41.3 C
Phnom Penh

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​នឹង​ទៅ​ទស្សនកិច្ច​នៅ​ភូមា​ក្នុង​ខែ​មីនា ពិភាក្សា​ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​៥​ចំណុច​របស់​អាស៊ាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការបរទេស លោក ប្រាក់ សុខុន និង​ជា​ប្រេសិត​របស់​អាស៊ាន នឹង​ទៅ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា នៅ​ដើម​ខែ​មីនា ខាងមុខ​នេះ​ក្នុង​នាម​លោក​ជា​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន ស្ដីពី «បញ្ហា​នៅ​មីយ៉ាន់ម៉ា» ដើម្បី​ជួប​ពិភាក្សា​ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង ៥​ចំណុច​របស់​អាស៊ាន​ទៅកាន់​មេដឹកនាំ​របប​សឹក​មីយ៉ាន់ម៉ា។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​កិច្ចប្រជុំ​អសាធារណៈ​នៃ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នា​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ លោក ប្រាក់ សុខុន បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​នេះ​មិនទាន់​កំណត់​ជាក់លាក់​ទេ ដោយ​អាស្រ័យ​លើ​ទីក្រុង​ណៃពិដោរ រៀបចំ​កាលវិភាគ​ទស្សនកិច្ច។ លោក​ក៏​មិនទាន់​អាច​បញ្ជាក់​ពី​គម្រោង​ថា​នឹង​អាច​មាន​លទ្ធភាព​ជួប​ឥស្សរជន​ជាន់ខ្ពស់​ណា​ដែរ។ តែ​យ៉ាងណា លោក​បាន​បង្ហើប​ថា លោក​នឹង​អនុវត្ត​តាម​វិធានការ​កុងសង់ស៊ីស ៥​ចំណុច​របស់​មេដឹកនាំ​អាស៊ាន​ដែល​បាន​កំណត់​ដាក់​ឱ្យ​មីយ៉ាន់ម៉ា អនុវត្ត​កន្លងមក។

លោក ប្រាក់ សុខុន បាន​ថ្លែង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​នឹង​ស្នើសុំ​ជួប​មេដឹកនាំ​របប​សឹក​ភូមា លោក មីន អ៊ុងឡាំង ជួប​រដ្ឋមន្ត្រី​ការបរទេស​ភូមា ឯកអគ្គរដ្ឋទូត​ទាំងអស់​ប្រចាំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា រួម​ទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ក៏ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់​ថា លោក​មាន​គម្រោង​ស្នើសុំ​ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​ប្រជាធិបតេយ្យ​មីយ៉ាន់ម៉ា នៅឡើយ​ទេ។

ជាមួយ​គ្នា​នេះ លោក​គ្រោង​ទៅ​ទីក្រុង​រ៉ង់ហ្គូន ដើម្បី​ចែក​ជំនួយ​មនុស្សធម៌​ដល់​មន្ទីរពេទ្យ​មួយ​កន្លែង ដែល​ធានា​ថា ជំនួយ​ទាំងអស់​បាន​ទៅដល់​ដៃ​ប្រជាជន​មីយ៉ាន់ម៉ា។ ក្រៅពី​នេះ លោក​ក៏​សុំ​ជួប​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ទីនោះ ដែល​បាន​តាមដាន និង​ដឹង​ច្បាស់​ពី​ស្ថានភាព​មីយ៉ាន់ម៉ា ដើម្បី​សុំ​យោបល់ និង​ការ​វាយតម្លៃ​លើ​ស្ថានការណ៍​ប្រទេស​មួយ​នេះ។

លោក ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន ៧​កន្លែង​នៅ​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ និង​ខេត្ត​ព្រៃវែង កាលពី​ថ្ងៃ​ពុធ ទី​១៦ កុម្ភៈ កន្លងមក​នេះ ដោយ​បុរស​ខ្លាំង​កម្ពុជា​ទទួលស្គាល់​ថា បញ្ហា​នៅ​មីយ៉ាន់ម៉ា មិនទាន់​មាន​ភាព​ប្រែប្រួល​នោះ​ឡើយ​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ប៉ុន្តែ​សំខាន់ មនុស្ស​បាន​និយាយ​គ្នា បើ​បន្ត​ទុក​ឲ្យ​ស្ថានភាព​បែប​នេះ បញ្ហា​នៅ​មីយ៉ាន់ម៉ា ពី ៥ ទៅ ១០​ឆ្នាំ នឹង​មិនទាន់​បញ្ចប់​នោះ​ដែរ។

បុរស​ខ្លាំង​កម្ពុជា ថ្លែង​ថា លោក​និយាយ​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា ប៉ុន្តែ​បើ​លោក​នៅ​ស្ងៀម ក៏​នៅ​មាន​អ្នក​ចោទប្រកាន់​ថា​អត់​សកម្ម​ផង​ដែរ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន។ លោក​ថា ក្នុង​បញ្ហា​មីយ៉ាន់ម៉ា ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (UN) អ្នកស្រី Noeleen Heyzer ក៏​ត្រូវ​មាត់​ពី​ក្រុម​អ្នក​រិះគន់​ផង​ដែរ មិនមែន​តែ​លោក​ម្នាក់​នោះ​ឡើយ។

ទោះ​យ៉ាងណា ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​អបអរ​សាទរ​ប្រមុខ​ការទូត​កម្ពុជា​ដែល​សម្រេច​ងាក​ទៅ​រក​ការ​អនុវត្ត​តាម​គោលការណ៍​កុងសង់ស៊ីស ៥​ចំណុច​របស់​អាស៊ាន ដែល​បាន​កំណត់​កន្លង​កម ដោយសារតែ​វិបត្តិ​នៅ​ប្រទេស​ភូមា​គ្មាន​ជម្រើស​ណា​ល្អ​​​ជាង​ការ​ជំរុញ​ឱ្យ​មេដឹកនាំ​របប​សឹក​ភូមា អនុវត្ត​នូវ​គោលការណ៍​នេះ​ឡើយ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ នេះ​ថា គោលការណ៍​កុងសង់ស៊ីស ៥​ចំណុច​របស់​អាស៊ាន​នេះ គឺជា​គោលការណ៍​រឹងមាំ​ដែល​របប​សឹក​ភូមា ត្រូវតែ​អនុវត្ត ព្រោះ​ថា​របប​សឹក​នេះ​បាន​ចុះហត្ថលេខា​ទទួល​យល់ព្រម​អនុវត្ត រួម​ទាំង​ការ​ឯកភាព​របស់​មេដឹកនាំ​អាស៊ាន​ផង​ដែរ មិនមែន​ជា​ការ​ចាប់​បង្ខំ ឬ​រំលោភ​លើ​កិច្ចការ​ផ្ទៃក្នុង​ណា​មួយ​របស់​ភូមា​នោះ​ទេ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ នេះ​ដែរ​ថា ដំណើរការ​ប្រជុំ​អសាធារណៈ​អាស៊ាន​នៅ​ពេលនេះ អាច​នឹង​ជួប​ភាព​តានតឹង​ខ្លាំង ប្រសិនបើ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន មិន​ប្រកាស​ជំហរ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន អំពី​ការ​មិន​ទទួលស្គាល់​របប​សឹក​ភូមា ថា​មិនមែន​ជា​រដ្ឋាភិបាល​សហភាព​មីយ៉ាន់ម៉ា ទេ​នោះ។

លោក គឹម សុខ បន្ថែម​ថា លើស​ពី​នេះ ប្រសិនបើ​លោក ប្រាក់ សុខុន មិន​ប្រកាស​រក្សា​គោលជំហរ​រក​ដំណោះស្រាយ​វិបត្តិ​រដ្ឋប្រហារ​នៅ​ប្រទេស​ភូមា តាម​គោលការណ៍​កុងសង់ស៊ីស ៥​ចំណុច​របស់​អាស៊ាន​ទេ នោះ​កិច្ចប្រជុំ​នេះ​អាច​នឹង​កក​ស្ទះ​ដល់​ដំណើរការ​នៃ​ការ​ពិភាក្សា​បញ្ហា​ផ្សេងៗ​ទៀត​ក្នុង​តំបន់ និង​ជា​អន្តរជាតិ​ផង​ដែរ។

កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo បាន​អះអាង​ថា ឥណ្ឌូនេស៊ី ស្នើ​ឱ្យ​ភូមា​ត្រូវ​អនុវត្ត​លើ​សំណើ​អាស៊ាន​ទាំង ៥​ចំណុច​ឱ្យ​បាន ដើម្បី​ឱ្យ​ភូមា ត្រឡប់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​វិញ។

កាលពី​ខែ​មេសា ឆ្នាំ​២០២១ មេដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេដឹកនាំ​យោធា​ភូមា ផង​ដែរ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅលើ ៥​ចំណុច គឺ៖

  • ការ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជាបន្ទាន់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​គ្រប់​ភាគី​ទាំងអស់ ត្រូវ​រក្សា​ការ​អត់ធ្មត់​ខ្ពស់​បំផុត។
  • កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន។
  • ការ​ចាត់តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន ដើម្បី​សម្របសម្រួល​ដំណើរការ​កិច្ច​សន្ទនា​ដោយ​មាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន។
  • ផ្តល់​ជំនួយ​មនុស្សធម៌​តាមរយៈ​មជ្ឈមណ្ឌល​អាស៊ាន និង​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​នៅ​មីយ៉ាន់ម៉ា ដើម្បី​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ពោល​គឺ​ទៅ​ដល់​ប្រជាជន​ភូមា។
  • និង​ការ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងឡាយ​នៅ​ក្នុង​ប្រទេស​ភូមា​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស