35 C
Phnom Penh

លោក បៃដិន និង​លោក ពូទីន ព្រម​ជួបគ្នា​ចុងក្រោយ​អំពី​វិបត្តិ​នៅ​អ៊ុយក្រែន​និង​ភាព​តានតឹង​នៅ​អឺរ៉ុប​ខាងកើត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន និង​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​ព្រមព្រៀង​គ្នា​បើក​ជំនួប​កំពូល​ចុងក្រោយ​របស់​ពួកគេ​អំពី​វិបត្តិ​នៅ​អ៊ុយក្រែន និង​ស្ថានភាព​តានតឹង​នៅ​អឺរ៉ុប​ខាងកើត។ នេះ​បើ​យោង​តាម​ការិយាល័យ​ប្រធានាធិបតី​បារាំង ដែល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ក្រោយ​ពី​ជំនួប​រវាង​លោក Emmanuel Macron និង​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។

បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ នេះ​ថា ជំនួប​រវាង​លោក បៃដិន​និង​លោក ពូទីន អាច​ធ្វើ​ទៅ​បាន​លុះត្រាតែ​ក្រុង​មូស្គូ ត្រូវតែ​សន្យា​ថា​មិន​មាន​ផែនការ​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ។

សេចក្ដី​ថ្លែងការណ៍​ដែល​ផ្សព្វផ្សាយ​ពី​វិមាន​ប្រធានាធិបតី​បារាំង Elysee បាន​និយាយ​ថា លោក ម៉ាក្រុង បាន​ហៅ​ជំនួប​កំពូល បៃដិន និង ពូទីន ផ្ដោត​សំខាន់​ទៅលើ​សន្តិសុខ និង​ស្ថិរភាព​នៅ​អឺរ៉ុប​ទាំងមូល។

សេចក្ដី​ថ្លែងការណ៍​បាន​បញ្ជាក់​ទៀត​ថា លោក បៃដិន និង​លោក ពូទីន បាន​យល់ព្រម​ទទួលយក​សំណើ​របស់​ប្រធានាធិបតី​បារាំង ដែល​សុំ​ឲ្យ​មេដឹកនាំ​ពីរ​នេះ​ជួប​គ្នា ដោយ​បញ្ជាក់​ថា​កិច្ចប្រជុំ​នេះ​នឹង​មិន​អាច​ធ្វើ​ទៅរួច​ទេ ប្រសិនបើ​រុស្ស៊ី​ធ្វើ​សកម្មភាព​កងទ័ព​ឈ្លានពាន​អ៊ុយក្រែន ដែល​នាំ​ឱ្យ​ពួក​បស្ចិម​ប្រទេស​បារម្ភ​អំពី​ការ​ផ្ទុះ​ភាព​តានតឹង​រាលដាល​នៅ​ពាសពេញ​អឺរ៉ុប។

យ៉ាងណា សេតវិមាន​បាន​អះអាង​ថា លោក បៃដិន ទទួលយក​សំណើ​នេះ​ហើយ។ អ្នក​នាំពាក្យ​សេតវិមាន អ្នកស្រី Jen Psaki បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា ជា​គោលការណ៍ គឺ​សហរដ្ឋ​អាមេរិក​នៅតែ​បើក​ចិត្ត​ទូលាយ​ទទួលយក​ការចរចា​តាម​ដំណោះស្រាយ​ការទូត ហើយ​ការចរចា​នឹង​បិទ​បញ្ចប់ ប្រសិនបើ​រុស្ស៊ី​សម្រេច​ជា​ចុងក្រោយ​ក្នុង​ការ​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន។ អ្នកស្រី Jen Psaki បាន​បញ្ជាក់​ទៀត​ថា ក្រុង​វ៉ាស៊ីនតោន ត្រៀម​គ្រប់គ្រាន់​អស់​ហើយ​ក្នុង​ការ​ចាត់​វិធានការ​ធ្ងន់ធ្ងរ​ទៅលើ​រុស្ស៊ី ហើយ​ថា​បើ​រុស្ស៊ី​ជ្រើសរើស​សង្គ្រាម សហរដ្ឋ​អាមេរិក​ក៏​ត្រៀម​ខ្លួន​ក្នុង​ដំណាក់កាល​ទី​ពីរ​ផង​ដែរ។

យ៉ាងនេះ​ក្ដី មិនទាន់​មាន​ការ​ឆ្លើយតប​ដោយ​ផ្ទាល់​ចេញពី​វិមាន​ក្រឹមឡាំង នៅឡើយ​នោះ​ទេ ថា​តើ​លោក ពូទីន ទទួលយក​ការព្រមាន​របស់​សេតវិមាន​ដែរ​ឬ​ទេ ដែល​ថា​បើ​សង្គ្រាម​ផ្ទុះឡើង គឺ​បិទ​ការចរចា​ទាំងស្រុង។ លោក ពូទីន និង​លោក ម៉ាក្រុង បាន​ជួប​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អាទិត្យ ទី​២០ ខែ​កុម្ភៈ ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មេដឹកនាំ​បារាំង​រូប​នេះ​ក្នុង​ការស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នៅ​អ៊ុយក្រែន និង​អឺរ៉ុប​ខាងកើត។

ការិយាល័យ​ប្រធានាធិបតី​ម៉ាក្រុង និង​សេតវិមាន បាន​និយាយ​ថា ជំនួប​កំពូល​នេះ​អាច​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ សប្តាហ៍​នេះ ហើយ​ពេល​នោះ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​ជា​អ្នក​សម្របសម្រួល​ឲ្យ​មាន​ជំនួប​នេះ​កើតឡើង និង​អង្កេត​ការណ៍​ដោយ​ប្រធានាធិបតី​ម៉ាក្រុង។

តាម​ប្រភព Aljazeera ជំនួប​នេះ​នឹង​ឈាន​ដល់​ការពិភាក្សា​ស៊ីជម្រៅ​អំពី​សន្តិសុខ​នៅ​អឺរ៉ុប និង​ឥទ្ធិពល​របស់​រុស្ស៊ី ទៅលើ​ប្រទេស​តូចៗ​នៅ​អឺរ៉ុប​ខាងកើត។ តែយ៉ាងណា​ក៏ដោយ សហរដ្ឋ​អាមេរិក​បាន​ថ្កោលទោស​រួច​ទៅ​ហើយ​ចំពោះ​សភា​រុស្ស៊ី ឌូម៉ា ដែល​បាន​អនុម័ត​ទទួលស្គាល់​ដែនដី​ពីរ​តំបន់​ក្នុង​ទឹកដី​អ៊ុយក្រែន ថា​ជា​សាធារណរដ្ឋ​ក្រោម​ចំណុះ​របស់​រុស្ស៊ី។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បាន​ថ្កោលទោស​ដោយ​ចាត់ទុក​ថា​ជា​ដំណោះស្រាយ​ឈ្លានពាន​ទៅលើ​រដ្ឋ​អធិបតេយ្យ​មួយ​ដែល​ក្រុង​វ៉ាស៊ីនតោន មិន​អាច​ទទួលយក​ដាច់ខាត។

យ៉ាងណាក្ដី នៅ​អឺរ៉ុប​ខាងកើត​បន្ត​ស្ថានការណ៍​យោធា​នៅ​តានតឹង​ខ្លាំង​រវាង​កងទ័ព​ណាតូ (NATO) និង​រុស្ស៊ី និង​រវាង​រុស្ស៊ី និង​អ៊ុយក្រែន។ យោធា​ណាតូ​បាន​ដាក់​ពង្រាយ​សព្វាវុធ និង​កងទ័ព​នៅ​តាម​បណ្ដា​ប្រទេស​សមាជិក​របស់​ខ្លួន​ដែល​នៅ​អឺរ៉ុប​ខាងកើត គឺ​ជាប់​នឹង​ព្រំដែន​រុស្ស៊ី​រួចរាល់​អស់ហើយ។ បន្ថែម​លើ​នោះ អាមេរិក​បាន​បញ្ជូន​យន្តហោះ​ចម្បាំង F-15 ជាច្រើន​គ្រឿង​ទៅ​មូលដ្ឋាន​កងទ័ព​ណាតូ​នៅ​ប្រទេស​ប៉ូឡូញ ខណៈ​អង់គ្លេស អាល្លឺម៉ង់ បញ្ជូន​ទ័ព​បន្ថែម​ទៀត​ទៅ​ប្រទេស​លីទុយអានី និង​អេស្ដូនី ដែល​ប្រទេស​ទាំងអស់​នេះ​សុទ្ធតែ​ជាប់​ព្រំដែន​នឹង​រុស្ស៊ី។

ពួក​បស្ចិម​ប្រទេស​អះអាង​ថា ការដែល​ពួកគេ​បញ្ជូន​ទ័ព​ទៅ​អឺរ៉ុប​ខាងកើត គឺជា​ការ​ឆ្លើយតប​នឹង​សកម្មភាព​របស់​កងទ័ព​រុស្ស៊ី ដែល​ធ្វើ​សកម្មភាព​ឡោមព័ទ្ធ​ប្រទេស​អ៊ុយក្រែន ហើយ​គំរាមកំហែង​ដល់​សមាជិក​របស់​អង្គការ​ណាតូ​នៅ​អឺរ៉ុប​ខាងកើត។

អ្នក​សង្កេតការណ៍​បាន​ហៅ​ភាព​តានតឹង​ផ្នែក​យោធា​នៅ​អឺរ៉ុប​ខាងកើត​រវាង​រុស្ស៊ី និង​យោធា​ណាតូ និង​រុស្ស៊ី​ដែល​ដាក់​ពង្រាយ​ទ័ព​ជាង ១០​ម៉ឺន​នាក់​ឡោមព័ទ្ធ​អ៊ុយក្រែន គឺ​សញ្ញា​អាសន្ន​នៃ​អស្ថិរភាព​កម្រិត​ខ្ពស់​បំផុត​នៅ​អឺរ៉ុប ចាប់តាំង​ពី​ការ​ដួល​រលំ​សហភាព​សូវៀត​ដែល​ជា​មេខ្លោង​កុម្មុយនីស្ត​នៅ​ឆ្នាំ​១៩៨៩ នោះ​មក៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស