា​កាន់តែ​ខ្លាំង​ផង​ដែរ ព្រោះ​ថា​សព្វថ្ងៃ​នេះ ទាំង​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ជាពិសេស​គឺ​ការ​ដោះលែង​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ​តែម្តង ដើម្បី​ឱ្យ​កម្ពុជា​អាច​ទម្លាយ​ភាព​ទាល់ច្រក​របស់​ខ្លួន​ដែល​ជាប់​គាំង។

ការ​អះអាង​នេះ ធ្វើ​ដើម្បី​ជំរុញ​ឱ្យ​បក្ស​កាន់​អំណាច​លើកលែង​ការ​ចោទប្រកាន់​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​នូវ​ការ​រឹតត្បិត​សេរីភាព​ក្រោម​បទ​ចោទ​ទាំង​អយុត្តិធម៌ ថា​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ពី​សំណាក់​តុលាការ​កម្ពុជា​សព្វថ្ងៃ​នេះ។

ចំណែក​អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សុវិជ័យ បាន​លើកឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន មិន​គួរ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​នោះ​ទេ ព្រោះ​ថា​លោក កឹម សុខា គឺជា​មេដឹកនាំ​នយោបាយ​អហិង្សា និង​ស្លូតត្រង់​មួយ​រូប​ដែល​មិន​បង្ក​គ្រោះថ្នាក់​សម្រាប់​ប្រទេស​ជាតិ​នោះ​ឡើយ។

ដោយឡែក​អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៥ មករា នេះ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​ផ្លាស់ប្ដូរ​ឧត្តមគតិ​ជាតិ​របស់​គាត់​នោះ​ទេ​នៅ​ពេលនេះ ប៉ុន្តែ​គាត់​គួរតែ​បញ្ចេញ​សកម្មភាព​នយោបាយ​របស់​ខ្លួន​ឱ្យ​សកម្ម​ជាង​នេះ​បន្ថែម​ទៀត។

ទោះជាយ៉ាងណា​ក៏ដោយ លោក គឹម សុខ មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នៅឡើយ​ទេ​ថា តើ​សកម្មភាព​បន្ថែម​នោះ​ជា​សកម្មភាព​អ្វី​ឲ្យ​ប្រាកដ។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ចុង​ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​នៅតែ​មាន​ភាព​ស្អាតស្អំ​នៅឡើយ ព្រោះ​ថា​លោក​មិន​ទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ ខណៈ​តុលាការ​កម្ពុជា​កំពុង​ដំណើរការ​សវនាការ​របស់​លោក​ឡើងវិញ​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស