អ្នកឃ្លាំមើលសង្គមម្នាក់សម្ដែងក្តីបារម្ភអំពីការបាត់បង់ធនធានមនុស្សរបស់កម្ពុជា ដោយសារការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសជិតខាង ដូចជាប្រទេសថៃ ជាដើម ស្របពេលដែលរដ្ឋាភិបាលកម្ពុជាមិនមានលទ្ធភាពអាចបង្កើតការងារក្នុងស្រុកឱ្យបានគ្រប់គ្រាន់សម្រាប់ពលរដ្ឋរបស់ខ្លួន។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia daily កាលពីរាត្រីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា ពលករចំណាកស្រុកដែលជាធនធានមនុស្សដ៏សំខាន់របស់កម្ពុជា បានក្លាយជាធនធានដ៏សំខាន់មួយសម្រាប់ជួយទាញចំណូលជាតិរបស់ប្រទេសថៃ ជាពិសេសពលករចំណាកស្រុកដែលកំពុងធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់សព្វថ្ងៃនេះ។
បណ្ឌិត សេង សារី កត់សម្គាល់ឃើញថា ដើម្បីប្រើធនធានពលករខ្មែរខុសច្បាប់ដែលកំពុងធ្វើការនៅប្រទេសថៃ ឲ្យជួយដល់សេដ្ឋកិច្ចជាតិរបស់គេ រដ្ឋាភិបាលថៃបានកំណត់តម្លៃបំពេញឯកសារពីពលករខុសច្បាប់ទៅជាពលករស្របច្បាប់ក្នុងតម្លៃខ្ពស់ ដែលពលករខ្មែរខុសច្បាប់ទាំងនោះមិនអាចមានលទ្ធភាពធ្វើបាន។
អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គមរូបនេះបញ្ជាក់ថា ការកំណត់តម្លៃខ្ពស់បែបនេះ ដោយសារតែរដ្ឋាភិបាលថៃមានចេតនាចង់ឲ្យពលករខ្មែរខុសច្បាប់ទាំងនោះបន្តនៅជាពលករខុសច្បាប់បន្តទៀត ដែលអាចជួយឲ្យថៅកែក្រុមហ៊ុនចំណាយប្រាក់ឈ្នួលទាប និងមិនតម្រូវឲ្យក្រុមហ៊ុនចំណាយប្រាក់លើអត្ថប្រយោជន៍សង្គម ស្របតាមច្បាប់ការងារលើពលករខុសច្បាប់ទាំងនោះផងដែរ។
ការអះអាងរបស់បណ្ឌិត សេង សារី ស្របពេលដែលពលរដ្ឋខ្មែរបាននាំគ្នាធ្វើចំណាកស្រុកទៅរកការងារធ្វើនៅតាមបណ្តាប្រទេសជិតខាងជាច្រើនលាននាក់ ដោយសារបញ្ហាអត់មានការងារធ្វើនៅក្នុងប្រទេសរបស់ខ្លួន។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ កុម្ភៈ នេះថា បញ្ហាពលរដ្ឋចំណាកស្រុកនៅតែជាបញ្ហារ៉ាំរ៉ៃ ដែលរដ្ឋាភិបាលកម្ពុជាមិនទាន់អាចដោះស្រាយបាននៅឡើយ ហើយការធ្វើចំណាកស្រុករបស់ពលរដ្ឋចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោក មឿន តុលា លើកឡើងថា ការព្យាយាមអួតអាងរបស់រដ្ឋាភិបាលអំពីការចរចាជាមួយប្រទេសជិតខាង ដើម្បីបញ្ជូនពលរដ្ឋរបស់ខ្លួនទៅធ្វើការជារឿងល្អហើយ ប៉ុន្តែប្រសិនការហូរចេញរបស់ពលរដ្ឋខ្លួនច្រើនពេក ក៏បង្ហាញឱ្យឃើញដែរថា កម្ពុជាមិនទាន់អាចបង្កើតការងារក្នុងស្រុកសម្រាប់ពលរដ្ឋរបស់ខ្លួនបាននៅឡើយដែរ។
កាលពីចុងឆ្នាំ២០១៩ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ចំនួនពលរដ្ឋដែលមានការងារធ្វើនៅកម្ពុជា បានកើនឡើងដល់ទៅជាង ៩៩,៣% ដែលតួលេខនេះបង្ហាញបញ្ជាក់ឲ្យឃើញថា អត្រាចំនួនអ្នកអត់ការងារធ្វើនៅកម្ពុជា គឺស្ថិតនៅក្រោម ១% ប៉ុណ្ណោះ។
ទោះជាបែបនេះក្តី ទិន្នន័យសង្គមស៊ីវិលបានចេញផ្សាយកាលពីចុងឆ្នាំ២០២១ កន្លងទៅថា ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ទាំងមានឯកសារ និងមិនមានឯកសារស្របច្បាប់ មានចំនួនចន្លោះពី ១លាន ៨សែននាក់ទៅ ២លាននាក់ ហើយពលករខ្មែរទាំងនោះកំពុងបម្រើការងារនៅក្នុងវិស័យផ្សេងៗ មានជាអាទិ៍ វិស័យសំណង់ ឧស្សាហកម្ម ម្ហូបអាហារ គ្រឿងអេឡិចត្រូនិក ឧស្សាហកម្មនេសាទ កសិកម្ម សេវាកម្ម និងអ្នកធ្វើការតាមផ្ទះ ជាដើម។
ដោយឡែកពលករខ្មែរចំណាកស្រុកទៅប្រទេសផ្សេងៗ ដូចជាប្រទេសកូរ៉េខាងត្បូង មានប្រមាណជា ៥ម៉ឺននាក់ ប្រទេសជប៉ុនប្រមាណជាង ៩ពាន់នាក់ ម៉ាឡេស៊ី ជាង ៣ម៉ឺននាក់ និងប្រទេសសិង្ហបុរី មានជាង ៨០០នាក់ផងដែរ។
ប្រភពដដែលបញ្ជាក់ថា បច្ចុប្បន្ននេះ ពលរដ្ឋខ្មែរជាង ២លាន ៤សែនគ្រួសារកំពុងជំពាក់បំណុលមីក្រូហិរញ្ញវត្ថុស្ទើរវ័ណ្ឌក ខណៈរដ្ឋាភិបាលខ្លួនឯងគិតត្រឹមដំណាច់ឆ្នាំ២០២០ កន្លងទៅ ក៏បានជំពាក់បំណុលបរទេសសរុបប្រមាណជាង ៩៦០០លានដុល្លារអាមេរិកផងដែរ ក្នុងនោះបំណុលប្រមាណ ៤៦,៦៧% ជាបំណុលដែលកម្ពុជាជំពាក់រដ្ឋាភិបាលក្រុងប៉េកាំង៕