29 C
Phnom Penh

ព្រឹត្តិការណ៍​ថ្មីៗ​ក្រោយ​ពី​រុស្ស៊ី​រុល​ទ័ព​ចូល​ដែនដី​អ៊ុយក្រែន​តាម​ក្រឹត្យ​ច្បាប់​របស់​លោក ពូទីន ទទួលស្គាល់​ដែនដី​ពួក​បំបែក​រដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយ​ពី​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ចុះ​ក្រឹត្យ​ច្បាប់​ប្រកាស​ទទួលស្គាល់​ដែនដី​ចំនួន​២ ឱ្យ​បំបែក​ខ្លួន​ពី​ប្រទេស​អ៊ុយក្រែន គឺ​ដែនដី​នៅ​តំបន់ Donetsk និង Luhansk គេ​សង្កេត​ឃើញ​មាន​ព្រឹត្តិការណ៍​ជាច្រើន​បាន​កើតឡើង​ព្រមៗ​គ្នា ក្នុង​នោះ​សហរដ្ឋ​អាមេរិក អង់គ្លេស និង​សម្ពន្ធមិត្ត​ផ្សេង​ទៀត​បាន​សម្រុក​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី។

សហភាព​អឺរ៉ុប​មាន ២៧​ប្រទេស ក៏​បាន​ចូលរួម​ភ្លាមៗ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​ប្រកាស​ដាក់​ទណ្ឌកម្ម។ ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប អ្នកស្រី Ursula von der Leyen និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Charles Michel បាន​ហៅ​ការ​ទទួលស្គាល់​តំបន់​ផ្តាច់​ខ្លួន​ទាំង​ពីរ​នេះ​របស់​លោក ពូទីន ថា​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ​យ៉ាង​ខ្លាំង។

នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida បាន​និយាយ​ថា ប្រទេស​របស់​លោក​កំពុង​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ក្នុង​នោះ​រួម​មាន​ទាំង​ការ​ហាមឃាត់​ការ​ចេញ​មូលបត្រ​បំណុល​រុស្ស៊ី និង​បង្កក​ទ្រព្យសម្បត្តិ​នៃ​បុគ្គល​រុស្ស៊ី​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ជប៉ុន។ លោក​បាន​ហៅ​វិធានការ​របស់​រុស្ស៊ី​ថា​បាន​រំលោភ​បំពាន​អធិបតេយ្យភាព​របស់​អ៊ុយក្រែន ហើយ​លោក​ផ្ទាល់​បាន​អំពាវនាវ​ឱ្យ​រុស្ស៊ី​ត្រឡប់​មក​រក​តុ​ចរចា​ដោយ​ដោះស្រាយ​បញ្ហា​តាម​ផ្លូវ​ការទូត។ ប៉ុន្តែ​លោក​ក៏​ព្រមាន​ដែរ​ថា ជប៉ុន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ចាត់​វិធានការ​ឆ្លើយតប​បន្ថែម ប្រសិនបើ​ស្ថានការណ៍​កាន់តែ​អាក្រក់​ឡើង។

ដោយឡែក​ប្រទេស​អាល្លឺម៉ង់ បាន​សម្រេច​មុន​គេ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ដោយ​បិទ​ខ្ទប់​បំពង់​ឧស្ម័ន​របស់​រុស្ស៊ី Nord Stream 2 ដែល​លក់​ឧស្ម័ន​ឱ្យ​អាល្លឺម៉ង់ និង​ទៅ​ទីផ្សារ​អឺរ៉ុប។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន (Joe Biden) បាន​លើក​ទូរស័ព្ទ​និយាយ​ជាមួយ​មេដឹកនាំ​អាល្លឺម៉ង់ និង​បារាំង អង់គ្លេស ហើយ​ក៏​បាន​ភ្ជាប់​ទូរស័ព្ទ​និយាយ​ទៅ​កាន់​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy។

នៅ​ក្នុង​ការ​ហៅ​ទូរស័ព្ទ​ទៅ​ប្រធានាធិបតី​អ៊ុយក្រែន លោក បៃដិន ឲ្យ​ដឹង​ថា មេដឹកនាំ​បារាំង អាល្លឺម៉ង់ អង់គ្លេស បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​សម្រេច​របស់​ប្រធានាធិបតី ពូទីន ដែល​ទទួលស្គាល់​តំបន់ Donetsk និង Luhansk នៃ​ប្រទេស​អ៊ុយក្រែន ជា​រដ្ឋ​ឯករាជ្យ​ដោយ​ក្រុម​បស្ចិម​ប្រទេស​ចោទ​ថា​ជា​ការ​ឈ្លានពាន​ទៅលើ​រដ្ឋ​អធិបតេយ្យ។

ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy បាន​សង្កត់​ធ្ងន់​ថា អ៊ុយក្រែន នឹង​មិន​បណ្តោយ​ឱ្យ​ទឹកដី​របស់​ខ្លួន​ធ្លាក់​ទៅ​ក្នុង​ដៃ​រុស្ស៊ី​ជាដាច់ខាត ទោះ​កាលៈទេសៈ​ណា​ក៏ដោយ គឺ​ត្រូវ​ទាមទារ​យក​វិញ។ លោក​ប្រធានាធិបតី​អ៊ុយក្រែន បាន​ថ្លែង​សារ​ដូចនេះ​ទៅកាន់​ប្រជាជាតិ​របស់​លោក និង​បាន​បញ្ជាក់​ប្រាប់​លោក បៃដិន។ លោក Zelenskiy បាន​ចោទ​ក្រុង​មូស្គូ ថា តាមរយៈ​ការ​សម្រេច​ចិត្ត​នេះ គឺ​រុស្ស៊ី​បាន​បំពាន​ដែន​អធិបតេយ្យភាព​របស់​អ៊ុយក្រែន គឺ​មាន​ន័យ​ថា ទីក្រុង​មូស្គូ​ដើរ​ចេញ​ពី​កិច្ចព្រមព្រៀង​ទីក្រុង Minsk ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន។

ជាមួយ​គ្នា​នេះ លោក​បាន​ប្រាប់​ថា អ៊ុយក្រែន​ចង់​ដោះស្រាយ​វិបត្តិ​តាម​ផ្លូវ​ការទូត ប៉ុន្តែ​លោក​ថា​ប្រទេស​របស់​លោក​បាន​ត្រៀម​រួចជាស្រេច​ដើម្បី​តតាំង​ការពារ​ទឹកដី​រហូត​ដល់​ទី​បញ្ចប់។ លោក Zelenskyi បញ្ជាក់​ទៀត​ថា ប្រជាជន​អ៊ុយក្រែន​ស្ថិតនៅ​លើ​ទឹក​ដី​ខ្លួនឯង ហើយ​ពួកគេ​ពុំ​ខ្លាច​ប្រទេស​ណា​ឡើយ។

ដោយឡែក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres ក៏​បាន​ទទូច​ឱ្យ​រុស្ស៊ី គោរព​ឱ្យ​បាន​ពេញលេញ​ចំពោះ​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ខណៈ​លោក​ថ្កោលទោស​រុស្ស៊ី​ចំពោះ​ការ​ទទួលស្គាល់​ជា​ផ្លូវការ​របស់​ទីក្រុង​មូស្គូ ទៅលើ​ឯករាជភាព​នៃ​តំបន់​ផ្តាច់​ខ្លួន​ចំនួន​ពីរ​នេះ។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​២៣ ខែ​កុម្ភៈ នេះ លោក Guterres បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា បណ្តា​រដ្ឋ​ជា​សមាជិក​សុទ្ធតែ​បាន​ទទួលយក​គោលការណ៍​នានា​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ។ ក្នុង​ន័យ​នេះ លោក​ទទូច​ឱ្យ​មាន​ការគោរព​អនុវត្ត​តាម​ស្មារតី​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ឱ្យ​បាន​ទាំងអស់​គ្នា។

លោក Antonio Guterres ចាត់ទុក​ការប្រកាស​ទទួលស្គាល់​របស់​រុស្ស៊ី ចំពោះ​ឯករាជភាព​នៃ​តំបន់​ទាំង​ពីរ​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន ជា​ការ​រំលោភបំពាន​លើ​ដែន​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន។

បន្ទាប់ពី​ប្រកាស​ទទួលស្គាល់​ឯករាជ្យ​តំបន់​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ក៏​បាន​ប្រកាស​បញ្ជូន​កងទ័ព​ឱ្យ​ទៅ​បំពេញ​បេសកកម្ម​ដែល​លោក​ហៅថា បេសកកម្ម​រក្សា​សន្តិភាព​នៅ​ទីតាំង​ទាំងឡាយ​ណា​ដែល​ទ័ព​ឧទ្ទាម​វាយ​កាន់កាប់​បាន​ពី​អ៊ុយក្រែន។

តាម​ដំណឹង​មក​ថា កងទ័ព​អ៊ុយក្រែន​បាន​ដំឡើង​កាំជ្រួច S-300 នៅ​តាម​បណ្ដា​ទីតាំង​សំខាន់ៗ មាន​ដូចជា​ព្រមាន​យន្តហោះ និង​ទីបញ្ជាការដ្ឋាន​ទ័ព​អាកាស​របស់​ប្រទេស​នេះ។ ជាមួយ​គ្នា​នេះ ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ុយក្រែន បាន​អនុម័ត​ប្រកាស​ប្រទេស​ស្ថិត​ក្នុង​គ្រាអាសន្ន ជាពិសេស​នៅ​តំបន់ Donetsk និង Luhansk ដែល​កងទ័ព​រុស្ស៊ី​ចូល​ដល់​ហើយ​នោះ។

ក្នុង​ស្ថានភាព​ដ៏​តានតឹង​នេះ លោក​ប្រធានាធិបតី Zelenskiy បាន​ថ្លែង​ទៅកាន់​ជន​រួម​ជាតិ​អ៊ុយក្រែន ដោយ​លោក​បាន​អំពាវនាវ​ឱ្យ​ចាកចេញ​ឱ្យ​អស់​ពី​ប្រទេស​រុស្ស៊ី ដែល​លោក​ថា​រុស្ស៊ី​ឈ្លានពាន​ប្រទេស​យើង​ហើយ។ តាម​ព័ត៌មាន​មក​ថា កងទ័ព​រុស្ស៊ី​ដែល​នៅ​បន្ត​ឡោមព័ទ្ធ​អ៊ុយក្រែន គឺ​កើន​ឡើង​ជាង ១៣​ម៉ឺន​នាក់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស