28.4 C
Phnom Penh

បុរស​ខ្លាំង​កម្ពុជា​ប្ដេជ្ញា​មិន​ឱ្យ​មាន​អំពើ​ហិង្សា ឬ​មាន​មនុស្ស​ស្លាប់​ដោយសារ​ការ​បោះឆ្នោត​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ប្ដេជ្ញា​មិន​ឱ្យ​មាន​អំពើ​ហិង្សា ឬ​មាន​អ្នក​របួស និង​ស្លាប់​ដោយសារ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ឡើយ ហើយ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន បង្ក​លក្ខណៈ​ឲ្យ​គណបក្ស​ទាំងអស់​មាន​សិទ្ធិ​ជួបជុំ​សមាជិក​សមាជិកា និង​លើក​ស្លាក​ដូច​គណបក្ស​កាន់​អំណាច។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន ៧​កន្លែង​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ បុរស​ខ្លាំង​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្ក​លក្ខណៈ​ឲ្យ​គណបក្ស​ទាំងអស់​ដែល​ប្រជែង​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់ នា​ខែ​មិថុនា ខាងមុខ មាន​សិទ្ធិ​ជួបជុំ​សមាជិក​សមាជិកា និង​លើក​ស្លាក​ដូច​គណបក្ស​កាន់​អំណាច ទោះបីជា​យុទ្ធការ​បោះឆ្នោត​មិនទាន់​មកដល់​ក៏​ពិតមែន។

បុរស​ខ្លាំង​បាន​លើក​ឡើង​ថា ដើម្បី​ឱ្យ​បក្ស​នយោបាយ​ទទួល​បាន​ឱកាស​សម្រាប់​ការ​ជួបជុំ​ជាមួយ​សមាជិក ក៏ដូចជា​ពលរដ្ឋ និង​លើក​ស្លាក​គណបក្ស​ដោយ​គ្មាន​ការ​រំខាន រួម​ទាំង​គ្មាន​ការ​គំរាមកំហែង​ណា​មួយ​ពី​អាជ្ញាធរ​មូលដ្ឋាន ដោយ​ធានា​ថា​ការ​បោះឆ្នោត​ខាងមុខ​នេះ​មិន​មាន​អំពើ​ហិង្សា ឬ​ជម្លោះ​ណា​មួយ​កើតឡើង។

បុរស​ខ្លាំង​កម្ពុជា​បន្ត​ថា អាជ្ញាធរ​ត្រូវ​ខិតខំ​ជួយ​ការពារ​សុវត្ថិភាព​នៃ​បណ្ដា​បក្ស​នយោបាយ​ឱ្យ​បាន កុំ​ឱ្យ​មាន​ការ​បោះឆ្នោត​មួយ​ញាំញី​ដោយ​អំពើ​ហិង្សា​ជម្លោះ​រហូត​ទៅដល់​មាន​មនុស្ស​គ្រោះថ្នាក់។ ការ​បោះឆ្នោត​ចុងក្រោយ​នេះ គ្មាន​មនុស្ស​ស្លាប់ ឬ​របួស​ដោយសារ​ការ​បោះឆ្នោត​ទេ។ លោក​ថា​នៅ​ក្នុង​ជំនាន់​អ៊ុនតាក់ (UNTAC) និង​ក្រោយមក​នៅតែ​មាន​អំពើ​ហិង្សា ប៉ុន្តែ​រយៈពេល​តាំងពី​ឆ្នាំ​២០០៣ រហូត​មក មិន​មាន​អ្នក​ស្លាប់ ឬ​របួស​ដោយសារ​ការ​បោះឆ្នោត​ទេ។

បុរស​ខ្លាំង​កម្ពុជា​បាន​បញ្ជាក់​ថា ការ​អំពាវនាវ​របស់​លោក គឺ​ប្រៀប​ដូចជា​បទបញ្ជា​យ៉ាង​ដូច្នោះ​ដែរ ដោយសារតែ​នៅ​ពេល​មាន​បញ្ហា មហាជន​តែងតែ​ជេរ​នាយករដ្ឋមន្ត្រី។

ជាមួយ​គ្នា​នេះ បុរស​ខ្លាំង​កម្ពុជា​ក៏​បាន​ដឹង​ដែរ​ថា បណ្តា​គណបក្ស​ជាច្រើន​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រជែង​យក​កៅអី​ឃុំ-សង្កាត់​នា​ពេល​ខាងមុខ ហើយ​គណបក្ស​ខ្លះ​កំពុង​ត្រៀម​រៀបចំ​បង្កើន​សម្ពន្ធភាព ដែល​នេះ​ជា​លំហ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទោះ​យ៉ាងណា ក្រោយ​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ កន្លងទៅ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​ទទួលយក​លទ្ធផល​បោះឆ្នោត ហើយ​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង ក្រោម​ហេតុផល​ថា មាន​ការ​លួច​បន្លំ​សន្លឹកឆ្នោត។ បាតុកម្ម​ក្រោយ​ការ​បោះឆ្នោត​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ៦​នាក់​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ហិង្សា​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ បណ្តាល​ឲ្យ​យុវជន​ម្នាក់​បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង និង​ការ​បាញ់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង ដែល​បណ្តាល​ឲ្យ​មនុស្ស ៥​នាក់​ស្លាប់។

គិត​ត្រឹម​ដំណាច់​ខែ​មករា ឆ្នាំ​២០២២ នេះ កម្ពុជា​មាន​គណបក្ស​នយោបាយ​ចំនួន ៤៥​ហើយ​ដែល​បាន​ចុះបញ្ជី​គណបក្ស​នយោបាយ​ជា​ផ្លូវការ​នៅ​ក្រសួង​មហាផ្ទៃ។ កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ នេះ និង​ត្រូវ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នៅ​ឆ្នាំ​២០២៣ ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស