40.9 C
Phnom Penh

លោក ហ៊ុន សែន ថា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ព្រះសីហនុ​ពុំ​មែន​ជា​អន្ទាក់​បំណុល​ចិន​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ប្រតិកម្ម​ចំពោះ​ក្រុម​អ្នកវិភាគ​ដែល​លើកឡើង​ថា កំពង់ផែ​ទឹក​ជ្រៅ​ព្រះសីហនុ អាច​ក្លាយ​ជា​អន្ទាក់​បំណុល​របស់​ចិន​ដូច​កំពង់ផែ​ស្រីលង្កា ថា​ជា​ការ​បំភ័ន្ត​សភាពការណ៍។ លោក​អះអាង​ថា កំពង់ផែ​នេះ គឺជា​ការរ៉ាប់រង និង​ទទួល​ខុសត្រូវ​ពី​រដ្ឋាភិបាល​ជប៉ុន។

លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ឱកាស​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​បឹង​ជើងឯក​ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​នៅ​ក្រុង​ព្រះសីហនុ ត្រូវ​បាន​ជួយ​សាងសង់​ដោយ​ជប៉ុន មិនមែន​ចិន នោះ​ទេ។

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន និយាយ​ថា អ្នក​ដែល​តែង​លើកឡើង​អំពី​អន្ទាក់​បំណុល​ចិន​សម្រាប់​កម្ពុជា ដោយ​ប្រៀបធៀប​នឹង​ប្រទេស​ស្រីលង្កា នោះ គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ពីព្រោះ​កំពង់ផែ​ទឹក​ជ្រៅ​កម្ពុជា គឺជា​ជំនួយ និង​ប្រាក់កម្ចី​របស់​ជប៉ុន។ ជាង​នេះ​ទៅទៀត លោក ហ៊ុន សែន បាន​ស្នើ​ដល់​អ្នកវិភាគ​ឲ្យ​ឈប់​និយាយ​បំភ័ន្ត​សភាពការណ៍ ព្រោះ​កំពង់ផែ​សព្វថ្ងៃ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ដឹក​ទំនិញ​ចេញចូល​នេះ មាន​ការ​រួមចំណែក និង​កសាង​តាមរយៈ​ជប៉ុន ព្រមទាំង​មាន​ការរ៉ាប់រង​ពី​ជប៉ុន ហើយ​ក៏​មាន​ជប៉ុន​ទិញ​ភាគហ៊ុន​មួយ​ចំនួន​ផង​ដែរ។

សាស្ត្រាចារ្យ​រង​ជំនាញ​ការទូត និង​កិច្ចការ​សកល​នៅ​មហាវិទ្យាល័យ Occidental សហរដ្ឋ​អាមេរិក បណ្ឌិត អៀ សុផល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កន្លងមក​ថា កម្ពុជា​គួរ​ព្រួយបារម្ភ និង​ប្រយ័ត្នប្រយែង​អំពី​ការ​ពឹងពាក់​ខ្លាំង​លើ​ជំនួយ​របស់​ចិន។ លោក​ថា អន្ទាក់​បំណុល​មាន​ពិត ហើយ​រដ្ឋបាល​ក្រុង​ភ្នំពេញ​គួរ​មើល​គំរូ​ប្រទេស​ឡាវ ដែល​ទើប​បង់​ភាគហ៊ុន​មួយ​ផ្នែក​ធំ​នៃ​ក្រុមហ៊ុន​អគ្គិសនី​រដ្ឋ EDL របស់​ខ្លួន​ទៅ​ឱ្យ​ក្រុមហ៊ុន​រដ្ឋ​ចិន។

អន្ទាក់​បំណុល គឺជា​លុយ​ដែល​ខ្ចី​ក្នុង​លក្ខខណ្ឌ​ងាយស្រួល បូក​ជាមួយ​នឹង​ការប្រាក់ បាន​ធ្វើ​ឱ្យ​ប្រទេស​ស្រីលង្កា គ្មាន​លុយ​សង ហើយ​ជាប់​បំណុល​របស់​ចិន។ សម្រាប់​ប្រទេស​ស្រីលង្កា មាន​ច្រក​ចេញ​តែ​មួយ​ប៉ុណ្ណោះ គឺ​ផ្តល់​សិទ្ធិ​កាន់កាប់​នូវ​អ្វី​ដែល​ពួកគេ​បាន​សាងសង់​ទៅ​ឱ្យ​ប្រទេស​ចិន។ ស្រីលង្កា បាន​បាត់បង់​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ច​ប្រទេស​របស់​ខ្លួន​ទៅ​ប្រទេស​ចិន ដោយសារតែ​ជាប់​បំណុល​នេះ។

ករណី​អន្ទាក់​បំណុល​នេះ គេ​អាច​សង្កេត​ឃើញ​ករណី​បែប​នេះ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ដូចជា​នៅ​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ (Papua New Guinea) ដែល​បាន​ខ្ចី​លុយ ២​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ប្រទេស​ចិន ដើម្បី​យក​ទៅ​សាងសង់​អគារ​ខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ និង​កំពង់ផែ ក៏ប៉ុន្តែ​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​នេះ​មិន​អាច​សង​លុយ និង​ការប្រាក់​ទៅ​ប្រទេស​ចិន​វិញ​បាន​ទេ។ ដូច្នេះ មាន​តែ​ឱ្យ​ប្រទេស​ចិន គ្រប់គ្រង​ប្រទេស​របស់​ខ្លួន។

មិន​ត្រឹម​តែប៉ុណ្ណោះ នៅ​មាន​ប្រទេស​ជាច្រើន​ទៀត​ដូចជា​នៅ​កោះ​ម៉ាល់ឌីវ ប៉ាគីស្ថាន ម៉ាឡេស៊ី ឡាវ កាហ្សាក់ស្ថាន ម៉ុងហ្គោលី អេហ្ស៊ីប កេនយ៉ា និង​អាហ្វ្រិក​ខាងត្បូង សុទ្ធតែ​មាន​ករណី​ដូចគ្នា។ ប្រទេស​ទាំងនេះ​ចុងក្រោយ​ត្រូវ​ប្រឈម​បញ្ហា​មិន​អាច​សង​បំណុល​ចិន​វិញ​បាន។

កន្លងមក ស្ថានទូត​ចិន​នៅ​ភ្នំពេញ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ធានា​ថា ខ្លួន​មិន​បាន​រាយ​អន្ទាក់​បំណុល​ដើម្បី​ទាញ​កម្ពុជា​ឱ្យ​ធ្លាក់​ចូល ហើយ​ក៏​មិន​បាន​ស្វែងរក​ការ​ដាក់​វត្តមាន​យោធា​នៅ​កម្ពុជា​នោះ​ដែរ។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា ប្រទេស​ចិន​តែងតែ​គោរព​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​ប្រើប្រាស់​កម្ចី ក៏​មិន​ដែល​យក​បំណុល​ជា​ល្បិច​កល​ដើម្បី​បង្ខំ​ឱ្យ​កម្ពុជា​ធ្វើ​កិច្ចការ​អ្វី​នោះ​ដែរ។

ស្ថានទូត​ចិន ថា​លុយ​ដែល​រដ្ឋាភិបាល​ចិន ផ្តល់​ឱ្យ​កម្ពុជា​ខ្ចី គឺ​មិន​មាន​លក្ខខណ្ឌ​នយោបាយ និង​ពុំ​មែន​ជា​លេស​ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះ​ឡើយ។ ប្រភព​ដដែល​បន្ត​ថា មក​ទល់​ពេលនេះ មិន​ទាន់​ឃើញ​មាន​ប្រទេស​ណា​មួយ​រង​ទុក្ខវេទនា​ដោយសារ​បំណុល​ចិន​នោះ​ឡើយ​ទេ។ ដូច្នោះ​ទើប​កម្ពុជា​តែងតែ​ខ្ចី​លុយ​ចិន​មក​អភិវឌ្ឍ​ផ្លូវ ស្ពាន ហើយ​ប្រទេស​ចិន​បាន​ផ្តល់​បច្ចេកទេស​បណ្តុះបណ្តាល​បច្ចេកវិទ្យា និង​វិស្វកម្ម​ដើម្បី​ជួយ​កម្ពុជា។

ទោះ​យ៉ាងណា កន្លងមក​ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ដាក់​ការ​សង្ស័យ​ថា ចិន​បាន​ស្វះស្វែង​រក​មូលដ្ឋាន​យោធា​នៅ​កម្ពុជា​នៅ​តំបន់​តារាសាគរ ក្នុង​ខេត្ត​កោះកុង និង​នៅ​មូលដ្ឋាន​សមុទ្រ​រាម ក្នុង​ខេត្ត​ព្រះសីហនុ។ ទាំង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​បដិសេធ​ការ​លើកឡើង​នេះ។

បើ​យោង​តាម​ទិន្នន័យ​ផ្លូវការ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា នៅ​ត្រឹម​ដំណាច់ខែ​ធ្នូ ឆ្នាំ​២០២០ កន្លងទៅ កម្ពុជា​មាន​ទំហំ​បំណុល​ជំពាក់​បរទេស​សរុប ៨៨០០​លាន​ដុល្លារ ដែល​ក្នុង​នោះ​មាន ៣៩០១​លាន​ដុល្លារ ឬ​ស្មើ​នឹង ៤៤,២៨% ជំពាក់​ចិន។

ទោះ​យ៉ាងណា កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ មាន​គម្រោង ៣​ដំណាក់កាល ទទួល​បាន​ប្រាក់​កម្ចី​ជាង ២០០​លាន​ដុល្លារ​ពី​ជប៉ុន។ ដោយ​ដំណាក់កាល​ទី​១ ដែល​ត្រូវ​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០២៥ នឹង​មាន​ការ​កសាង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ដែល​មាន​ជម្រៅ​ទឹក​រហូត​ដល់ ១៤,៥​ម៉ែត្រ ដែល​អាច​ឱ្យ​នាវា​ដឹកជញ្ជូន​ប្រមាណ ៧០% ដែល​កំពុង​ចរាចរ​លើ​សមុទ្រ​បច្ចុប្បន្ន អាច​ចូល​ចត​នៅ​ក្រុង​ព្រះសីហនុ បាន។

ដំណាក់កាល​ទី​២ និង​ទី​៣ នឹង​ត្រូវ​បាន​កសាង​ក្នុង​ពេល​ព្រមគ្នា ដើម្បី​ជំរុញ​ឱ្យ​កំពង់ផែ​ព្រះសីហនុ មាន​ជម្រៅ​រហូត​ដល់ ១៨​ម៉ែត្រ ដែល​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២៨ ដែល​អាច​ឲ្យ​នាវា​នៅ​លើ​ពិភពលោក​ចូល​ចត​នៅ​ក្រុង​ព្រះសីហនុ បាន​រហូត​ទៅ​ដល់ ៩៧%៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស