ព្រះមហាក្សត្របានត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរដល់សកម្មជនការពារព្រៃឈើដែលជាជនជាតិអាមេរិកាំង លោក ដាវិស បេនចាមីន ចូស៊េប (DAVIS BENJAMIN JOSEPH) និងសមាជិកគ្រួសារ ៣នាក់ទៀត បន្ទាប់ពីពួកគេបានលះបង់កម្លាំងកាយកម្លាំងចិត្តអស់រយៈពេលជាង ២០ឆ្នាំ ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក នៅក្នុងខេត្តព្រះវិហារ។
យោងទៅតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដែល The Cambodia Daily ទទួលបាននៅថ្ងៃទី១ កុម្ភៈ នេះឱ្យដឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរដល់លោក ដាវិស បេនចាមីន ចូស៊េប (DAVIS BENJAMIN JOSEPH) ជាជនជាតិអាមេរិក ត្រូវជាប្តីរបស់អ្នកស្រី LWIN SHARYN PATRICIA ជនជាតិអូស្ត្រាលី សញ្ជាតិអូស្ត្រាលី កុមារី ដាវិស អាម៉ាលី ការីស (DAVIS AMELIE CHARIS) និងកុមារី ដាវិស ចារ៉ា កាមីល (DAVIS JARRAH CAMILLE) ជនជាតិអូស្ត្រាលី សញ្ជាតិអូស្ត្រាលី ត្រូវជាកូនៗ។
លោក ដាវិស បេនចាមីន ចូស៊េប បាននាំគ្រួសាររបស់លោកមករស់នៅក្នុងព្រៃនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១២ បន្ទាប់ពីលោកបានចាកចេញពីស្រុកកំណើតមកធ្វើការនៅកម្ពុជា ឆ្នាំ១៩៩២ ជាអ្នកជំនាញអភិវឌ្ឍជនបទ និងការងារមនុស្សធម៌ ទឹកស្អាត អណ្ដូងទឹក បង្គន់អនាម័យនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ២០១២ លោកស្នើសុំមករស់នៅតំបន់ភ្នំត្នោត ភ្នំពក តែម្តង។
តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ស្ថិតនៅខេត្តព្រះវិហារ និងខេត្តសៀមរាប មានទំហំផ្ទៃដីសរុបជាង ៤ម៉ឺន ២ពាន់ហិកតារ (៤២០៩៧ហិកតារ) ក្នុងនោះលោក ដាវិស ជនជាតិអាមេរិកាំងបានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន ឲ្យគ្រប់គ្រង និងអភិរក្សលើផ្ទៃដីជាង ៧ពាន់ហិកតារដែលមានសក្ដានុពលធនធានធម្មជាតិ និងជីវចម្រុះច្រើនប្រភេទ។
លោក ដាវិស ថ្លែងប្រាប់ The Cambodia Daily ថា រូបលោកក៏ដូចជាក្រុមគ្រួសារ មានក្តីរីករាយជាខ្លាំងដែលព្រះមហាក្សត្រត្រាស់បង្គាប់ឱ្យផ្តល់សញ្ជាតិខ្មែរដល់គ្រួសាររបស់លោក ហើយលោកប្ដេជ្ញាថានឹងបន្តសកម្មភាពការពារ និងអភិរក្សធនធានព្រៃឈើនៅកម្ពុជា រួមទាំងសត្វព្រៃឱ្យខ្លាំងក្លាថែមទៀត។
លោកបន្ថែមថា លោកដឹងគុណដល់រដ្ឋ និងប្រជាជនខ្មែរដែលជួយគាំទ្រ និងដោះស្រាយឱ្យលោកបានសញ្ជាតិខ្មែរ។ លោកបន្តថា ពេលមានសញ្ជាតិវាល្អសម្រាប់លោក និងក្រុមគ្រួសារ។ លោកថា មូលហេតុដែលលោកមកបោះទីតាំងនៅតំបន់ភ្នំត្នោត ភ្នំពក នៅក្នុងឆ្នាំ២០១២ ព្រោះព្រៃនៅតំបន់នេះនៅទំនេរមិនទាន់មានការសម្បទានដល់ក្រុមហ៊ុន ទើបលោកស្នើសុំមករស់នៅតំបន់នេះតែម្តង។
លោកថា កាលលោកនៅបម្រើការងារជាអ្នកជំនាញអភិវឌ្ឍជនបទ លោកបានព្យាយាមសាកល្បងអភិរក្សពីចម្ងាយ ប៉ុន្តែមិនមានប្រសិទ្ធភាព ព្រោះបទល្មើសភាគច្រើនកើតមាននៅពេលយប់ បើលោកបានមកពិនិត្យមើលតែពេលយប់នោះ គឺនៅតែមានបទល្មើស ដូចនេះលោកមករស់នៅក្នុងតំបន់ការពារទើបបានជោគជ័យ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា ការស្នើឱ្យមានការផ្តល់សញ្ជាតិខ្មែរដល់គ្រួសារជនជាតិអាមេរិករូបនេះ គឺដោយសារគ្រួសារជនបរទេសមួយនេះបានលះបង់ និងចំណាយថវិកាផ្ទាល់ខ្លួនជាច្រើនដើម្បីការពារព្រៃឈើនៅកម្ពុជា។ លោកបន្ថែមថា គាត់ស្មោះស្ម័គ្រក្នុងការជួយអភិរក្សព្រៃឈើរបស់កម្ពុជា គាត់មានគុណវុឌ្ឍិសមនឹងទទួលបានសញ្ជាតិខ្មែរ ពីព្រោះគាត់បានលះបង់ច្រើនណាស់សម្រាប់ប្រយោជន៍ខ្មែរ។
លោកថា លោក ដាវិស និងភរិយារបស់គាត់ បានចូលរួមការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃជាមួយរដ្ឋាភិបាលកម្ពុជារយៈពេលជាង ២០ឆ្នាំហើយ រហូតបានបង្កើតជាតំបន់អភិរក្សសត្វ និងព្រៃឈើនៅភ្នំត្នោត ភ្នំពក ក្នុងខេត្តព្រះវិហារ។
យោងតាមច្បាប់ស្ដីពីសញ្ជាតិឆ្នាំ១៩៩៦ ឱ្យដឹងថា ការទទួលបានសញ្ជាតិខ្មែរអាចកើតឡើងនៅក្នុងករណី ៣ធំៗរួមមាន ការទទួលសញ្ជាតិខ្មែរពីកំណើត ការទទួលសញ្ជាតិខ្មែរតាមរយៈអាពាហ៍ពិពាហ៍ និងការទទួលសញ្ជាតិខ្មែរតាមរយៈការសុំចូលសញ្ជាតិ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងបរិស្ថានបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងលើកទឹកចិត្តដល់លោក ដាវិស និងក្រុមគ្រួសារដែលបានចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិរក្សធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក។ លោកក៏អំពាវនាវឱ្យក្រុមសហគមន៍ ពលរដ្ឋ ត្រូវរួមសហការគ្នា និងមានការឯកភាពគ្នាក្នុងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ព្រោះធនធានធម្មជាតិជាអាយុជីវិតរបស់យើងទាំងអស់គ្នា។
ទោះយ៉ាងណា អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានបង្ហាញថា នៅក្នុងឆ្នាំ២០២១ ព្រៃឈើចំនួន ៦២៧១ហិកតារ ត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួនពីរ ក្នុងនោះមានដែនជម្រកសត្វព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ធ្វើឡើងតាមរយៈការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់អាជ្ញាធរពាក់ព័ន្ធ៕