អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរមួយរូប រិះគន់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ថាបក្សកាន់អំណាចព្យាយាមបិទសិទ្ធិសេរីភាពនយោបាយរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនឱ្យធ្វើសកម្មភាពនយោបាយ ប៉ុន្តែពួកគេបើកផ្លូវឱ្យក្រុមមន្ត្រីបក្សប្រឆាំងភាគីលោក សម រង្ស៊ី អាចធ្វើសកម្មភាពនយោបាយទៅវិញ។
អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៤ កុម្ភៈ នេះថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន នៅពេលនេះបានបើកដៃពេញទំហឹងឲ្យគណបក្សភ្លើងទៀន ដែលមានអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បញ្ជានៅពីក្រោយនៃសកម្មភាពនយោបាយគណបក្សភ្លើងទៀន នៅពេលនេះ។
បណ្ឌិត សូ ណារ៉ូ អះអាងថា នៅពេលដែលលោក ហ៊ុន សែន បើកដៃឱ្យគណបក្សភ្លើងទៀន ដែលមានលោក សម រង្ស៊ី នៅពីក្រោយចាំបញ្ជាសកម្មភាពបែបនេះ គឺជាចេតនាដែលមេដឹកនាំបក្សកាន់អំណាចព្យាយាមបំបែកកម្លាំងប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។ ក្នុងន័យនេះ បណ្ឌិត សូ ណារ៉ូ លើកជាសំណួរថា តើនរណាបម្រើនយោបាយឈ្នះឈ្នះរបស់លោក ហ៊ុន សែន ឲ្យពិតប្រាកដសព្វថ្ងៃនេះ? តើជាលោក សម រង្ស៊ី ឬក៏ជាលោក កឹម សុខា?
ការអះអាងបែបនេះ ធ្វើឡើងស្របពេលដែលមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា កំពុងត្រូវរឹតត្បិតសេរីភាពគ្រប់បែបយ៉ាង ប៉ុន្តែគណបក្សភ្លើងទៀន ដែលមានលោក សម រង្ស៊ី បញ្ជាពីក្រោយខ្នង បែរជាអាចធ្វើសកម្មភាពនយោបាយដោយរលូនទៅវិញ។
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ គណបក្សភ្លើងទៀន បានបើកពិធីសមាជរបស់ខ្លួនដើម្បីប្រកាសតែងតាំងថ្នាក់ដឹកនាំ និងកែសម្រួលលក្ខន្តិកៈគណបក្សក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២។
ដោយឡែកមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានតុលាការអូសបន្លាយសវនាការរបស់លោកជាបន្តបន្ទាប់ រហូតមកដល់សវនាការទី២៩ ហើយនៅពេលនេះ ដែលត្រូវគេមើលឃើញថា ការចោទប្រកាន់របស់តុលាការ គឺជារឿងនយោបាយ ជាជាងរឿងការពារយុត្តិធម៌សង្គមសម្រាប់ប្រជាពលរដ្ឋខ្មែរ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ កុម្ភៈ នេះថា សហគមន៍អន្តរជាតិនៅតែមានការជឿជាក់ថា ការរកដំណោះស្រាយនៃវិបត្តិនយោបាយនៅកម្ពុជា ដើម្បីរកយុត្តិធម៌ និងតម្លាភាពលើសំណុំរឿងរបស់លោក កឹម សុខា គឺជាកត្តាជំរុញឱ្យមានការផ្សះផ្សានយោបាយរបស់កម្ពុជាយ៉ាងឆាប់រហ័ស។
លោក មាជ សុវណ្ណារ៉ា អះអាងថា លោក កឹម សុខា ជាមនុស្សស្អាតស្អំមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ឬបង្កអស្ថិរភាពដែលនាំគ្រោះថ្នាក់ដល់ជាតិឡើយ ដូច្នេះការចោទប្រកាន់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ថាជាជនក្បត់ជាតិ ឃុបឃិតនឹងរដ្ឋបរទេសដើម្បីធ្វើបដិវត្តពណ៌ផ្តួលរលំរដ្ឋាភិបាល គ្រាន់តែជម្លោះនយោបាយដែលត្រូវដោះស្រាយរវាងអ្នកនយោបាយ និងអ្នកនយោបាយប៉ុណ្ណោះ។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា លោក កឹម សុខា បានពុះពារគ្រប់ឧបសគ្គជាច្រើនដើម្បីលុបបំបាត់គំនុំព្យាបាទសងសឹករវាងខ្មែរនិងខ្មែរ រវាងបុគ្គលនិងបុគ្គល ដោយការចាប់ផ្តើមពីខ្លួនលោកផ្ទាល់ធ្វើជាគំរូ ដើម្បីសម្របសម្រួលនយោបាយជាតិឆ្ពោះទៅរកការផ្សះផ្សា និងបង្រួបបង្រួមជាតិខ្មែរទាំងមូលទៅថ្ងៃមុខ៕