27 C
Phnom Penh

រុស្ស៊ី​មិន​ពិបាក​ទេ​ក្នុង​ការ​លុកលុយ​អ៊ុយក្រែន ចុះ​ហេតុ​អ្វី​បាន​ជា​រុស្ស៊ី​ពិបាក​ធ្វើ​ការ​សម្រេច​ចិត្ត?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​អ៊ុយក្រែន នៅ​ពេលនេះ​កំពុង​ធ្លាក់​ចូល​ក្នុង​ស្រមោល​នៃ​សង្គ្រាម​ឈ្លានពាន​យ៉ាង​ពិតប្រាកដ​ពី​សំណាក់​ប្រទេស​មហាអំណាច​ជាប់​របង​ផ្ទះ គឺ​ប្រទេស​រុស្ស៊ី។

អ៊ុយក្រែន ដែល​ជា​ធ្លាប់​ជា​រដ្ឋ​ចំណុះ​ឲ្យ​សហភាព​សូវៀត កំពុង​ដង្ហោយ​ហៅ​ឱ្យ​មាន​ការ​ជួយ​អន្តរាគមន៍​ពី​អង្គការ​យោធា​ណាតូ (NATO) ដែល​នាំមុខ​ដោយ​សហរដ្ឋ​អាមេរិក និង​អង់គ្លេស។ អ៊ុយក្រែន ពុំ​ទាន់​ក្លាយ​ជា​សមាជិក​របស់​អង្គការ​នេះ​ទេ ប៉ុន្តែ​ចាប់តាំង​ពី​រុស្ស៊ី​ដណ្ដើម​យក​គ្រីមៀរ បាន​នៅ​ឆ្នាំ​២០១៤ តាមរយៈ​ការ​បោះឆ្នោត​ប្រជាមតិ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អ៊ុយក្រែន ស្វះស្វែង​សុំ​ចូល​ជា​សមាជិក​របស់​អង្គការ​យោធា​អឺរ៉ុប​មួយ​នេះ។ ដោយ​មើល​ឃើញ​ថា​អ៊ុយក្រែន​ចង់​ក្លាយ​ជា​សមាជិក​របស់​ខ្លួន ក្រុម​យោធា​ណាតូ ក៏​ចង់​ទាញ​អ៊ុយក្រែន​មក​នៅ​នឹង​ខ្លួន​ដែរ។

រយៈពេល​ចុងក្រោយ​នេះ នៅ​ពេល​មហាអំណាច​រុស្ស៊ី ដំឡើង​សព្វាវុធ និង​ដាក់​ពង្រាយ​កងទ័ព​រាប់​ម៉ឺន​នាក់​ជាប់​នឹង​ព្រំដែន​អ៊ុយក្រែន បាន​ធ្វើ​ឲ្យ​ប្រធានាធិបតី​អ៊ុយក្រែន រត់​ទៅ​ពឹង​មហាអំណាច​អាមេរិក​ដែល​ជា​សមាជិក​មួយ​នៃ​អង្គការ​យោធា​ណាតូ​ដ៏​មាន​ឥទ្ធិពល​ជាងគេ​ឲ្យ​ជួយ​ការពារ​អ៊ុយក្រែន។

ដោយ​មើល​ឃើញ​សភាពការណ៍​យោធា​កាន់តែ​ធ្ងន់ធ្ងរ សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​ដែល​ជា​មហាអំណាច​មួយ ក៏​បាន​បញ្ជូន​សព្វាវុធ​របស់​ខ្លួន​ទៅ​ជួយ​កងទ័ព​អ៊ុយក្រែន ព្រោះ​ថា​បើ​សង្គ្រាម​ផ្ទុះឡើង គឺ​កងទ័ព​អ៊ុយក្រែន​ពុំ​មាន​អាវុធ​ទំនើបៗ​ក្នុង​ដៃ​នោះ​ទេ គឺ​អាវុធ​របស់​អ៊ុយក្រែន​មាន​សព្វថ្ងៃ​នេះ​សុទ្ធតែ​ជា​របស់​អតីត​សហភាព​សូវៀត។

យ៉ាងណា អ៊ុយក្រែន​ក៏​មិន​បាន​ចុះចាញ់​មុន​សង្គ្រាម​ផ្ទុះឡើង​ដែរ ដោយ​បាន​ដាក់​ពង្រាយ​អាវុធ​ទោះ​ជា​របស់​សហភាព​សូវៀត គឺ​រួចរាល់​អស់​ហើយ​នៅ​តាម​ព្រំដែន​ជាប់​នឹង​រុស្ស៊ី ជាមួយ​នឹង​វត្តមាន​កងទ័ព​ជាង ១៥​ម៉ឺន​នាក់។ ទំនង​ដូចនេះ​ហើយ មើល​ទៅ​បាន​ជា​អាមេរិក និង​អង់គ្លេស មាន​ចិត្ត​ចង់​ជួយ​អ៊ុយក្រែន។

តែ​បើ​និយាយ​អំពី​កម្លាំង​ទ័ព និង​សព្វាវុធ​វិញ គឺ​អ៊ុយក្រែន​មិន​អាច​ប្រៀបធៀប​នឹង​រុស្ស៊ី​ឡើយ។ មាន​ន័យ​ថា រុស្ស៊ី​ចង់​លេប​អ៊ុយក្រែន​បាន​គ្រប់​ស្ថានការណ៍​ទាំងអស់។

ចុះ​ហេតុ​អ្វី​បាន​ជា​រុស្ស៊ី​ពិបាក​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​វាយលុក​អ៊ុយក្រែន? ការពិត រុស្ស៊ី​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត គឺ​មាន​កត្តា​ច្រើន​យ៉ាង។

កត្តា​ទី​១ គឺ​ដោយសារតែ​រុស្ស៊ី ត្រូវ​ប្រឈមមុខ​នឹង​ផលវិបាក​ធ្ងន់ធ្ងរ គឺ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​លោក​ខាងលិច។ បើ​តាម​នាយករដ្ឋមន្ត្រី​អង់គ្លេស និង​សហរដ្ឋ​អាមេរិក គឺ​ទណ្ឌកម្ម​ដែល​នឹង​អាច​ដាក់​ទៅ​លើ​ប្រទេស​រុស្ស៊ី គឺ​ការ​កាត់ផ្ដាច់​បំពង់​បង្ហូរ​ឧស្ម័ន​របស់​រុស្ស៊ី ដែល​មកកាន់​ទីផ្សារ​អឺរ៉ុប ព្រោះ​ប្រទេស​មាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី បាន​ធានា​នឹង​អង្គការ​ណាតូ និង​អាមេរិក​ថា​នឹង​សហការ​ជួយ​អាមេរិក បិទ​បំពង់​បង្ហូរ​ឧស្ម័ន​របស់​រុស្ស៊ី​ដែល​ឆ្លងកាត់​ប្រទេស​របស់​ពួកគេ។ ទីផ្សារ​ឧស្ម័ន​របស់​រុស្ស៊ី អាច​ត្រូវ​ព្យួរ ហើយ​អឺរ៉ុប​នឹង​ពង្រីក​ការ​ប្រើ​ឧស្ម័ន​ពី​ប្រទេស​កាណាដា។ នេះ​ជា​វិធានការ​មួយ​ដែល​រុស្ស៊ី​ពិបាក​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​លើក​ទ័ព​លុកលុយ​អ៊ុយក្រែន។

កត្តា​ទី​២ គឺ​រុស្ស៊ី បារម្ភ​អំពី​កម្លាំង​ទ័ព​របស់​អង្គការ​ណាតូ ដែល​បាន​ឡោមព័ទ្ធ​រុស្ស៊ី​ទៅ​ហើយ នេះ​ហើយ​បើ​សង្គ្រាម​ហៀរ​ដល់​ប្រទេស​សមាជិក​របស់​ណាតូ គឺ​កម្លាំង​ទ័ព ៣០​ប្រទេស​ពិត​ណាស់​នឹង​វាយ​សន្ធប់​លើ​រុស្ស៊ី ព្រោះ​តែ​សព្វាវុធ​របស់​ណាតូ សុទ្ធតែ​ជា​របស់​អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ ហុឡង់ដ៍ កាណាដា អ៊ីតាលី គឺ​សុទ្ធតែ​មាន​សក្ដានុពល។ បើ​ធ្លាក់​ក្នុង​សង្គ្រាម​អឺរ៉ុប ហើយ​រុស្ស៊ី​ឈ្នះ​សង្គ្រាម គឺ​ពិត​ណាស់​នឹង​ក្លាយ​ជា​មហាអំណាច​លើស​អាមេរិក​ទៅ​ទៀត គឺ​ផ្នែក​យោធា តែ​បើ​ចាញ់​សង្គ្រាម គឺ​របប​ផ្ដាច់ការ​នៅ​វិមាន​ក្រឹមឡាំង សព្វថ្ងៃ​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង វ្លាឌីមៀរ ពូទីន នឹង​រលាយ គឺ​ដូច​សហភាព​សូវៀត ដួល​រលំ​នៅ​ឆ្នាំ​១៩៨៩។ នេះ​ជា​កត្តា​ស្លាប់​រស់​របស់​រុស្ស៊ី ដែល​ពិបាក​បំផុត​ក្នុង​ការ​លើក​ទ័ព​លុកលុយ​អ៊ុយក្រែន បើ​ឈាន​ដល់​ការ​ផ្ទុះ​សង្គ្រាម​នៅ​អឺរ៉ុប​ខាងកើត ព្រោះ​ប្រទេស​អឺរ៉ុប​ខាងកើត​សុទ្ធសឹងតែ​ជា​សមាជិក​អង្គការ​ណាតូ និង​ជា​ប្រទេស​សម្ពន្ធភាព​របស់​លោក​ខាងលិច។

អ្វី​ដែល​រុស្ស៊ី ទន់ខ្សោយ គឺ​ពុំ​មាន​ប្រទេស​ច្រើន​ទេ​នៅ​អឺរ៉ុប​ខាងកើត​អាច​ជួយ​រុស្ស៊ី គឺ​អាច​មាន​តែ​ប្រទេស​បេឡារ៉ុស​មួយ​ប៉ុណ្ណោះ​ចង់​ជួយ​រុស្ស៊ី។ ប្រទេស​បេឡារ៉ុស​សព្វថ្ងៃ​នេះ​កំពុង​ស្ថិត​ក្រោម​ការ​រំជើបរំជួល​នយោបាយ​ផ្ទៃក្នុង ព្រោះ​តែ​ក្រុម​ប្រឆាំង​មាន​កម្លាំង​ខ្លាំង​ដែល​ចង់​បញ្ចប់​របប​ផ្ដាច់ការ​របស់​ប្រធានាធិបតី អាឡិចហ្សង់ឌឺ លុយកាឆេនកូ ដែល​ជា​មិត្ត​ស្លាប់​រស់​នឹង​លោក ពូទីន។

ចំពោះ​លោក​ខាងលិច ក៏​ចង់​បញ្ចប់​របប លុយកាឆេនកូ នេះ​ដែរ ហើយ​បើ​ពុំ​អាច​ទប់ទល់​បាន​ទេ គឺ​រលំ​ទាំង​រុស្ស៊ី និង​បេឡារ៉ុស គឺ​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ប្រវត្តិសាស្ត្រ​នៅ​អឺរ៉ុប​ខាងកើត​នឹង​ផ្លាស់ប្ដូរ​ម្ដង​ទៀត។

អ្វី​ដែល​រុស្ស៊ី​ចង់​បាន​ពី​អ៊ុយក្រែន និង​ណាតូ គឺ​ក្រុង​មូស្គូ ត្រូវការ​ដែនដី​មួយ​ផ្នែក​ទៀត​ពី​អ៊ុយក្រែន គឺ​តំបន់​ដូនបាស់ ដែល​សភា​រុស្ស៊ី កំពុង​ត្រៀម​ប្រកាស​យក​ជា​របស់​រុស្ស៊ី​តែ​ម្ដង​ដោយ​ពុំ​ចាំបាច់​ធ្វើ​សង្គ្រាម។ តែ​ទំនង​ទៅ​ពុំ​រួច ព្រោះ​កងទ័ព​អ៊ុយក្រែន​រាប់​ម៉ឺន​នាក់​នៅ​លើ​តំបន់​នោះ​អស់​ហើយ។

មួយ​វិញ​ទៀត រុស្ស៊ី​ដែល​ដាក់​ពង្រាយ​ទ័ព​ឡោមព័ទ្ធ​អ៊ុយក្រែន គឺ​ចង់​ដាក់​សម្ពាធ​ឱ្យ​មាន​ការ​ដោះដូរ​មេដឹកនាំ​អ៊ុយក្រែន គឺ​ក្រុង​មូស្គូ​ចង់​បាន​មេដឹកនាំ​ថ្មី​រណប​នឹង​រុស្ស៊ី គឺ​មិន​ត្រូវការ​លោក ហេ្សឡេនស្គី សព្វថ្ងៃ​នេះ​ទេ។ អ្វី​ដែល​សំខាន់​ខ្លាំង គឺ​រុស្ស៊ី ទប់ស្កាត់​អ៊ុយក្រែន មិន​ឱ្យ​ក្លាយ​ជា​សមាជិក​យោធា​ណាតូ ព្រោះ​មិន​ឱ្យ​មាន​វត្តមាន​ទ័ព​ណាតូ​ថែមទៀត​ជាប់​នឹង​របង​ព្រំដែន​រុស្ស៊ី​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស