28 C
Phnom Penh

ក្រុម​អ្នក​សង្កេតការណ៍​ថា​លោក កឹម សុខា អាច​នឹង​ក្លាយ​ជា​វីរបុរស​នៅ​ក្នុង​ចិត្ត​ពលរដ្ឋ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​កាត់ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺជា​វិញ្ញាសា​ប្រឡង​មួយ​ដែល​មហាជន​អាច​វិនិច្ឆ័យ​ដោយ​ងាយ​ពី​ភាព​លម្អៀង​របស់​តុលាការ​កម្ពុជា ហើយ​បញ្ហា​នេះ​ក៏​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ដែរ​ថា លោក កឹម សុខា អាច​នឹង​ក្លាយ​ជា​វីរបុរស​នៅ​ក្នុង​ចិត្ត​ពលរដ្ឋ​ខ្មែរ ដោយសារ​ការ​តស៊ូ​របស់​លោក។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្នុង​ដំណើរការ​សវនាការ​របស់​មេដឹកនាំ​ប្រឆាំង​ឡើងវិញ​សព្វថ្ងៃ​នេះ តុលាការ​គ្មាន​ភស្តុតាង​អ្វី​ទាំងអស់ ប៉ុន្តែ​ពួកគេ​ព្យាយាម​ធ្វើ​សង្គ្រាម​ចិត្តសាស្ត្រ​ដើម្បី​បន្ទន់ និង​បំបាក់​ទឹកចិត្ត​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ព្រម​សារភាព​ដូច​ការ​ចោទប្រកាន់​របស់​ខ្លួន។

អ្នកវិភាគ​រូប​នេះ​លើកឡើង​ថា ក្នុង​ស្ថានភាព​នេះ លោក​មិន​ដឹង​ថា​តើ​លោក កឹម សុខា អាច​ធន់​ទ្រាំ​នឹង​អំណាច​គាបសង្កត់​បាន ឬ​បាក់​ទឹកចិត្ត​ព្រម​ចុះចាញ់ ឬ​ក៏​អត់​នោះ​ទេ។ លោក​ថា ប្រសិនបើ​គាត់​ព្រម​សារភាព​តាម​តុលាការ​ចង់​បាន​នោះ លោក កឹម សុខា នឹង​ក្លាយ​ទៅជា​មេដឹកនាំ​ម្នាក់​ដែល​ទន់ខ្សោយ កំសាក ហើយ​គាត់​ក៏​លែង​ឲ្យ​គេ​ទុកចិត្ត និង​គាំទ្រ​បន្ត​ទៀត​ដែរ។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា ផ្ទុយទៅវិញ ប្រសិនបើ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ធន់​ទ្រាំ រឹងមាំ ក្លាហាន ននៀល​តតាំង​ការពារ​សិទ្ធិ​របស់​ខ្លួន​មិនព្រម​ចុះចាញ់​នឹង​ការ​គាបសង្កត់ ការ​លួងលោម​របស់​តុលាការ​បាន​ដល់​ទីបំផុត​វិញ​នោះ ទោះ​គាត់​ឈ្នះ​ក្តី ឬ​ចាញ់​ក្តី លោក កឹម សុខា នឹង​ក្លាយ​ជា​មេដឹកនាំ​ដែល​ខ្លាំង​ពូកែ​ជាង​មុន និង​ជាប់​ឈ្មោះ​ជា​វីរបុរស​ក្នុង​ចិត្ត​ពលរដ្ឋ​ខ្មែរ​ជាមិនខាន។

ការ​អះអាង​របស់​បណ្ឌិត ឡៅ ម៉ុងហៃ ស្រប​ពេល​ដែល​តុលាការ​ព្យាយាម​អូស​បន្លាយ​សវនាការ​មេដឹកនាំ​បក្ស​ប្រឆាំង និង​បញ្ចុះបញ្ចូល​ឱ្យ​លោក កឹម សុខា សារភាព​ទោស​ដើម្បី​ឆាប់​បញ្ចប់​រឿង​ក្តី​នេះ ប៉ុន្តែ​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​ច្រានចោល​ទាំងស្រុង។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ប៉ុន្តែ​អស់​រយៈពេល​ជាង ៤​ឆ្នាំ​មក​នេះ តុលាការ​នៅតែ​មិន​អាច​កាត់​ក្តី​លើ​សំណុំរឿង​នេះ​ពី​ទោស​ណា​មួយ​នៅឡើយ​ទេ ប៉ុន្តែ​តុលាការ​បែរជា​ជំរុញ​ឱ្យ​លោក កឹម សុខា សារភាព​ទោស​តាម​ការ​ចោទប្រកាន់​របស់​តុលាការ ក្នុង​បំណង​ដើម្បី​ឱ្យ​សំណុំ​រឿង​នេះ​ឆាប់​ចប់ ប៉ុន្តែ​ត្រូវ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​ចោល​ភ្លាមៗ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ កុម្ភៈ នេះ​ថា លោក កឹម សុខា តែងតែ​ប្រកាន់​នូវ​ជំហរ​ដ៏​ម៉ឺងម៉ាត់​លះបង់​ដើម្បី​ជាតិ និង​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា សូម្បី​សហគមន៍​អន្តរជាតិ ដូចជា​សហរដ្ឋ​អាមេរិក អឺរ៉ុប អូស្ត្រាលី និង​ជប៉ុន ជាដើម សុទ្ធតែ​ទទួលស្គាល់​ការ​តស៊ូ​លះបង់ និង​ជំហរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោក។

លោក ហ៊ុន កុសល បញ្ជាក់​ថា ជា​យុទ្ធសាស្ត្រ​នយោបាយ​របស់​លោក កឹម សុខា គឺ​ដើម្បី​ពន្លត់​ភ្លើង​នយោបាយ​នៅ​កម្ពុជា ស្វែងរក​ដំណោះស្រាយ​តាម​បែប​អហិង្សា មិន​ចេះ​សម្ដែង មិន​ចេះ​អួតអាង និង​មិន​ចេះ​ឆ្កឹះឆ្កៀល ឬ​ឌឺដង​បង្ក​ជា​អណ្ដាតភ្លើង​បង្កើន​កម្ដៅ​នយោបាយ​សម្រាប់​កម្ពុជា​នោះ​ទេ។

មក​ទល់នឹង​ពេលនេះ​មាន​រយៈពេល​ជាង ៤​ឆ្នាំ​ហើយ ប៉ុន្តែ​ប្រធាន​បក្ស​ប្រឆាំង​នៅតែ​មាន​ភាព​ស្អាតស្អំ​នៅឡើយ ព្រោះ​តុលាការ​បាន​បើក​សវនាការ​របស់​លោក​ចំនួន ២៩​លើក​រួច​មក​ហើយ ប៉ុន្តែ​នៅតែ​គ្មាន​ភស្តុតាង​ជាក់លាក់​ណា​មួយ​អាច​ដាក់​ទោស​លោក​តាម​ការ​ចោទប្រកាន់​របស់​ខ្លួន​បាន ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ថា សំណុំរឿង​នេះ​ជា​រឿង​នយោបាយ​ប៉ុណ្ណោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស