31 C
Phnom Penh

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន នឹង​ជួប​វិបត្តិ​ធំៗ​៤ ប្រសិនបើ​មិន​បញ្ឈប់​ការ​រំលោភ​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក រិះគន់​ថា ប្រសិនបើ​មេដឹកនាំ​បក្ស​កាន់​អំណាច​នៅតែ​ដឹកនាំ​រំលោភ​ច្បាប់​ដូច​សព្វថ្ងៃ​នេះ​បន្ត​ទៀត កម្ពុជា​នឹង​ជួប​គ្រោះ​មហន្តរាយ​ធំៗ​ចំនួន​៤ រួម​មាន ការ​បាត់បង់​បូរណភាព​ទឹកដី បញ្ហា​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់ បញ្ហា​បាត់បង់​ដែនសមុទ្រ និង​បញ្ហា​នៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ដែល​នឹង​បង្ក​ឡើយ​ដោយ​ភាគី​វៀតណាម។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ នេះ​ថា មេដឹកនាំ​នយោបាយ​ខ្មែរ​គ្រប់​និន្នាការ​ទាំងអស់​មិន​ត្រូវ​បណ្តែត​បណ្តោយ ឬ​ចូល​ដៃ​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច​បន្ត​រំលោភ​ច្បាប់​របស់​កម្ពុជា​ដូច​សព្វថ្ងៃ​នេះ​បន្ត​ទៀត​ទេ ព្រោះ​អ្នក​រងគ្រោះ​ពី​ទង្វើ​នេះ​ពិតប្រាកដ គឺ​ប្រទេស​ជាតិ និង​ពលរដ្ឋ​ប៉ុណ្ណោះ។

លោក ម៉ែន ណាត អះអាង​ថា ក្នុង​ចំណោម​មេដឹកនាំ​នយោបាយ​កំពូលៗ​នៅ​កម្ពុជា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជា​មេខ្លោង​ក្នុង​ការ​រំលោភ​ច្បាប់ បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ខ្លាំងក្លា​ជាងគេ ចំណែក​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​ត្រូវ​ចូលរួម​លេង​ល្បែង​នយោបាយ​របស់​លោក ហ៊ុន សែន បន្ត​ទៀត​ឡើយ ព្រោះ​វា​ជា​ឈ្នាន់​សម្រាប់​លោក ហ៊ុន សែន រំលោភ​ច្បាប់​តាម​ទំនើង​ចិត្ត​បន្ថែម​ទៀត។

ប្រធាន​ចលនា​ពលរដ្ឋ PMD រូប​នេះ​បញ្ជាក់​ថា មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​រំលោភ​ច្បាប់​ធ្ងន់ធ្ងរ ដូចជា​ការ​ធ្វើ​សន្ធិសញ្ញា​បំពេញ​បន្ថែម កែប្រែ​ផែនទី​ថ្មី ធ្វើ​វិសោធនកម្ម​ឲ្យ​មាន​មាត្រា​ធម្មនុញ្ញ​បន្ថែម បំពាន​អំណាច​ព្រះមហាក្សត្រ និង​ធ្វើ​ច្បាប់​សម្បទាន​ទឹកដី​ឲ្យ​រដ្ឋាភិបាល​វៀតណាម ជាដើម។

លោក ម៉ែន ណាត បញ្ជាក់​ថា ដោយឡែក​មេដឹកនាំ​ក្រុម​ប្រឆាំង​ទាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ប្រព្រឹត្ត​ខុស​ធ្ងន់ធ្ងរ​ដែល​បាន​ចូលរួម​រំលោភ​ច្បាប់​ជាមួយ​លោក ហ៊ុន សែន ក្រោម​ការ​ចរចា​ដោយ​ខុសច្បាប់​កាលពី​ឆ្នាំ​២០១៤ ដើម្បី​ចូល​រដ្ឋសភា​ជាតិ​ក្នុង​ពេល​ដែល​បក្ស​ប្រឆាំង​ចោទ​ថា ជា​រដ្ឋសភា​មិន​គ្រប់​ទឹក​នៅ​ពេល​នោះ។

កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ចាប់តាំង​ពី​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ឆ្នាំ​១៩៨៥ មក ត្រូវ​គេ​មើល​ឃើញ​ថា លោក ហ៊ុន សែន បាន​ប្រើ​អំណាច​ហួស​ដែន​កំណត់ ដែល​បាន​រំលោភ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ បំពាន​រដ្ឋធម្មនុញ្ញ រំលោភ​ព្រះមហាក្សត្រ និង​រំលោភ​លើ​ច្បាប់​អន្តរជាតិ​នានា ដូចជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ជាដើម។ ជាង​នេះ​ទៀត លោក ហ៊ុន សែន បាន​រំលោភ​ច្បាប់​កម្ពុជា ដោយ​ចុះហត្ថលេខា​ខុសច្បាប់​ជាមួយ​រដ្ឋាភិបាល​ឈ្លានពាន​វៀតណាម​ជាច្រើន​ទៀត ដូចជា​ការ​កំណត់​ព្រំដែន​រដ្ឋ​ខុសច្បាប់​ឆ្នាំ​១៩៨៥ ការ​ចេញ​សារាចរ​ឲ្យ​ជនជាតិ​វៀតណាម​ខុសច្បាប់​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា ឆ្នាំ​១៩៨៦ ការ​ចុះ​កិច្ចព្រមព្រៀង​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ និង​ឆ្នាំ​២០១៩ ព្រមទាំង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ខុសច្បាប់​កំណត់​ដែនសមុទ្រ ឆ្នាំ​១៩៨២ ជាដើម។

ដោយឡែក​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​គេ​មើល​ឃើញ​ថា ជា​មេ​បក្ស​ដែល​រំលោភ​ច្បាប់​កម្ពុជា និង​ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ​មិន​ចាញ់​លោក ហ៊ុន សែន ប៉ុន្មាន​ឡើយ ដូចជា​ការ​ចូល​ដៃ​ជាមួយ​បក្ស​កាន់​អំណាច​កែប្រែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ មក​ជា ៥០​ភាគរយ​បូក​១ ជាដើម។ លើស​ពី​នេះ លោក សម រង្ស៊ី ក៏​បាន​ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ​បច្ចុប្បន្ន​ផង​ដែរ។

រីឯ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បើ​ទោះ​ជា​លោក​មិន​បាន​ប្រមាថ​ព្រះមហាក្សត្រ ឬ​បំពាន​ច្បាប់​ខ្លាំងក្លា​ដូច​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ប៉ុន្តែ​ការ​ព្រម​ចូល​រដ្ឋសភា​បង្គ្រប់​ភាព​ស្រប​ច្បាប់​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ការ​ទទួលយក​ការ​បោះឆ្នោត​ជា​កញ្ចប់​ធ្វើជា​ប្រធាន​ទី​១ នៃ​រដ្ឋសភា​ជាតិ កាលពី​ឆ្នាំ​២០១៤ ក៏​ត្រូវ​គេ​ចាត់ទុក​ថា​ការ​ចូលរួម​រំលោភ​ច្បាប់​របស់​កម្ពុជា​ជាមួយ​បក្ស​កាន់​អំណាច​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស