28.4 C
Phnom Penh

បុគ្គលិក NAGA ចោទ​ថៅកែ​ថា​ព្យាយាម​បញ្ចេញ​ព័ត៌មាន​បំភ្លៃ​ការពិត​និង​បំភ័ន្ត​ភ្នែក​សាធារណជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​កូដករ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើលដ៍ (NAGA World) ចោទ​ថៅកែ​ក្រុមហ៊ុន​ថា​បាន​ព្យាយាម​បញ្ចេញ​ព័ត៌មាន​បំភ្លៃ​ការពិត និង​បំភ័ន្ត​ភ្នែក​សាធារណជន ដើម្បី​គេចវេស​ពី​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន។

ការ​ចោទប្រកាន់​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​សណ្ឋាគារ​មួយ​នា​ថ្ងៃ​ទី​២៨ ខែ​មករា នេះ ដោយ​ឆ្លើយតប​ទៅ​ក្រុមហ៊ុន​ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជុំវិញ​បញ្ហា​កូដកម្ម និង​បញ្ហា​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២២។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន ណាហ្គា​វើលដ៍ លើកឡើង​ថា ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០២១ ក្រុមហ៊ុន​នេះ​បាន​ខាតបង់​ប្រាក់សុទ្ធ​ជាង ៧៧​លាន​ដុល្លារ ទើប​ធ្វើ​ឱ្យ​ក្រុមហ៊ុន​កាត់បន្ថយ​បុគ្គលិក​ណា​ដែល​លើស​តម្រូវការ និង​បុគ្គលិក​គ្មាន​ផលិតភាព​ប៉ុណ្ណោះ។ លើស​ពី​នេះ ក្រុមហ៊ុន​យកចិត្ត​ទុកដាក់​សុខុមាលភាព​បុគ្គលិក ដោយ​មិន​គិត​ពី​ឋានៈ និង​មិន​រើសអើង​ចំពោះ​បុគ្គលិក​ដែល​ជា​សមាជិក​សហជីព ជាដើម។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៨ មករា នេះ កូដករ​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ កញ្ញា ជឹម រដ្ឋា បាន​ច្រានចោល​ដោយ​ចាត់ទុក​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន ថា​ជា​រឿង​មិន​ពិត និង​ធ្វើឡើង​ដើម្បី​គេចវេស​ពី​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន។ កញ្ញា​បន្ត​ថា វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ បាន​កើតឡើង​បន្ទាប់ពី​ក្រុមហ៊ុន​បាន​បញ្ឈប់​បុគ្គលិក ១៣២៩​នាក់ ដែល​ក្នុង​នោះ​ជាង ៨០% ជា​សមាជិក សកម្មជន និង​ថ្នាក់​ដឹកនាំ​សហជីព។

កញ្ញា ជឹម រដ្ឋា និយាយ​ទៀត​ថា ការ​តវ៉ា​របស់​ពួកគាត់​រយៈពេល ៤២​ថ្ងៃ​មក​នេះ អាជ្ញាធរ និង​ភាគី​ក្រុមហ៊ុន​បាន​ព្យាយាម​ចេញ​ព័ត៌មាន​មិន​ពិត​បង្ក​ការ​រំខាន​ផ្សេងៗ រួម​ទាំង​បាន​គំរាមកំហែង​មក​លើ​ពួកគាត់​ជា​ក្រុម​កូដករ​ទៀត​ផង។ កញ្ញា​បញ្ជាក់​ថា ការ​គំរាមកំហែង​មាន​ដូចជា ការ​ថតរូប ការ​តាម​ឃ្លាំមើល​គ្រប់​សកម្មភាព​របស់​ក្រុម​កូដករ ការ​បង្ក​ចលាចល​ដោយ​ប្រើ​ពាក្យ​សម្ដី​អសុរោះ និង​ព្យាយាម​បង្ក​ជា​ជម្លោះ​ដោយ​ក្រុម​ជន​ស្លៀកពាក់​ស៊ីវិល​ជាដើម។ កញ្ញា​និយាយ​ថា ក្រុមហ៊ុន​នេះ​មិន​បាន​រក​ដំណោះស្រាយ​ដល់​ពួកគាត់​ហើយ បែរជា​ព្យាយាម​បំភ្លៃ​ព័ត៌មាន​ដើម្បី​គេចវេស​ពី​ការ​ទទួល​ខុសត្រូវ។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ បាន​ចាត់ទុក​ការ​អូស​បន្លាយ​មិន​ដោះស្រាយ​វិវាទ​ការងារ​នេះ ថា​នឹង​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​កាន់តែ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស ខណៈ​សហគមន៍​អឺរ៉ុប ស្ថានទូត​អាមេរិក រួម​ទាំង​ប្រទេស​ផ្សេងៗ​ទៀត​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ទាំង ៨​នាក់ និង​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​ភាគី​ក្រុមហ៊ុន​ដោះស្រាយ​វិវាទ​នេះ​ឱ្យ​បាន​ឆាប់។

ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជំរុញ​ទៅ​ភាគី​ពាក់ព័ន្ធ​ឱ្យ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ឱ្យ​បាន​ឆាប់​ចប់ ដោយ​លោក​ចាត់ទុក​ការ​តវ៉ា​នេះ​ដោយសារ​វិវាទ​ការងារ។ លោក​ក៏​បាន​ទាមទារ​ឱ្យ​ក្រសួង​ការងារ អាជ្ញាធរ​ពាក់ព័ន្ធ ភាគី​ក្រុមហ៊ុន រួម​ទាំង​កូដករ​ដែល​កំពុង​តវ៉ា ត្រូវ​រក្សា​ភាព​អត់ធ្មត់ និង​ប្រកាន់​ជំហរ​សម្របសម្រួល​ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​នេះ។

ទាក់ទង​ករណី​នេះ​ដែរ សហជីព​អន្តរជាតិ​ផ្ញើ​លិខិត​ទៅកាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ដោយ​លើកឡើង​ថា វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ បាន​កើត​ចេញពី​ការ​បរាជ័យ​របស់​ភាគី​ក្រុមហ៊ុន​ក្នុង​ការ​គោរព​សិទ្ធិ​កម្មករ និង​សហជីព ចំពោះ​កិច្ចចរចា​ដោយ​សមូហភាព​ដើម្បី​ទទួល​បាន​ប្រាក់ឈ្នួល និង​លក្ខខណ្ឌ​ការងារ​កាន់តែ​ល្អ​ប្រសើរ។

ចាប់ពី​តាំងពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ នេះ ក្រុម​បុគ្គលិក​នៅតែ​នាំគ្នា​បន្ត​ធ្វើ​កូដកម្ម​ដោយ​អហិង្សា ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​តំណាង​សហជីព​ទាំង ៨​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ និង​ឱ្យ​ដោះស្រាយ​វិវាទ​ការងារ​ទៅ​តាម​ច្បាប់​ផង​ដែរ។ ប៉ុន្តែ​បើសិនជា​ក្រសួង និង​ក្រុមហ៊ុន​នៅតែ​មិនព្រម​ដោះលែង​តំណាង​ទាំង ៨​នាក់​ទេ ពួកគេ​នៅតែ​បន្ត​ធ្វើ​កូដកម្ម និង​មិន​ចូល​តុ​ចរចា​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស