32.5 C
Phnom Penh

លោក ហ៊ុន សែន៖ កម្ពុជា​ផលិត​មាស​បាន​ជិត ១៨០០​គីឡូក្រាម​នៅ​ខេត្ត​មណ្ឌលគិរី​រយៈពេល​ជាង​៦​ខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាង​ថា​ក្នុង​រយៈពេល​ជាង ៦​ខែ​មក​នេះ កម្ពុជា​ផលិត​មាស​បាន​ចំនួន ១៧៥១​គីឡូក្រាម​នៅ​ខេត្ត​មណ្ឌលគិរី។

នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កំណាត់ផ្លូវ​ជាតិ​លេខ​៧ ក្នុង​ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន ថ្លែង​ថា ជាទូទៅ​ក្នុង​មួយ​សប្ដាហ៍ កម្ពុជា​ផលិត​មាស​បាន​ចន្លោះ​ពី ៨០ ទៅ ១០០​គីឡូក្រាម និង​កាន់តែ​ច្រើន​ទៅៗ។ ករណី​នេះ លោក​នឹង​ដាក់​ខេត្ត​នៅ​ទិស​ឦសាន​មួយ​នេះ​ជា​គោលដៅ​ប៉ូល​សេដ្ឋកិច្ច គឺ​កសិឧស្សាហកម្ម និង​ធនធាន​រ៉ែ​របស់​កម្ពុជា។

ប៉ុន្តែ​យ៉ាងណា លោក ហ៊ុន សែន ថា​កម្ពុជា​នៅ​មិនទាន់​ស្រាវជ្រាវ​បាន​ធនធាន​អស់​នៅឡើយ ដោយ​នៅ​មាន​ប្រភេទ​រ៉ែ​ធ្យូងថ្ម និង​កន្លែង​ផលិត​មាស​ដទៃ​ទៀត ដោយសារតែ​កម្ពុជា​ទើប​នឹង​ចាប់ផ្ដើម​ស្រាវជ្រាវ​បាន​ជាង​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ ខណៈ​មាស​ចំនួន ១៧៥១​គីឡូក្រាម​ផលិត​បាន​នោះ លោក​ថា​នៅ​មិន​ទាន់​កែច្នៃ​ទៅ​ជា​មាស​ទឹក ១០ នៅឡើយ។

បុរស​ខ្លាំង​រូប​នេះ​ថា បច្ចុប្បន្ន​កម្ពុជា​ផលិត​បាន​មាស តែ​ជា​មាស​ដុំ​ដែល​មាន​ទម្ងន់​ចន្លោះ​ពី ២០​គីឡូក្រាម​ដល់ ៣០​គីឡូក្រាម និង​ជាង ១០​គីឡូក្រាម​នៅ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី រួច​ហើយ​បាន​បន្ត​ដឹក​ទៅ​ចម្រាញ់​ទៅ​ជា​មាស​ទឹក​១០ នៅ​ប្រទេស​អូស្ត្រាលី។

កាលពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២១ រោងចក្រ​ចម្រាញ់​រ៉ែ​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​ឈ្មោះ Renaissance Minerals (Cambodia) Limited ដែល​បាន​បើក​ដំណើរការ​ដើម្បី​រុករក​មាស​នៅ​តំបន់​អូរខ្វាវ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ក្រោយ​ពី​ក្រុមហ៊ុន​នេះ​បាន​ស្រាវជ្រាវ និង​រុករក​មាស​នៅ​តំបន់​នៃ​ខេត្ត​មណ្ឌលគិរី អស់​រយៈពេល ១៤​ឆ្នាំ​មក​ហើយ​នោះ។

យ៉ាងណាក៏ដោយ ខេត្ត​មណ្ឌលគិរី ដែល​បច្ចុប្បន្ន​កំពុង​មាន​ជម្លោះ​វិវាទ​ដីធ្លី​ខ្លាំង ដោយ​មិន​អាច​ដោះស្រាយ​បាន​ឡើយ បន្ទាប់ពី​អ្នក​មាន​អំណាច និង​ឧកញ៉ា​មួយ​ចំនួន​បាន​នាំគ្នា​ទៅ​សម្រុក​ចាប់​ដី​នៅ​ទីនោះ។ កន្លងមក ជនជាតិ​ដើម​ភាគតិច​ធ្លាប់​អះអាង​ថា ភ្នំ និង​ដី​ព្រៃ​ក្នុង​ដែន​ជម្រក​មួយ​ចំនួន ត្រូវ​បាន​អ្នក​មាន​អំណាច​ធំៗ​រំលោភ​យក​ជា​កម្មសិទ្ធិ ក្នុង​នោះ​ភាគច្រើន​ជា​សាច់ញាតិ និង​គ្រួសារ​លោក ហ៊ុន សែន ហើយ​និង​កូនៗ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស