29.3 C
Phnom Penh

លោក កឹម សុខា ផ្ញើ​សារ​ថ្លែង​អំណរគុណ​ពលរដ្ឋ​និង​តំណាង​អង្គទូត​ដែល​តាមដាន​សវនាការ​របស់​លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌ លោក កឹម សុខា បាន​ផ្ញើ​សារ​ថ្លែង​អំណរគុណ​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស អង្គការ​សង្គម​ស៊ីវិល អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ និង​តំណាង​អង្គទូត​ដែល​បាន​តាមដាន​នូវ​ដំណើរការ​សវនាការ​របស់​លោក។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ទោះបី​រូបលោក​មិនទាន់​បាន​ទទួល​យុត្តិធម៌​ក៏ដោយ ក៏​លោក​នៅតែ​សម្ដែង​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សហ​មេធាវី​ការពារ​ក្តី​ទាំង ៤​រូប សហការី អង្គការ​សង្គម​ស៊ីវិល អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ និង​អ្នក​ការទូត​តំណាង​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​ទាំងអស់ ដែល​បាន​តាមដាន​ដំណើរការ​សវនាការ​របស់​លោក​ដោយ​យកចិត្ត​ទុកដាក់​រហូត​មក។

លោក កឹម សុខា អះអាង​ថា បណ្តា​អង្គទូត​នៃ​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​តែង​យកចិត្ត​ទុកដាក់​នឹង​សំណុំរឿង​របស់​លោក​ជានិច្ច ជាក់ស្តែង​បន្ទាប់ពី​សវនាការ​កាលពី​ថ្ងៃ​ទី​១៩ ខែ​មករា បាន​មួយ​ថ្ងៃ ឯកអគ្គរាជទូត​ប្រទេស​ថៃ និង​ឯកអគ្គរាជទូត​ប្រទេស​ន័រវែស បាន​ទៅ​ជួប​លោក​ដោយ​ផ្ទាល់​ដល់​គេហដ្ឋាន ដើម្បី​សាកសួរ​អំពី​ដំណើរការ​នៃ​សវនាការ​នោះ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៧ ខែ​មករា នេះ​ថា សង្វៀន​នយោបាយ​កម្ពុជា​បច្ចុប្បន្ន គឺជា​សង្វៀន​របស់​បក្ស​កាន់​អំណាច​ផ្ដាច់មុខ​ប៉ុណ្ណោះ មិនមែន​ជា​សង្វៀន​នយោបាយ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​សម្រាប់​អ្នក​នយោបាយ​ខ្មែរ​អាច​ចូលរួម​សកម្មភាព​ដោយ​សេរី និង​ស្រប​ច្បាប់​ដែល​ពួកគេ​ចង់​បាន​នោះ​ឡើយ។

លោក ហ៊ុន កុសល រិះគន់​ថា ការ​បន្ត​បិទ​សិទ្ធិ​នយោបាយ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា សព្វថ្ងៃ​នេះ គឺ​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា សង្វៀន​នយោបាយ​នៅ​កម្ពុជា​គឺ​ស្ថិត​ក្នុង​ដៃ​គូសវាស​របស់​បក្ស​កាន់​អំណាច​ទាំងស្រុង ដូច្នេះ​លំហ​ប្រជាធិបតេយ្យ​ក៏​មិន​អាច​កើតមាន​បាន​ដែរ។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៧ មករា នេះ​ដែរ​ថា នៅ​ពេល​ដែល​ពលរដ្ឋ​មាន​ការ​យល់ដឹង​ខ្ពស់ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ប្រជាភិថុតិ​មិន​អាច​ឈរ​ជើង​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​ពួកគេ​លើ​សង្វៀន​នយោបាយ ដែល​មាន​ការ​ប្រកួតប្រជែង​ដោយ​ត្រឹមត្រូវ​បាន​ទៀត​ឡើយ។

នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២២ នេះ អគ្គនាយក​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​ការិយាល័យ​ការបរទេស​រដ្ឋាភិបាល​សហព័ន្ធ​អាល្លឺម៉ង់ អ្នកស្រី ផេត្រា ស៊ីកម៉ុនដ៏ (Petra Sigmund) បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ទ្វីធ័រ​ផ្លូវការ​របស់​ខ្លួន​ថា ពិតជា​ល្អ​ណាស់​ដែល​អ្នកស្រី​បាន​ជួប​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដោយ​ការ​ផ្លាស់ប្ដូរ​យោបល់​គ្នា​អំពី​កិច្ចការ​បច្ចុប្បន្ន ស្ថានភាព​នៃ​ការ​ជំនុំជម្រះ​ក្តី​របស់​លោក និង​ក្តី​សង្ឃឹម​សម្រាប់​ការ​សន្និដ្ឋាន​បញ្ចប់​ដោយ​យុត្តិធម៌ និង​ឆាប់​រហ័ស​នៃ​សវនាការ​នេះ។ អ្នកស្រី​បញ្ជាក់​ថា សហព័ន្ធ​អាល្លឺម៉ង់ គាំទ្រ​កម្ពុជា​ឱ្យ​មាន​ពហុ​បក្ស វិបុលភាព និង​សន្តិវិធី។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន និង​បន្ត​ឃារឃាំង​សិទ្ធិ​សេរីភាព​នយោបាយ​របស់​លោក​អស់​រយៈពេល​ជាង ៤​ឆ្នាំ​មក​ហើយ ប៉ុន្តែ​រហូត​មក​ទល់នឹង​ពេលនេះ តុលាការ​នៅតែ​មិនទាន់​កាត់ទោស​លោក​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ ខណៈ​សវនាការ​របស់​លោក​ចេះ​តែ​អូស​បន្លាយ​ដោយ​គ្មាន​ពេល​កំណត់។

ជុំវិញ​សវនាការ​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ សមាជិក​សភា​សហរដ្ឋ​អាមេរិក លោក ស្ទីវ ឆាបុត (Steve Chabot) កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២២ អះអាង​ថា ការ​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ​លើ​លោក កឹម សុខា គឺជា​រឿង​នយោបាយ​សុទ្ធសាធ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស