អង្គការលើកលែងទោសអន្តរជាតិ បង្ហាញរបាយការណ៍ថ្មីមួយថា នៅក្នុងឆ្នាំ២០២១ នេះ ព្រៃឈើជាង ៦ពាន់ហិកតារក្នុងដែនជម្រកសត្វព្រៃចំនួនពីរនៅកម្ពុជា ត្រូវបានបំផ្លាញដោយសារដៃរបស់ក្រុមមន្ត្រីពុករលួយ។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដែលមានចំណងជើងថា «ការកាប់ឈើខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច»។
របាយការណ៍នោះបានលើកឡើងថា នៅក្នុងឆ្នាំ២០២១ ព្រៃឈើចំនួន ៦២៧១ហិកតារត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួនពីរ ក្នុងនោះមានដែនជម្រកសត្វព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ដោយការកាប់ឈើដោយខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច។
អង្គការលើកលែងទោសអន្តរជាតិនេះបញ្ជាក់ថា ព្រៃឈើដែនជម្រកសត្វព្រៃចំនួនពីរដែលត្រូវបានកាប់បំផ្លាញអស់ជាង ៦ពាន់ហិកតារ ធ្វើឡើងតាមរយៈការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់អាជ្ញាធរពាក់ព័ន្ធ។ លើសពីនេះ អង្គការ Amnesty International បានចោទប្រកាន់ទៅលើអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថាន ថាមិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធបទល្មើស ខណៈសកម្មភាពចុះទៅស៊ើបអង្កេតខ្លះរបស់មន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ។

ប្រធានផ្នែកកិច្ចការវិបត្តិ និងបរិស្ថាននៃអង្គការ Amnesty International លោក Richard Pearshouse បានលើកឡើងក្នុងរបាយការណ៍ថា អាជ្ញាធរកម្ពុជាត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបើកដៃ និងឃុបឃិតជាមួយជនទុច្ចរិតដើម្បីកាប់បំផ្លាញព្រៃឈើទៀត។ លោកថា ការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ ក្នុងនោះមានមន្ត្រីប៉ូលិស មន្ត្រីនៃក្រសួងបរិស្ថាន កំពុងធ្វើឱ្យព្រៃឈើរបស់កម្ពុជាដែលនៅសេសសល់ដ៏តិចតួចបំផុតត្រូវរលាយហិនហោចអស់។
របាយការណ៍អង្គការ Amnesty International ដែលបានចេញនៅថ្ងៃទី២៨ ខែមករា នេះ បន្ទាប់ពីធ្វើបទសម្ភាសន៍ជាមួយសកម្មជនការពារព្រៃក្នុងសហគមន៍នៅក្នុងតំបន់ចំនួន ២០រូប។ សកម្មជនទាំងនោះបានបញ្ជាក់ក្នុងបទសម្ភាសន៍ថា សកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យនេះ មិនត្រឹមតែបំផ្លាញដល់ជីវចម្រុះ និងធ្វើឱ្យមានការប្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែវាកំពុងបំផ្លាញវប្បធម៌ និងសិទ្ធិរបស់ជនជាតិដើមភាគតិចកួយថែមទៀត។
ប្រភពដដែលបញ្ជាក់ថា បទល្មើសព្រៃឈើបានកើនឡើងស្របពេលដែលរដ្ឋាភិបាលបានបិទខ្ទប់សហគមន៍ សកម្មជនការពារព្រៃឈើ និងអង្គការសង្គមស៊ីវិលចូលល្បាតក្នុងតំបន់ការពារក្នុងអំឡុងឆ្នាំ២០១៩។
យ៉ាងណាក៏ដោយ កន្លងមក លោក ហ៊ុន សែន ដែលត្រូវបានគេដាក់រហស្សនាមជាបុរសខ្លាំងដើរបញ្ច្រាសទិសនោះ ធ្លាប់ប្រកាសកាត់កខ្លួនឯង បើសិនទប់ស្កាត់បទល្មើសព្រៃឈើមិនបាន។ ក្រោយពីមានការប្រកាសកាត់ក លោក ហ៊ុន សែន បានបង្កើតគណៈកម្មការជាតិមួយដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិដែលដឹកនាំដោយលោក សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធាន។ ក្រោយពីបង្កើតគណៈកម្មការជាតិនោះមក ក៏មានការបង្ក្រាបបទល្មើសព្រៃឈើខ្លះដែរ ហើយក៏មានឧកញ៉ាពីរនាក់ត្រូវបានចាប់ខ្លួន ក្នុងនោះឧកញ៉ា គង់ គ្រឹង និងឧកញ៉ា ស៊ឹង សំអុល ហៅខ្នា តែប៉ុណ្ណោះ ប៉ុន្តែឧកញ៉ាផ្សេងទៀតដែលល្បីកាប់បំផ្លាញ និងរកស៊ីឈើនៅកម្ពុជាមួយចំនួនទៀត មិនត្រូវបានតុលាការកោះហៅ និងចាប់ខ្លួនឡើយ។

ទោះបីជាលោក ហ៊ុន សែន ប្រកាសក្ដែងៗដោយកាត់កខ្លួនឯង រួមទាំងបង្កើតគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើនៅប្រទេសកម្ពុជាឱ្យបានដាច់ខាតនោះត្រូវបរាជ័យ ក្នុងនោះព្រៃឈើនៅប្រទេសកម្ពុជាស្ទើរតែហិនហោចចាប់តាំងពីលោក ហ៊ុន សែន អះអាងថា ការពាររហូតមកដល់ពេលបច្ចុប្បន្ននេះ។ លើសពីនេះ ប្រជាសហគមន៍អះអាងថា ព្រៃឡង់នឹងវិនាសក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ បើសិនជារដ្ឋាភិបាលមិនអើពើទប់ស្កាត់នោះ ខណៈសកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់បានកើនឡើងខ្លាំងយ៉ាងគគ្រឹកគគ្រេងជាងពេលកន្លងមក។
ក្រោយពីបទល្មើសនៅតែកើតមានឡើងកាន់តែខ្លាំងនោះ នៅខែមិថុនា ឆ្នាំ២០២១ នេះ សហរដ្ឋអាមេរិកក៏បានផ្តាច់ជំនួយពីរដ្ឋាភិបាលកម្ពុជាលើគម្រោង «ព្រៃឡង់បៃតង» ជាការឆ្លើយតបនឹងវិធានការរបស់រដ្ឋាភិបាលដែលបានបិទខ្ទប់សំឡេង និងសកម្មភាពរបស់សកម្មជនការពារព្រៃឈើមិនឱ្យចូលល្បាតបទល្មើសនៅតំបន់ព្រៃឡង់ ខណៈបទល្មើសព្រៃឈើក្នុងតំបន់ការពារមួយនេះនៅតែបន្តរងការកាប់បំផ្លាញយ៉ាងដំណំ៕