38 C
Phnom Penh

អ្នក​រាយការណ៍​ពិសេស UN ទាមទារ​ឱ្យ​កម្ពុជា​បើក​ការ​ស៊ើបអង្កេត​ករណី​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើបអង្កេត​លើ​ករណី​សម្លាប់​ជីវិត​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​ឱ្យ​បាន​ឆាប់​រហ័ស មាន​ប្រសិទ្ធភាព ឯករាជ្យ មិន​លម្អៀង និង​មាន​តម្លាភាព។

អ្នក​រាយការណ៍​ពិសេស​រូប​នេះ​បាន​ចាត់ទុក​ថា ការ​បរាជ័យ​ក្នុង​ការ​ស៊ើបអង្កេត​លើ​ការ​សម្លាប់​ជីវិត​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ហើយ​រក​មុខ​ឃាតក​មិន​ឃើញ​ពី​សំណាក់​រដ្ឋាភិបាល គឺជា​ការ​រំលោភបំពាន​លើ​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ពលរដ្ឋ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បាន​ផ្ញើ​របាយការណ៍​មួយ​ស្ដីពី​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ទៅកាន់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​រដ្ឋាភិបាល​កម្ពុជា ប្រចាំ​ទីក្រុង​ហ្សឺណែវ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា ពួកគេ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ និង​ការ​បំភិតបំភ័យ​លើ​សកម្មជន​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​រៀបរាប់​នូវ​អំពើ​ឃាតកម្ម និង​ការ​វាយប្រហារ​ជាច្រើន​ករណី​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដែល​បាន​កើតមាន​ឡើង​នៅ​កម្ពុជា​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​ការ​សម្លាប់​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង​ភ្នំពេញ លោក ស៊ិន ខុន ជាដើម ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ទាន់​វែក​មុខ​រក​ឃាតក​ពិត​យក​មក​ផ្ដន្ទាទោស​បាន​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​នូវ​របាយការណ៍​បន្ថែម​ទាក់ទិន​នឹង​ការ​សម្លាប់​ជីវិត​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​អូស​បន្លាយ​វែក​មុខ​ជនល្មើស​រហូត​មក។

ទាក់ទិន​នឹង​បញ្ហា​នេះ សង្គម​ស៊ីវិល​ធ្លាប់​បាន​បង្ហាញ​ទិន្នន័យ​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចាប់តាំង​ពី​ដើម​ឆ្នាំ​២០១៩ មក សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​វាយប្រហារ​បណ្តាល​ឲ្យ​មាន​របួស​យ៉ាង​ធ្ងន់ធ្ងរ រហូត​មាន​អ្នក​ខ្លះ​បាក់​ដៃ បាក់​ជើង បាក់​ឆ្អឹងជំនីរ បែក​ក្បាល រហូត​ដល់​ស្លាប់ ជាដើម។

សកម្មជន​បក្ស​ប្រឆាំង​តែង​រង​ការ​វាយប្រហារ​ដោយ​ជន​មិន​ស្គាល់​មុខ​ជាបន្តបន្ទាប់ ខណៈ​សំណុំរឿង​ទាំងនោះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន បើក​ការ​ស៊ើបអង្កេត​វែក​មុខ​ជន​ដៃដល់​នៅឡើយ​ទេ ទោះ​មាន​ខ្សែ​វីដេអូ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ពី​ភិនភាគ​ជនល្មើស​ក៏ដោយ។

ជាក់ស្តែង ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី គឺ​លោក ពួក ចិន្តា កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៩ ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ពាក់​មួក​ការពារ​សុវត្ថិភាព ជិះ​ម៉ូតូ​លប​វាយ​ក្បាល​ពីក្រោយ​ដោយ​ប្រើ​ដំបង ដែល​នៅ​មិន​ឆ្ងាយ​ពី​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ។ ជាង​នេះ​ទៀត អតីត​ចៅសង្កាត់​កោះដាច់ របស់​បក្ស​ប្រឆាំង លោក ស៊ិន បូណា ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ធាក់​ផ្តួល​ម៉ូតូ ហើយ​យក​កំណាត់​ដែក​វាយ​សំពង​លើ​រូបលោក​រហូត​បណ្តាល​ឲ្យ​បាក់​ដៃ​ខាងឆ្វេង ខណៈ​ពេល​លោក​កំពុង​ធ្វើ​ដំណើរ​ដោយ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ចុង​ឆ្នាំ​២០១៩ ផង​ដែរ។

ករណី​លប​វាយប្រហារ​លើ​សកម្មជន​បក្ស​ប្រឆាំង បើ​ទោះ​ជា​រឿង​ខ្លះ​មាន​ទាំង​វីដេអូ និង​រូបភាព​បង្ហាញ​ភិនភាគ​ជន​ដៃដល់​ច្បាស់​ក៏ដោយ ក៏​រហូត​មក​ទល់​នឹង​ពេលនេះ សមត្ថកិច្ច​មិន​ទាន់​អាច​វែក​មុខ​ជនល្មើស​ទាំងនោះ​យក​មក​កាត់ទោស​តាម​ផ្លូវ​ច្បាប់​នៅឡើយ​ទេ ខណៈ​ឃាតកម្ម​ថ្មីៗ​ចេះ​តែ​បន្ត​កើតមាន​ជាបន្តបន្ទាប់ ដូចជា​ករណី លោក ស៊ិន ខុន ដែល​បាន​កើតឡើង​កាលពី​ចុង​ឆ្នាំ​២០២១ កន្លងទៅ​ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស