ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (Vlademir Putin) នៅថ្ងៃសុក្រ ទី៤ កុម្ភៈ នេះ ទៅដល់ទីក្រុងប៉េកាំង ហើយ ដើម្បីបើកព្រឹត្តិការណ៍នៃការប្រកួតកីឡាអូឡាំពិករដូវរងា និងពិភាក្សាជាមួយសមភាគីចិន ស៊ី ជីនពីង ខណៈមេដឹកនាំទាំងពីររំពឹងរួមកម្លាំងគ្នាប្រឆាំងអាមេរិក និងសម្ពន្ធមិត្តដែលកំពុងអន្តរាគមន៍ជួយរដ្ឋាភិបាលអ៊ុយក្រែន ទប់ទល់នឹងការគំរាមកំហែងពីសំណាក់មហាអំណាចរុស្ស៊ី។
ក្នុងដំណើរទស្សនកិច្ចទៅដល់ទីក្រុងប៉េកាំងភ្លាម មេដឹកនាំរុស្ស៊ីរូបនេះបានសរសើរទំនាក់ទំនងជិតស្និទ្ធដែលមិនធ្លាប់មានពីមុនមករវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ខណៈចិនបង្ហាញការគាំទ្រកាន់តែខ្លាំងឡើងដល់ទីក្រុងមូស្គូ ក្នុងជម្លោះរបស់ខ្លួនជាមួយអ៊ុយក្រែន ដែលអាមេរិក និងសម្ពន្ធមិត្តមហាអំណាចនេះនៅពីក្រោយរដ្ឋាភិបាលក្រុងគៀវ។
សារព័ត៌មាន The China Post ឲ្យដឹងថា វត្តមានរបស់លោក ពូទីន ធ្វើឱ្យមេដឹកនាំវិមានក្រឹមឡាំង ក្លាយជាភ្ញៀវកិត្តិយសខ្ពស់បំផុតនៅក្នុងព្រឹត្តិការណ៍នេះ ដែលជាការឆ្លើយតបចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសដទៃទៀតធ្វើពហិការមិនបញ្ជូនគណៈប្រតិភូមកចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង។ ព្រឹត្តិការណ៍នៃការប្រកួតកីឡាអូឡាំពិកនេះ ប្រព្រឹត្តទៅរវាងពីថ្ងៃទី៤ ដល់ថ្ងៃទី២០ កុម្ភៈ នៅទីក្រុងប៉េកាំង។
ប្រទេសលោកខាងលិចភាគច្រើន បានធ្វើពហិការការទូតព្រោះតែពួកគេតវ៉ាជុំវិញការរំលោភសិទ្ធិមនុស្ស និងការធ្វើបាបជនជាតិភាគតិចអ៊ុយហ្គឺ (Uyghurs) និងជនជាតិភាគតិចមូស្លីមផ្សេងទៀតនៅក្នុងប្រទេសចិន ពីសំណាក់រដ្ឋអំណាចបក្សកុម្មុយនីស្តចិន។
ទូរទស្សន៍រុស្ស៊ី បានបង្ហាញពីសុន្ទរកថារបស់លោក ពូទីន ខណៈដែលបុរសខ្លាំងរូបនេះបានថ្លែងថា ទំនាក់ទំនងទ្វេភាគីជាមួយចិន គឺជាគំរូ ស័ក្តិសមដែលក្រុងមូស្គូ សូមកោតសរសើរជាខ្លាំង។ លោក ពូទីន បានសង្កត់ន័យថា ទំនាក់ទំនងទ្វេភាគីកំពុងអភិវឌ្ឍរីកចម្រើនជាមួយនឹងស្មារតីនៃមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្ររួមគ្នា។ លោក ពូទីន ក៏បានគូសបញ្ជាក់ពីទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធ រួមទាំងកិច្ចសន្យាថ្មីដើម្បីផ្គត់ផ្គង់ដល់ប្រទេសចិន នូវឧស្ម័ន ១០ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំៗពីភាគីរុស្ស៊ី។
លោក ពូទីន អះអាងថា អ្នកផលិតឧស្ម័ន គឺរុស្ស៊ី ដែលបានរៀបចំគម្រោងថ្មីដ៏ល្អសម្រាប់ការផ្គត់ផ្គង់អ៊ីដ្រូកាបូន ដល់សាធារណរដ្ឋប្រជាមានិតចិន ដែលជួយប្រទេសនេះដើម្បីបោះជំហានទៅមុខនៅក្នុងឧស្សាហកម្មឧស្ម័ន។ រុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់ប្រេង ឧស្ម័ន និងធ្យូងថ្មដ៏សំខាន់សម្រាប់សេដ្ឋកិច្ចដ៏ធំរបស់ប្រទេសចិន។
ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ប្រទេសចិន បានរាយការណ៍ថា មេដឹកនាំទាំងពីរបានជួបគ្នានៅឯវិមានរដ្ឋ Diaoyutai កាលពីរសៀលថ្ងៃសុក្រ ទី៤ កុម្ភៈ។ ក្នុងជំនួបពិសេសនេះ លោក ពូទីន ក៏បានរំឭកអំពីវត្តមានរបស់លោកនៅទីក្រុងប៉េកាំង កាលពីព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០០៨ និងការចូលរួមរបស់គណៈប្រតិភូចិននៅឯកីឡារដូវរងាឆ្នាំ២០១៤ របស់រុស្ស៊ី នៅទីក្រុង Sochi ដែលលោក ពូទីន បានហៅការផ្លាស់ប្ដូរព្រឹត្តិការណ៍បែបនេះថាជាប្រពៃណីមួយ។
នេះគឺជាជំនួបផ្ទាល់លើកដំបូងរបស់មេដឹកនាំមហាអំណាចទាំងពីរដែលមាននិន្នាការគ្រប់គ្រងប្រទេសផ្ដាច់ការដូចគ្នា គឺចាប់តាំងពីឆ្នាំ២០១៩ នៅពេលដែលប្រទេសចិន និងរុស្ស៊ី បានពង្រឹងគោលនយោបាយការបរទេសទ្វេភាគីកាន់តែខ្លាំងឡើង ក្នុងគោលដៅប្រឆាំងនឹងក្រុមប្រទេសដែលដឹកនាំដោយសហរដ្ឋអាមេរិក។
យ៉ាងណា មេដឹកនាំនៃប្រទេសអាស៊ីកណ្តាលទាំងប្រាំផ្សេងទៀតដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី និងចិន សុទ្ធតែបានធ្វើតាមលោក ពូទីន គឺពួកគាត់កំពុងចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលជាប្រយោជន៍នយោបាយ និងសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំង ដោយមិនខ្ចីបារម្ភអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅប្រទេសចិន។
លោក Yuri Ushakov ទីប្រឹក្សាកិច្ចការបរទេសរបស់លោក ពូទីន បាននិយាយថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង គ្រោងនឹងចេញសេចក្តីថ្លែងការណ៍រួមមួយដែលនឹងឆ្លុះបញ្ចាំងអំពីទស្សនៈរួមគ្នារបស់មេដឹកនាំទាំងពីរ ស្ដីពីសន្តិសុខពិភពលោក ខណៈដែលមន្ត្រីនៃប្រទេសទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនស្ដីពីពាណិជ្ជកម្មថាមពល។
លោក Ushakov បានកត់សម្គាល់ថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង មានជំហរដូចគ្នាចំពោះបញ្ហាអន្តរជាតិភាគច្រើន ដែលលោកថាប្រទេសចិនគាំទ្រការទាមទាររបស់រុស្ស៊ី ក្នុងការធានាសន្តិសុខនៅអឺរ៉ុបខាងកើត និងវិបត្តិនៃប្រទេសអ៊ុយក្រែន។
ចំណែករដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅក្នុងការហៅទូរស័ព្ទកាលពីសប្តាហ៍មុនថា ការព្រួយបារម្ភផ្នែកសន្តិសុខរបស់ទីក្រុងមូស្គូ ចាំបាច់ត្រូវយកចិត្តទុកដាក់ និងដោះស្រាយ។
ការពង្រាយកងទ័ពរុស្ស៊ី ជាង ១០ម៉ឺននាក់នៅក្បែរព្រំដែននៃប្រទេសអ៊ុយក្រែន បានជំរុញឱ្យមានការភ័យខ្លាចរបស់លោកខាងលិច ដែលថាក្រុងមូស្គូ ត្រៀមវាយលុកប្រទេសជិតខាងមួយនេះ។ តែរុស្ស៊ី បានបដិសេធការចោទប្រកាន់ដូចនេះ។ ក្រុងមូស្គូ បានជំរុញឱ្យសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តផ្តល់ការសន្យាថា NATO មិនត្រូវយកអ៊ុយក្រែនជាសមាជិករបស់ខ្លួន ហើយ NATO ត្រូវដកសព្វាវុធ និងកងទ័ពដែលបានដាក់ពង្រាយនៅអឺរ៉ុបខាងកើត។ តែការទាមទាររបស់រុស្ស៊ី ត្រូវបានច្រានចោលដោយក្រុមមេដឹកនាំ NATO។
អ្នកសង្កេតការណ៍មួយចំនួនមើលឃើញថា ទីក្រុងប៉េកាំង គឺពេលនេះកំពុងឃ្លាំមើលយ៉ាងដិតដល់អំពីរបៀបដែលសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តធ្វើសកម្មភាពក្នុងការជួយប្រទេសអ៊ុយក្រែន ខណៈដែលក្រុងប៉េកាំង កំពុងពិចារណាយុទ្ធសាស្ត្របន្ថែមទៀតលើកោះតៃវ៉ាន់។
យ៉ាងណា វត្តមានរបស់មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដែលទៅបើកព្រឹត្តិការណ៍នៃការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ត្រូវបានអ្នកសង្កេតការណ៍គិតថា បុរសខ្លាំងវិមានក្រឹមឡាំង និងបុរសខ្លាំងក្រុងប៉េកាំង ស៊ី ជីនពីង គឺជាការផ្ញើសារមួយថា កម្លាំងមហាអំណាចពីរនេះនឹងមិនចុះចាញ់សង្គ្រាមវោហារសាស្ត្រ ឬល្បិចកិច្ចកលរបស់លោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ៕