31 C
Phnom Penh

ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ខ្លាំងៗ​នូវ​ការ​ជួល​ក្រុមហ៊ុន​ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ប្រតិកម្ម​ថា នៅ​ពេល​ដែល​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​អះអាង​ថា​ការ​ជួល​ក្រុមហ៊ុន​ឲ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា និង​អាមេរិក​ឡើងវិញ គឺជា​រឿង​ល្អ នោះ​មាន​ន័យ​ថា លុយ​គឺ​អាច​ធ្វើ​ឱ្យ​អាក្រក់​ទៅ​ជា​ល្អ ដោយ​ប្រាសចាក​ភាព​ត្រឹមត្រូវ​យ៉ាង​ពិតប្រាកដ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា នៅ​ពេល​ដែល​ពួកគេ​ផ្តល់​តម្លៃ​ទៅ​លើ​លុយ ជាជាង​ភាព​ត្រឹមត្រូវ​ទៅ​ហើយ​នោះ ពួកគេ​នឹង​ប្រើ​លុយ​ធ្វើ​រឿង​ខ្មៅ​ឲ្យ​ទៅ​ជា​ស កែប្រែ​រឿង​អាក្រក់​ទៅ​ជា​ល្អ ធ្វើ​ខុស​ឱ្យ​ទៅ​ជា​ត្រូវ ថោកទាប​ទៅ​ជា​ថ្លៃថ្នូរ ជាដើម។

បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា តាម​ការ​សង្កេត​របស់​លោក​លើ​ទ្រឹស្ដី​របស់​អ្នកប្រាជ្ញ​ស្តី​អំពី​អំណាច​ទឹកលុយ គឺ​នៅតែ​មាន​មនុស្ស​យក​ទ្រឹស្ដី​នោះ​មក​ប្រើ​ដើម្បី​ផលប្រយោជន៍​របស់​ខ្លួន ដោយ​លែង​គិត​ពី​ភាព​ត្រឹមត្រូវ យុត្តិធម៌ ឬ​ភាព​ថ្លៃថ្នូរ​រហូត​ដល់​បច្ចុប្បន្ន​នេះ រួម​ទាំង​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​កម្ពុជា​សព្វថ្ងៃ​នេះ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ព័ត៌មាន​លេច​ធ្លាយ​ដែល​ត្រូវ​គេ​លាតត្រដាង​ថា កម្ពុជា​បាន​ប្រើ​លុយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ជួល​ក្រុមហ៊ុន​មេធាវី​អាមេរិកាំង​មួយ ដើម្បី​ស្ដារ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើងវិញ​សម្រាប់​ឆ្នាំ​២០២២ នេះ។

កិច្ចព្រមព្រៀង​សម្ងាត់​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៧០​ម៉ឺន​ដុល្លារ​អាមេរិក​ដែល​លោក ហ៊ុន សែន បាន​ចំណាយ​សម្រាប់​ឆ្នាំ​២០២២ ក្នុង​ការ​ជួល​ក្រុមហ៊ុន អាឃីន ហ្គាំ ឲ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា និង​អាមេរិក​ឡើងវិញ ត្រូវ​បាន​ក្រសួង​យុត្តិធម៌​អាមេរិក លាតត្រដាង​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២២ នេះ។

យ៉ាងណាក៏ដោយ អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន កាលពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ អះអាង​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​បាន​ជួល​ក្រុមហ៊ុន​ដើម្បី​ធ្វើ​កិច្ចការ​នេះ​មែន​នោះ គឺជា​រឿង​ល្អ ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ​គឺជា​ការ​បញ្ជាក់​ពី​ទឹកចិត្ត​ល្អ​របស់​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣១ មករា នេះ​ថា ប្រសិនបើ​យក​លុយ​ជាតិ​ជួល​ក្រុមហ៊ុន​ដើម្បី​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក ឱ្យ​ទទួលស្គាល់​ការ​ដឹកនាំ​របស់​ខ្លួន​ស្រប​ពេល​ដែល​ខ្លួន​រឹតត្បិត​សេរីភាព​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​នោះ គឺ​មាន​ន័យ​ថា​ពួកគេ​កំពុង​ក្បត់​ទៅ​នឹង​ឆន្ទៈ​របស់​ពលរដ្ឋ​ទាំងស្រុង។

លោក មឿន តុលា បញ្ជាក់​ថា ពួកគេ​អាច​ប្រើ​លុយ​ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​ទាំងនោះ​បាន លុះត្រាតែ​ក្នុង​លក្ខខណ្ឌ​ដែល​ពួកគេ​ធ្វើឡើង​ក្នុង​គោលបំណង​រឹត​ចំណង​មិត្តភាព​ដើម្បី​ពង្រីក​សេដ្ឋកិច្ច ពាណិជ្ជកម្ម ដែល​អាច​ទាញ​ផលប្រយោជន៍​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​ជាតិ​ទាំងមូល ប៉ុន្តែ​បើ​គ្រាន់តែ​ដើម្បី​ការ​បិទបាំង​ការ​ដឹកនាំ​មិន​ល្អ​របស់​ខ្លួន​នោះ គឺជា​ការ​បំផ្លាញ​លុយ​ជាតិ​តែប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ឆ្នាំ​២០១៨ លោក ហ៊ុន សែន បាន​ចំណាយ​លុយ​ប្រមាណ​ជាង ១​លាន ២​សែន​ដុល្លារ និង​ឆ្នាំ​២០២១ បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា ៧​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែៗ​ដោយ​គ្មាន​កាលកំណត់​លើ​ក្រុមហ៊ុន ខ័រវីស (Qorvis LLC) ក្រុមហ៊ុន ប៉ាករីម ប្រ៊ីជីស (PacRim Bridges) និង​ក្រុមហ៊ុន ប្រោនស្តាញ ហៃយ៉ាត់ ហ្វាប៊័រ ស្រិក (Brownstein Hyatt Farber Schreck) ឱ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក កុំ​ឱ្យ​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​របស់​លោក​បន្ត​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស