26 C
Phnom Penh

ចិន​ងាក​ក្រោយ​បន្តិច​គាំទ្រ​អាល្លឺម៉ង់​និង​បារាំង​សម្របសម្រួល​បន្ថយ​ភាព​តានតឹង​រុស្ស៊ី-អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ក្នុង​ជំនួប​កំពូល​នៅ​ទីក្រុង​ប៉េកាំង ក្នុង​ថ្ងៃ​បើក​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា កាលពី​សប្ដាហ៍​មុន លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​បើក​កិច្ចពិភាក្សា​ជាមួយ​សមភាគី​ចិន លោក ស៊ី ជីនពីង ជុំវិញ​ស្ថានការណ៍​យោធា​នៅ​អឺរ៉ុប​ខាងកើត និង​បញ្ហា​អ៊ុយក្រែន។

ជំនួប​កំពូល​នោះ ធ្វើឡើង​ក្រោម​ក្រសែភ្នែក​របស់​អ្នក​សង្កេតការណ៍​រាប់​ពាន់​នាក់ ដែល​មួយ​ចំនួន​មើល​ឃើញ​ថា មេដឹកនាំ​វិមាន​ក្រឹមឡាំង​ចង់​ស្វែងរក​ការ​គាំទ្រ​ពី​ក្រុង​ប៉េកាំង ជុំវិញ​ស្ថានការណ៍​យោធា​ដែល​ក្រុង​មូស្គូ លើក​ទ័ព​ឡោមព័ទ្ធ​អ៊ុយក្រែន ហើយ​មាន​ផែនការ​ចង់​ទន្ទ្រាន​ដែនដី​ប្រទេស​ជិតខាង​មួយ​នេះ និង​ការ​សម្រេច​ប្រឈមមុខ​ជាមួយ​ក្រុម​បស្ចិម​ប្រទេស និង​អង្គការ​យោធា​ណាតូ​នៅ​អឺរ៉ុប​ខាងកើត។

តាម​អ្នក​សង្កេតការណ៍ គេ​សង្កេត​ឃើញ​មេដឹកនាំ​ចិន លោក ស៊ី ជីនពីង បាន​បង្ហាញ​ការ​គាំទ្រ​ជា​ខ្លាំង​ទៅលើ​ជំហរ​របស់​ប្រធានាធិបតី​រុស្ស៊ី ដែល​សម្រេច​ប្រឈមមុខ​ជាមួយ​ក្រុម​បស្ចិម​ប្រទេស និង​អំណាច​របស់​យោធា​ណាតូ​ករណី​អ៊ុយក្រែន។

តែ​ពេលនេះ មេដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន ដែល​ត្រូវ​គេ​ចោទ​ថា​ជា​អ្នក​បង្ក​រឿង​ច្រើន​ទៅលើ​ប្រទេស​ក្នុង​តំបន់ ជាពិសេស​នៅ​ក្នុង​ការ​ធ្វើ​អនុត្តរភាព​កាន់កាប់​សមុទ្រ​ចិន​ខាងត្បូង និង​ការ​ធ្វើ​សកម្មភាព​យោធា​យ៉ាង​ខ្លាំង​ទៅលើ​កោះ​តៃវ៉ាន់​ដែល​ជា​សាច់ឈាម​នឹង​គ្នា។

ក្នុង​ជំនួប​នោះ បែរ​ជា​ត្រូវ​គេ​មើល​ឃើញ​ថា មេដឹកនាំ​ចិន​រូប​នេះ​បាន​ងាករេ​បន្តិច​នូវ​គោលជំហរ​របស់​ខ្លួន​ជុំវិញ​ស្ថានការណ៍​យោធា​នៅ​អឺរ៉ុប​ខាងកើត និង​ករណី​ប្រទេស​អ៊ុយក្រែន ដែល​ទីបំផុត​បាន​បង្ហាញ​ការ​គាំទ្រ​តួនាទី​របស់​អាល្លឺម៉ង់ និង​បារាំង សម្របសម្រួល​បន្ថយ​ភាព​តានតឹង​រុស្ស៊ី-អ៊ុយក្រែន និង​ករណី​អឺរ៉ុប​ខាងកើត។

យោង​តាម​សារព័ត៌មាន​នៃ​គេហទំព័រ Politico ជំនួប​រវាង​ប្រធានាធិបតី​បារាំង និង​សមភាគី​ចិន បាន​ធ្វើឡើង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពុធ ទី​១៦ កុម្ភៈ។ នៅ​ក្នុង​ជំនួប​រវាង​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង និង​សមភាគី​ចិន លោក ស៊ី ជីនពីង គឺ​វិបត្តិ​អ៊ុយក្រែន និង​ស្ថានការណ៍​តានតឹង​នៅ​អឺរ៉ុប​ខាងកើត គឺជា​កិច្ច​សន្ទនា​គ្នា​ផ្ដើម​មុន​គេ គឺ​មុន​បញ្ហា​តំបន់​ផ្សេងៗ​ទៀត​នៅ​លើ​ពិភពលោក។ កិច្ច​សន្ទនា​គ្នា​ដែល​មើល​ទៅ​ដូចជា​មាន​ការ​ចុះ​សម្រុង​គ្នា​ច្រើន គឺ​លោក ស៊ី ជីនពីង បាន​គាំទ្រ​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង រួម​ទាំង​គំនិត​ផ្ដួចផ្ដើម​របស់​បារាំង​ជាមួយ​អាល្លឺម៉ង់ អំពី​កិច្ចព្រមព្រៀង​យុទ្ធសន្តិភាព​រវាង​ពួក​ឧទ្ទាម​បំបែក​រដ្ឋ​នៅ​តំបន់​ដុនបាស់។ តាម​ប្រភព​ដដែល​នេះ ប្រធានាធិបតី​បារាំង និង​សមភាគី​ចិន បាន​យល់​ស្រប​គ្នា​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​នឹង​វិបត្តិ​អ៊ុយក្រែន ត្រូវតែ​ចាត់ទុក​ការ​ចរចា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ផ្លូវ​ទូត គឺជា​អាទិភាព​មិន​អាច​ខ្វះ​បាន​ឡើយ។

កិច្ចព្រមព្រៀង​មួយ​ដែល​គេ​ហៅ Normandy Format វា​បាន​ចាប់ផ្តើម​កើត​រូបរាង​ឡើង​តាំងពី​ខែ​តុលា ឆ្នាំ​២០១៥ ដោយ​មាន​គោលដៅ​ដោះស្រាយ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​អ៊ុយក្រែន និង​ក្រុម​ទាមទារ​បំបែក​រដ្ឋ​គាំទ្រ​ដោយ​រុស្ស៊ី ស្ថិតនៅ​ក្នុង​តំបន់​ដុនបាស់​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន។

ថ្លែង​ទៅកាន់​ប្រធានាធិបតី​បារាំង លោក ស៊ី ជីនពីង បាន​សង្កត់​ធ្ងន់​នូវ​ការ​គាំទ្រ​របស់​លោក ដោយ​ស្នើ​ឱ្យ​ភាគី​ទាំងអស់​ប្រកាន់ខ្ជាប់​នូវ​ដំណោះស្រាយ​ដែល​មាន​កំណត់​នៅ​ក្នុង​កិច្ច​សន្ទនា Normandy Format ដែល​លោក ស៊ី ទទូច​ថា​ភាគី​ពាក់ព័ន្ធ​គួរ​ប្រើ​ឱ្យ​អស់​លទ្ធភាព​ទៅតាម​ដំណោះស្រាយ​ដែល​មាន​ស្រាប់​រវាង​ក្រុម​ប្រឆាំង​នៅ​តំបន់​ដុនបាស់ និង​រដ្ឋាភិបាល​អ៊ុយក្រែន ដែល​មាន​បារាំង និង​អាល្លឺម៉ង់ ជា​អ្នក​សម្របសម្រួល។

ក្រៅពី​មេដឹកនាំ​ទាំង​ពីរ​បាន​សន្ទនា​គ្នា​អំពី​វិបត្តិ​នៅ​អ៊ុយក្រែន គឺ​បញ្ហា​ផ្សេងៗ​ទៀត​ក៏​បាន​លើកឡើង​ផង​ដែរ ដូចជា​ករណី​ចិន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​លីទុយអានី ដោយសារ​លីទុយអានី អនុញ្ញាត​ឱ្យ​តៃវ៉ាន់​មាន​ស្ថាន​ទំនាក់ទំនង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អឺរ៉ុប​ខាងកើត​ជា​សមាជិក​សហភាព​អឺរ៉ុប និង​កិច្ច​សហការ​ទ្វេភាគី​បារាំង-ចិន ក៏​បាន​លើក​មក​សន្ទនា​គ្នា​ផង​ដែរ។

តែ​កិច្ចពិភាក្សា​រវាង​មេដឹកនាំ​បារាំង និង​ចិន កើតឡើង​ក្រោយ​មួយ​ថ្ងៃ​នៃ​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov និង​សមភាគី​អាមេរិក Antony Blinken ដែល​បាន​បន្ត​សន្ទនា​គ្នា​ឡើងវិញ​ជុំវិញ​បញ្ហា​អ៊ុយក្រែន។

ក្នុង​ជំនួប​នេះ ទីក្រុង​មូស្គូ បាន​ជំរុញ​ឲ្យ​មាន​កិច្ច​សន្ទនា​តាម​ហេតុការណ៍​ជាក់ស្ដែង​លើ​បញ្ហា​ទាំងមូល គឺ​មិនមែន​តែ​រឿង​អ៊ុយក្រែន​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រសួង​ការបរទេស​រុស្ស៊ី បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា លោក Lavrov បាន​សង្កត់​ធ្ងន់​អំពី​ភាព​ដែល​មិន​អាច​ទទួល​យក​បាន​នៃ​សង្គ្រាម​វោហារសាស្ត្រ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​សម្ពន្ធមិត្ត​ជិតស្និទ្ធ​ដែល​បាន​វាយប្រហារ​ទៅលើ​ក្រុង​មូស្គូ។

ក្រោយ​ពី​រុស្ស៊ី ប្រកាស​ដក​ទ័ព​មួយ​ចំនួន​ចេញពី​ព្រំដែន​ជាប់​នឹង​អ៊ុយក្រែន បាន​នាំ​ឲ្យ​ក្រុម​បស្ចិម​ប្រទេស​មើល​ឃើញ​សញ្ញា​វិជ្ជមាន ដែល​បង្ហាញ​ថា​រុស្ស៊ី​កំពុង​ព្យាយាម​បន្ធូរបន្ថយ​ភាព​តានតឹង​ជុំវិញ​បញ្ហា​អ៊ុយក្រែន ដែល​ករណី​នេះ​ត្រូវ​បាន​អ្នក​សង្កេតការណ៍​មើល​ឃើញ​ឡើងវិញ​អំពី​ជំហរ​របស់​ក្រុង​ប៉េកាំង ជុំវិញ​វិបត្តិ​រុស្ស៊ី-អ៊ុយក្រែន និង​ស្ថានការណ៍​យោធា​នៅ​អឺរ៉ុប​ខាងកើត។

ក្នុង​ស្ថានការណ៍​ដ៏​ផុយ​ស្រួយ​នេះ ក្រុម​អង្គការ​យោធា​ណាតូ​មិន​បាន​ដកថយ​ឡើយ​នូវ​វត្តមាន​កងទ័ព​របស់​ខ្លួន​នៅ​បណ្ដា​ប្រទេស​ជា​សមាជិក​ណាតូ​ដែល​ជាប់​ព្រំដែន​ប្រទេស​រុស្ស៊ី។ នេះ​ជា​សម្ពាធ​ដែល​មើល​ទៅ​ក្រុង​មូស្គូ បង្ហាញ​ជំហរ​ទន់ភ្លន់​ទៅលើ​ប្រទេស​អ៊ុយក្រែន ជា​អតីត​រដ្ឋ​ចំណុះ​សហភាព​សូវៀត​ដែល​ចាញ់​សហរដ្ឋ​អាមេរិក និង​ក្រុម​បស្ចិម​ប្រទេស​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ បាន​នាំ​ឱ្យ​សហភាព​សូវៀត​ដួល​រលំ​នៅ​ឆ្នាំ​១៩៨៩៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស