មេដឹកនាំខ្មែរដែលឧស្សាហ៍គំរាមសម្លាប់គូប្រជែងនយោបាយរបស់ខ្លួន លោក ហ៊ុន សែន ទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ សម្រាប់ឆ្នាំ២០២២ ពីមូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់របស់ប្រទេសកូរ៉េខាងត្បូង ដោយសារមានស្នាដៃក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍដ៏ធំធេងសម្រាប់មនុស្សជាតិ។
លោក ហ៊ុន សែន បានទម្លាយលិខិតមួយដែលទទួលបានពីមូលនិធិពានរង្វាន់ស៊ុនហាក់តាមរយៈអង្គភាពសារព័ត៌មានដែលស្និទ្ធនឹងខ្លួន Fresh News កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ដែលមានខ្លឹមសារថា ការផ្តល់ពានរង្វាន់នេះដោយសារតែលោក ហ៊ុន សែន បានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកសាងសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
ប្រភពដដែលអះអាងថា គណៈកម្មាធិការមូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់បានទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំខ្មែរដែលគំរាមកាន់អំណាចតត្រកូល លោក ហ៊ុន សែន ក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយ រួមទាំងការអំពាវនាវឱ្យបង្កើតសហភាពអាស៊ីប៉ាស៊ីហ្វិកផងដែរ។
ការទម្លាយលិខិតមូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់នេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងរងការរិះគន់យ៉ាងខ្លាំងលើមេដឹកនាំបក្សកាន់អំណាច ទាំងការដឹកនាំប្រទេសកម្ពុជា និងការដឹកនាំអាស៊ានដែលខ្លួនកំពុងធ្វើជាប្រធានប្តូរវេននៅឆ្នាំ២០២២ នេះ។
ជុំវិញការផ្តល់ជូនមេដឹកនាំកម្ពុជានូវពានរង្វាន់ស៊ុនហាក់នេះ កូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានអះអាងថា ពានរង្វាន់នេះមិនត្រឹមតែជាការទទួលស្គាល់នូវគុណូបការៈរបស់ឪពុកលោកចំពោះសន្តិភាពប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីសមិទ្ធផលសន្តិភាពកម្ពុជាដែលកំពុងមានសព្វថ្ងៃនេះផងដែរ។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣១ មករា នេះថា ការផ្តល់ពានរង្វាន់នេះ គឺគ្រាន់តែបង្ហាញនូវសមានចិត្តសប្បុរសធម៌របស់គណៈកម្មាធិការមូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់ប៉ុណ្ណោះ ព្រោះការផ្តល់នេះគ្រាន់តែជាការជួយលើកទឹកចិត្តលោក ហ៊ុន សែន ដែលកំពុងរងនូវភាពអាម៉ាស់ ដែលបរាជ័យពីអំនួតនយោបាយការទូតរបស់លោកក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសភូមា កាលពីពេលថ្មីៗនេះ។
លោក ម៉ែន ណាត បញ្ជាក់ថា ការចេញលិខិតអបអរសាទររបស់មន្ត្រីរដ្ឋាភិបាលកម្ពុជាចំពោះពានរង្វាន់នេះ មិនមែនជាការអបអរសាទរដោយស្មោះត្រង់នោះទេ ប៉ុន្តែពួកគេធ្វើដើម្បីតែយកចិត្តលោក ហ៊ុន សែន ក្នុងការរក្សាតំណែងរបស់ខ្លួនប៉ុណ្ណោះ ត្បិតលោក ហ៊ុន សែន ពេលនេះកំពុងបាក់មុខលើឆាកអន្តរជាតិយ៉ាងធ្ងន់ធ្ងរ ជាពិសេសសហរដ្ឋអាមេរិកគ្រោងនឹងលុបកិច្ចប្រជុំអាស៊ាន-អាមេរិក នៅខែកុម្ភៈ ខាងមុខនេះផងដែរនោះ។
ក្រុមអ្នកសង្កេតការណ៍រិះគន់ថា ក្រោមការដឹកនាំកម្ពុជាជាង ៤០ឆ្នាំមកនេះ លោក ហ៊ុន សែន មិនទាន់អាចរកសន្តិភាពជូនពលរដ្ឋខ្មែរបាននៅឡើយទេ ខណៈសន្តិភាពដែលបក្សកាន់អំណាចតែងប្រកាសកន្លងមក គឺជាសន្តិភាពក្រោមចុងកាំភ្លើងរបស់ពួកគេតែប៉ុណ្ណោះ។
ប្រភពដដែលបញ្ជាក់ថា មេដឹកនាំកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាលឯកបក្សសព្វថ្ងៃនេះ ជាមេដឹកនាំដែលរំលោភរដ្ឋធម្មនុញ្ញ រំលោភកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ១៩៩១ ជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងគំរាមកាន់កាប់អំណាចផ្ដាច់មុខតត្រកូលថែមទៀត៕