35 C
Phnom Penh

លោក ហ៊ុន សែន ណែនាំ​ឱ្យ​អ្នកនិពន្ធ​រឿង​រំលេច​ជីវិត​លោក​និង​ភរិយា​ពេល​រំដោះ​កម្ពុជា​ពី​របប ប៉ុល ពត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​ណែនាំ​ឱ្យ​គណៈកម្មការ​និពន្ធ​រឿង «កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ថា​ត្រូវតែ​រំលេច​ឱ្យ​ឃើញ​នូវ​ដំណើរ​ជីវិត​ពិត​របស់​លោក និង​ភរិយា ក្នុង​ការ​ឆ្លងដែន​ចូល​ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​កម្លាំង​អ្នក​ស្នេហា​ជាតិ​មក​រំដោះ​កម្ពុជា​ចេញពី​របប ប៉ុល ពត។

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​ផលិតករ​ភាពយន្ត​រឿង «កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» កាលពី​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា ដំណើរ​សាច់រឿង​មួយ​ចំនួន​ធំ​គួរតែ​ចុះ​ថត​ដោយ​ផ្ទាល់​នៅ​តាម​ទីតាំង​ប្រវត្តិសាស្ត្រ ហើយ​តួ​សម្ដែង​ត្រូវតែ​មាន​ការ​ហ្វឹកហាត់ បណ្តុះបណ្តាល​ឲ្យ​មាន​ការ​យល់ដឹង​ច្បាស់លាស់ និង​ស៊ីជម្រៅ​ទៅ​នឹង​ប្រវត្តិសាស្ត្រ​ពិត​ដែល​បាន​កើតឡើង​ទាក់ទិន​ទៅ​នឹង​សាច់រឿង​ទាំងមូល។

អតីត​មេ​កម្មាភិបាល​ដែល​សល់​ពី​របប​វាល​ពិឃាត លោក ហ៊ុន សែន បាន​សង្កត់​ធ្ងន់​លើ​គណៈកម្មការ​និពន្ធ​រឿង និង​អ្នកបច្ចេកទេស​ថត ឱ្យ​យកចិត្ត​ទុកដាក់​បំផុត​ពី​តួ​សម្ដែង​នៃ​តួអង្គ​ប្រវត្តិសាស្ត្រ​នីមួយៗ​ក្នុង​សាច់រឿង​នេះ ជាពិសេស​តួអង្គ​មេបញ្ជាការ «សំរេច» ដែល​ជា​តួអង្គ​ខ្លួន​លោក​ផ្ទាល់ ដែល​ឆ្លងកាត់​នូវ​ការ​ធ្វើ​ពលីកម្ម​សាច់​ស្រស់ ឈាម​ស្រស់ ឆ្លងកាត់​សមរភូមិ​រាប់​មិន​អស់ រហូត​ធ្លាក់​ខ្លួន​ពិការ​ភ្នែក និង​តួអង្គ​អ្នកគ្រូពេទ្យ​ដែល​ជា​ភរិយា​របស់​លោក​ផង​ដែរ។

ការ​ណែនាំ​ពី​ការ​ថត​រឿង​ស្ដីពី​ប្រវត្តិ​ផ្ទាល់ខ្លួន​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​នេះ ត្រូវ​គេ​រិះគន់​ថា​ជា​ការ​ថត​ដើម្បី​បំភ័ន្ត​ប្រវត្តិសាស្ត្រ​ជាក់ស្តែង​កាល​ពី​សម័យ​នោះ​តែប៉ុណ្ណោះ មិនមែន​ជា​ដំណើររឿង​ពិត​ទាំងស្រុង​នោះ​ទេ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៩ កុម្ភៈ នេះ​ថា ក្រោម​ស្នាដៃ​ដឹកនាំ​ដោយ​ល្បិច​ទុច្ចរិត​នៃ​នយោបាយ​កាយ​កប់​ប្រវត្តិសាស្ត្រ​របស់​មេដឹកនាំ​រូប​នេះ ក្រុម​ផលិតករ​ភាពយន្ត​គួរ​ជូន​យោបល់​ឲ្យ​លោក ហ៊ុន សែន កែ​ចំណងជើង​រឿង​នេះ​ទៅជា​រឿង «កូនប្រុស​បាំង​ពន្លឺ​បូណ៌មី​ជាតិ​ខ្មែរ» ជំនួស​វិញ ទើប​ត្រូវ​នឹង​ស្ថានភាព​ខ្ទេចខ្ទាំ​ជាក់ស្តែង​នៃ​ប្រទេស​ជាតិ​ខ្មែរ។

លោក គឹម សុខ លើកឡើង​ថា រឿង​នេះ​គួរ​ដាក់​បញ្ចូល​នូវ​លទ្ធផល​នៃ​ការ​ហូរ​ឈាម និង​ទឹកភ្នែក​ឈឺចាប់​ដ៏​អយុត្តិធម៌​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស ដែល​ប្រព្រឹត្ត​ដោយ​កងកម្លាំង​ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន ដោយ​ផ្ទាល់​នា​សម័យ​នោះ​ផង ដើម្បី​រំលេច​នូវ​សាច់រឿង​ពិតប្រាកដ​ទាំងស្រុង។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា សាច់រឿង​ដែល​អាច​បង្ហាញ​ខ្លឹមសារ​ពិត​ទាំងស្រុង ទើប​ចាត់ទុក​ជា​តម្លៃ​នៃ​ឯកសារ​ប្រវត្តិសាស្ត្រ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ និង​មនុស្ស​ជាតិ​ទូទៅ​ពិតប្រាកដ​បាន ដើម្បី​ឱ្យ​ពួកគេ​ឈ្វេងយល់​កាន់តែ​ច្បាស់​ថា តើ​អំណាច​នាយករដ្ឋមន្ត្រី​ខ្មែរ​ដែល​ដឹកនាំ​តាម​ចរិត​ផ្ដាច់ការ​ហិង្សា​និយម​របស់​លោក ហ៊ុន សែន នេះ បាន​រុញ​ឱ្យ​កម្ពុជា​ធ្លាក់​អន់ថយ និង​នាំ​អន្តរាយ​ដល់​ទឹកដី និង​ពូជសាសន៍​ខ្មែរ​ដល់​កម្រិត​ណា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

កម្ពុជា​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ត្រូវ​គេ​មើលឃើញ​ថា មេដឹកនាំ​ខ្មែរ​រូប​នេះ​បាន​សម្លាប់​យុវជន​ខ្មែរ​ប្រមាណ ១០​ម៉ឺន​នាក់​ក្នុង​ផែនការ «ក​៥» របស់​ក្រុង​ហាណូយ កាលពី​អំឡុង​ទសវត្ស​ឆ្នាំ​១៩៨០ ជា​ថ្នូរ​នឹង​ការ​ជួយ​ជ្រោមជ្រែង​អំណាច​របស់​វៀតណាម ឱ្យ​ខ្លួន​កាន់កាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​ដល់​សព្វថ្ងៃ​នេះ។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា អំណាច​របស់​លោក ហ៊ុន សែន បាន​មកពី​ការ​ប្លន់​តែប៉ុណ្ណោះ មិនមែន​អំណាច​ដែល​បាន​មក​ដោយ​ស្រប​ច្បាប់​នោះ​ទេ ហើយ​អំណាច​នេះ​គ្រាន់តែ​ដើម្បី​បម្រើ​មហិច្ឆតា​បរទេស​ឈ្លានពាន​ដែល​លោក​មិន​អាច​ដក​ខ្លួន​រួច​ដល់​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស