40.3 C
Phnom Penh

លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ធ្វើ​បទបង្ហាញ​អំពី​ការ​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ណែនាំ​ឲ្យ​ប្រធាន​សមាគម​ជប៉ុន-កម្ពុជា លោក Takahashi Fumaiki ទៅ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ឱ្យ​ប្រតិភូ​របស់​លោក Takahashi Fumaiki ធ្វើ​បទបង្ហាញ​ពាក់ព័ន្ធ​នឹង​គម្រោង​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត។

មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា លោក Takahashi Fumaiki បាន​ស្នើសុំ​ឲ្យ​លោក​ផ្តល់​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន​របស់​ជប៉ុន សិក្សា​រក​វិធី​បញ្ចៀស​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត​ដែល​តែងតែ​គំរាមកំហែង​ដល់​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

លោក ហ៊ុន សែន អះអាង​ថា លោក Takahashi Fumaiki បាន​លើកឡើង​ថា ក្រុមហ៊ុន​របស់​ជប៉ុន​សិក្សា​ពី​ហានិភ័យ និង​ការ​ការពារ​ពី​ការ​គំរាមកំហែង​នៃ​ជំនន់​ស្ទឹង​ព្រែកត្នោត​បាន​មួយ​ចំនួន​ហើយ ពី​វិធី​ក្នុង​ការ​បញ្ចៀស​ទឹកជំនន់​ដែល​បង្ក​ឡើង​ដោយ​ស្ទឹង​ព្រែកត្នោត​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​សមាគម​ជប៉ុន-កម្ពុជា លោក Takahashi Fumaiki បាន​ពិភាក្សា​ការងារ​ជាមួយ​មេដឹកនាំ​កម្ពុជា កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ។

កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២១ ទឹកជំនន់​តាម​បណ្ដោយ​ស្ទឹង​ព្រែកត្នោត បាន​ធ្វើ​ឲ្យ​ខូចខាត​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ជាង ២​ពាន់​ខ្នង​ក្នុង​សង្កាត់​ចំនួន​១០ នៃ​ខណ្ឌ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដូចជា​សង្កាត់​គង់នយ សង្កាត់​សាក់សំពៅ នៃ​ខណ្ឌ​ដង្កោ និង​សង្កាត់​បឹងធំ សង្កាត់​ប្រទះឡាង នៃ​ខណ្ឌ​កំបូល ជាដើម ក្នុង​នោះ​វត្តអារាម​ប្រមាណ​ជា ១០​វត្ត ត្រូវ​បាន​លិចលង់​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា ធ្លាប់​បាន​អះអាង​ថា ក្រសួង​កំពុង​សិក្សា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ ប៉ុន្តែ​គម្រោង​ស្ដារ​ប្រព័ន្ធ​រំដោះ​ទឹក​នេះ​នៅ​មាន​ភាព​យឺតយ៉ាវ​បន្តិច ដោយសារ​ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុង​គម្រោង​នេះ​ជា​កញ្ចប់​ថវិកា​របស់​ភាគី​ចិន ដែល​គ្រោង​នឹង​អនុវត្ត​នៅ​ឆ្នាំ​២០២២ នេះ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២ កុម្ភៈ នេះ​ថា ការ​បញ្ចៀស​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត មិន​ចាំបាច់​រង់ចាំ​ប្រទេស​ជិតខាង​មក​ជួយ​នោះ​ទេ ត្បិត​បញ្ហា​ទឹកជំនន់​នេះ កម្ពុជា​អាច​មាន​លទ្ធភាព​ដោះស្រាយ​ដោយ​ខ្លួនឯង ហើយ​បញ្ហា​នេះ​ក៏​ត្រូវតែ​ធ្វើ​ដោយ​ចៀស​មិន​ផុត​នោះ​ដែរ ដើម្បី​កុំ​ឲ្យ​បញ្ហា​ដដែល​នេះ​កើតឡើង​ដូច​ឆ្នាំ​មុនៗ​ទៀត។

បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ថា លោក​មាន​ទស្សនៈ​ជា​វិជ្ជមាន​ថា កម្ពុជា​ត្រូវតែ​មាន​ការ​ផ្ដួចផ្ដើម​គំនិត​ដោយ​ខ្លួនឯង និង​មាន​ភាព​ម្ចាស់ការ​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ទឹក ដូចជា​ករណី​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត និង​ស្ទឹង​ផ្សេង​ទៀត ជាដើម ដើម្បី​ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ ព្រោះ​ថា​កម្ពុជា​ពេលនេះ​កំពុង​ដឹកនាំ​ក្នុង​ឆ្នាំ​២០២២ មិនមែន​ក្នុង​ឆ្នាំ​១៩៧៩ ដែល​ទើប​នឹង​ងើប​ពី​សង្គ្រាម​នោះ​ទេ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា ការ​ប្រមូល​ពន្ធអាករ​ដែល​ជា​ថវិកា​ជាតិ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ពេល​ថ្មីៗ​នេះ​ប្រមាណ​ជា ២,៧​ពាន់​លាន​ដុល្លារ​អាមេរិក គួរតែ​អាច​បែងចែក​ដើម្បី​សាងសង់​ទំនប់​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត ដោយ​មិន​បាច់​រង់ចាំ​ខ្ចី​លុយ​ពី​ប្រទេស​ចិន និង​រង់ចាំ​ជំនួយ​ពី​ប្រទេស​នានា​ឡើយ។

ចំណែក​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២ កុម្ភៈ នេះ​ថា គ្រាន់តែ​ឃើញ​ជប៉ុន​សុំ​ធ្វើ​បទបង្ហាញ​ដើម្បី​សាងសង់​ទំនប់​ស្ទឹង​ព្រែកត្នោត ដើម្បី​ការពារ​ទឹកជំនន់​ដែល​តែងតែ​បំផ្លាញ​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ខ្មែរ​តាម​បណ្តោយ​ស្ទឹង​នេះ លោក​ពិតជា​មាន​អារម្មណ៍​ស្រណោះ​ប្រទេស​ជាតិ​ណាស់។ ការ​លើកឡើង​នេះ ទំនង​ជា​លោក​ចង់​សំដៅ​ថា រដ្ឋាភិបាល​កម្ពុជា​ទាំងមូល​បែរ​ជា​មិន​មាន​សមត្ថភាព​ការពារ​អាយុជីវិត​របស់​ពលរដ្ឋ​ពី​ទឹកជំនន់​នេះ​បាន ទាល់តែ​មាន​ក្រុមហ៊ុន​បរទេស​មក​សុំ​ជួយ​ទៅវិញ។

ស្ទឹង​ព្រែកត្នោត ហូរ​កាត់​ពី​ជួរភ្នំ​ឱរ៉ាល់ ក្នុង​ខេត្ត​កំពង់ស្ពឺ កាត់​តាម​ខេត្ត​កណ្តាល និង​រាជធានី​ភ្នំពេញ។ កាលពី​ឆ្នាំ​២០២០ កម្រិត​ទឹក​ស្ទឹង​នេះ​បាន​បង្ក​នូវ​ការ​ជន់​លិច​ខ្លាំង​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ឆ្នាំ​២០២១ ក៏​បាន​ជន់​លិច​បំផ្លាញ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស