29 C
Phnom Penh

វិបត្តិ​រុស្ស៊ី-អ៊ុយក្រែន​ធ្លាក់​ចូល​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ សម្រេច​បើក​កិច្ចប្រជុំ​នា​ថ្ងៃ​ចន្ទ ទី​៣១ មករា នេះ ដែល​ជា​លើកដំបូង​ចាប់តាំង​ពី​ផ្ទុះ​ភាព​តានតឹង​រវាង​អ៊ុយក្រែន និង​រុស្ស៊ី​កាន់តែ​ឡើង​កម្តៅ​ខ្លាំង​ដោយសារតែ​មហាអំណាច​នៅ​អឺរ៉ុប​មួយ​នេះ​គូស​ផែនទី​ប៉ុនប៉ង​វាយ​លុកលុយ​អ៊ុយក្រែន នៅ​ក្រោម​ក្រសែភ្នែក​របស់​យោធា​ណាតូ (NATO) ដែល​ព្រមាន​ប្រឆាំង​យ៉ាង​ខ្លាំង​លើ​ទង្វើ​របស់​ក្រុង​មូស្គូ។

ខណៈ​នេះ ទាំង​ទ័ព​មហាអំណាច​រុស្ស៊ី និង​អ៊ុយក្រែន កំពុង​ប្រឈមមុខ​ដាក់​គ្នា​នៅ​តាម​ព្រំដែន​រួម​នៃ​ប្រទេស​ទាំង​ពីរ។

តាម​ដំណឹង​មក​ថា ប្រទេស​រុស្ស៊ី បាន​បញ្ជូន​ពេទ្យ​យោធា​រាប់​ម៉ឺន​នាក់​ទៅ​ដាក់​ពង្រាយ​រួចរាល់​អស់​ហើយ​នៅ​ក្បែរ​ព្រំដែន​ជាប់​ជាមួយ​អ៊ុយក្រែន ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​ពេល​សង្គ្រាម​ផ្ទុះឡើង។

ការ​គំរាម​របស់​រុស្ស៊ី ទៅលើ​អ៊ុយក្រែន ដែល​កាន់តែ​ខ្លាំង​ឡើងៗ បាន​រុញ​ឱ្យ​មាន​ប្រតិកម្ម និង​ការ​ព្រមាន​ធ្ងន់ៗ​ពី​ក្រុម​ប្រទេស​លោក​ខាងលិច ដោយ​ចោទ​ទីក្រុង​មូស្គូ ថា​មាន​បំណង​ចូល​ឈ្លានពាន​អ៊ុយក្រែន​យ៉ាង​ពិតប្រាកដ។

ចំណែក​ខាង​រុស្ស៊ី វិញ​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ ខណៈ​មហាអំណាច​មួយ​នេះ​បាន​ទាមទារ​ឱ្យ​អង្គការ​យោធា NATO សន្យា​កុំ​ទទួល​អ៊ុយក្រែន​ឱ្យ​ចូល​ជា​សមាជិក​របស់​ខ្លួន​ដាច់ខាត ព្រមទាំង​ស្នើ​ឱ្យ​បញ្ឈប់​ការ​ដាក់​ពង្រាយ​សព្វាវុធ និង​កងទ័ព​នៅ​តំបន់​អឺរ៉ុប​ខាងកើត ដែល​ក្រុង​មូស្គូ ចាត់ទុក​ជា​ការ​យក​អាវុធ​មក​គំរាម​រុស្ស៊ី​ដោយ​ផ្ទាល់។

បែប​នេះ​ក្ដី ទាំង NATO និង​សហរដ្ឋ​អាមេរិក បាន​ច្រានចោល​ចំពោះ​ការ​ទាមទារ​របស់​រុស្ស៊ី។ ទាំងនេះ​ហើយ​នាំ​ឱ្យ​សភាពការណ៍​យោធា​នៅ​អឺរ៉ុប​ខាងកើត ជាពិសេស​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ស្ថិត​ក្នុង​សភាព​ផុយ​ស្រួយ​យ៉ាង​ខ្លាំង ហើយ​នាំ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​ជា​ស្ថាប័ន​មាន​អំណាច​ដ៏​ខ្លាំង​របស់​ពិភពលោក ត្រូវ​កំណត់​ពេល​បើក​កិច្ចប្រជុំ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣១ មករា នេះ ដែល​ជា​សំណើ​របស់​សហរដ្ឋ​អាមេរិក។

ទីភ្នាក់ងារ​សារព័ត៌មាន AP ធ្វើ​សេចក្ដី​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ ទី​៣១ ខែ​មករា នេះ​ថា ក្នុង​កិច្ចប្រជុំ​ពិសេស​នៃ​ក្រុមប្រឹក្សា​សន្តិសុខ នឹង​ត្រូវ​ទទួល​ជ្រាប​ការ​ផ្តល់​របាយការណ៍​ពី​មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ ហើយ​បន្ទាប់​មក​ទៀត គឺ​សេចក្តី​ថ្លែងការណ៍​របស់​សមាជិក​ទាំង​១៥ រួម​មាន​ទាំង​រុស្ស៊ី សហរដ្ឋ​អាមេរិក ព្រមទាំង​សមាជិក​សហភាព​អឺរ៉ុប ដូចជា​បារាំង និង​ចក្រភព​អង់គ្លេស ជាដើម។

យោង​តាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​គោលការណ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ គឺ​តំណាង​អ៊ុយក្រែន នឹង​ត្រូវ​ឡើង​និយាយ​ជុំវិញ​បញ្ហា​នេះ​នៅ​ចំពោះ​មុខ​តំណាង​រុស្ស៊ី។ ចំណែក​តំណាង​សហរដ្ឋ​អាមេរិក និង​អង់គ្លេស រំពឹង​ថា​នឹង​វាយបក​ខ្លាំង​លើ​ភាគី​រុស្ស៊ី។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ អ្នកស្រី Linda Thomas-Greenfield បាន​ព្រមាន​ថា រុស្ស៊ី​នឹង​បាក់​មុខ​ខ្លាំង​នៅ​ឯ​កិច្ចប្រជុំ​នេះ ព្រោះ​តែ​បាន​គូស​ផែនទី​ត្រៀម​លុកលុយ​អ៊ុយក្រែន។ អ្នកស្រី​បញ្ជាក់​ថា នៅ​ឯ​កិច្ចប្រជុំ​នេះ សមាជិក​ក្រុមប្រឹក្សា​ដែល​ភាគច្រើន​ត្រូវ​រួម​កម្លាំង​គ្នា​ដាក់​សម្ពាធ​លើ​រុស្ស៊ី ឱ្យ​បង្ហាញ​ភាព​ស្មោះត្រង់​អំពី​មូលហេតុ​នៃ​ការ​ដាក់​ពង្រាយ​ទ័ព​រាប់​ម៉ឺន​នាក់​ឡោមព័ទ្ធ​អ៊ុយក្រែន។

សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប រួម​ទាំង​ប្រទេស​អង់គ្លេស បាន​ប្រកាស​ថា បើ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​មែន គឺ​ក្រុង​មូស្គូ ត្រូវ​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​មិនខាន​ឡើយ។

សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស បាន​ព្រមាន​ជា​ថ្មី​ថា នឹង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ប្រឆាំង​នឹង​រុស្ស៊ី។

ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CBS កាលពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស​អាមេរិក អ្នកស្រី Victoria Nuland បាន​និយាយ​ថា សំណើ​ស្ដីពី​បញ្ហា​សន្តិសុខ​របស់​អាមេរិក និង NATO ទៅកាន់​រុស្ស៊ី អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​ទីក្រុង​មូស្គូ។

ឆ្លើយតប​ទៅ​នឹង​ស្ថានការណ៍​ដ៏​ក្ដៅ​គគុក​នៅ​អឺរ៉ុប​ខាងកើត​ដែល​លើកឡើង​ដោយ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស អ្នកស្រី Liz Truss ដែល​ថា​ចក្រភព​អង់គ្លេស អាច​នឹង​បញ្ចេញ​ច្បាប់​ដាក់​ទណ្ឌកម្ម​នៅ​ក្នុង​សប្ដាហ៍​នេះ​ដោយ​មាន​គោលដៅ​លើ​វិស័យ​សេដ្ឋកិច្ច​ជាច្រើន​របស់​រុស្ស៊ី អ្នកស្រី Victoria Nuland ថា​សហរដ្ឋ​អាមេរិក​ពិត​ណាស់​នឹង​គាំទ្រ​អង់គ្លេស។

មក​ទល់នឹង​ពេលនេះ ការ​ភ័យខ្លាច​អំពី​ការ​ផ្ទុះ​សង្គ្រាម​នៅតែ​មាន​ដដែល បើ​ទោះ​ជា​រុស្ស៊ី​អះអាង​ថា​ក្រុង​មូស្គូ គ្មាន​ផែនការ​ប្រើ​កម្លាំង​យោធា​វាយ​អ៊ុយក្រែន​ក៏ដោយ ព្រោះតែ​កងទ័ព​រុស្ស៊ី ជាង ១​សែន​នាក់​នៅតែ​បន្ត​ឈរ​ជើង​នៅ​ក្បែរ​តំបន់​ព្រំដែន​អ៊ុយក្រែន។ ចំណែក NATO បាន​បង្កើន​ការ​ដាក់​ពង្រាយ​កងទ័ព និង​សព្វាវុធ​ទៅ​កាន់​តំបន់​អឺរ៉ុប​ខាងកើត​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង។

យ៉ាងនេះ​ក្ដី រដ្ឋាភិបាល​ក្រុង​មូស្គូ បាន​និយាយ​ថា រុស្ស៊ី​ចង់​មាន​ទំនាក់ទំនង​គោរព​គ្នា​ទៅវិញ​ទៅមក​ជាមួយ​សហរដ្ឋ​អាមេរិក ដោយ​បាន​អះអាង​ថា​នឹង​មិន​បង្ក​ការ​គំរាមកំហែង​ដល់​អ៊ុយក្រែន​ឡើយ។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov បាន​ប្រាប់​ទូរទស្សន៍​រុស្ស៊ី កាលពី​ថ្ងៃ​អាទិត្យ​នេះ​ថា រុស្ស៊ី​ចង់​បាន​ទំនាក់ទំនង​ល្អ ស្មើ​ភាព និង​ចេះ​គោរព​គ្នា​ទៅវិញ​ទៅមក​ជាមួយ​សហរដ្ឋ​អាមេរិក​ដូច​គ្រប់​ប្រទេស​ក្នុង​ពិភពលោក។

ដោយសារ​ស្ថានការណ៍​កាន់តែ​ផុយ​ស្រួយ ប្រទេស​កាណាដា បាន​សម្រេច​ចិត្ត​ដក​បុគ្គលិក​ទូត​ដែល​មិន​ចាំបាច់ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ចេញពី​ប្រទេស​អ៊ុយក្រែន។

ក្រសួង​ការបរទេស​កាណាដា បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​មករា ថា អាទិភាព​គឺ​ការ​ធានា​សន្តិសុខ និង​សុវត្ថិភាព​របស់​ពលរដ្ឋ​កាណាដា ដែល​ចាំបាច់​ត្រូវ​ចាកចេញ​ពី​អ៊ុយក្រែន។ សម្រាប់​កាណាដា គឺជា​ប្រទេស​ទី​៣ បន្ទាប់ពី​សហរដ្ឋ​អាមេរិក និង​អង់គ្លេស ដែល​បាន​សម្រេច​ដក​បុគ្គលិក​ទូត និង​គ្រួសារ​ទូត រួម​ទាំង​ប្រកាស​ឱ្យ​ពលរដ្ឋ​ចាកចេញ​ពី​អ៊ុយក្រែន។

យ៉ាងណា អ្នក​សង្កេតការណ៍​ព្រមាន​ថា បើ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​មិន​អាច​រក​ច្រកចេញ​រួច ហើយ​ក្រុង​មូស្គូ មិន​ទទួលយក​គំនាប​ពី​សហរដ្ឋ​អាមេរិក អង់គ្លេស និង​បារាំង គឺ​សភាពការណ៍​យោធា​នៅ​អឺរ៉ុប​ខាងកើត​កាន់តែ​តានតឹង​ខ្លាំង​ថែមទៀត ហើយ​ដំណើរ​ទៅ​រក​សង្គ្រាម​ដែល​រុស្ស៊ី​គូស​ផែនទី​វាយលុក​លើ​អ៊ុយក្រែន នឹង​ងាយ​ផ្ទុះ​ឡើង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស