38.8 C
Phnom Penh

ក្រុម​តស៊ូ​មតិ៖ សារ​ឆ្លើយឆ្លង​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី អាច​ជា​ល្បែង​តថ្លៃ​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក បាន​សម្ដែង​ការ​ព្រួយបារម្ភ​ថា សារ​នយោបាយ​របស់​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី និង​ការ​ដាក់​ពាក្យ​បណ្តឹង​លើ​ក្រុម​មន្ត្រី​គ្រាក់ៗ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅ​តុលាការ​បារាំង អាច​គ្រាន់តែ​ជា​ល្បែង​តថ្លៃ​នយោបាយ​របស់​គាត់​ប៉ុណ្ណោះ មិនមែន​ដើម្បី​យុត្តិធម៌​សង្គម​នោះ​ទេ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ នេះ​ថា សារ​ឆ្លើយឆ្លង​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​បង្ហាញ​ពី​នយោបាយ​មិន​ច្បាស់លាស់​របស់​គាត់​ដែល​ធ្លាប់​ជំរុញ​ឲ្យ​មាន​ការ​ផ្ដួល​រំលំ​លោក ហ៊ុន សែន តែ​ម្ដង​នេះ​ប្ដូរ​ថា​ត្រូវតែ​ចរចា​ទៅវិញ។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា លោក​ធ្លាប់​បាន​ជូន​យោបល់​ឲ្យ​លោក សម រង្ស៊ី ស្វែងរក​ការចរចា​ជាមួយ​លោក ហ៊ុន សែន ដោយ​ឈរ​លើ​បុព្វហេតុ​ជាតិ​តាំងពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៩ មក​ម្ល៉េះ ក្នុង​នោះ​ក៏​ត្រូវ​បង្កើត​កម្លាំង​សម្ព័ន្ធ​ចលករ​ប្រជាធិបតេយ្យ ដើម្បី​ដាក់​សម្ពាធ​លើ​លោក ហ៊ុន សែន ផង​ដែរ ប៉ុន្តែ​ក្រុម​អ្នក​និយម​លោក សម រង្ស៊ី បែរជា​នាំគ្នា​ជេរប្រមាថ​លោក​ទៅវិញ។ លោក​បញ្ជាក់​ថា សារ​ឆ្លើយឆ្លង​នេះ​ក៏​ទំនង​ជា​ការ​បង្កើត​បរិយាកាស​នយោបាយ​មួយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យល់​ថា ទីលាន​នយោបាយ​នៅ​កម្ពុជា​មាន​តែ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី តែប៉ុណ្ណោះ ក្នុង​គោលដៅ​ដើម្បី​បិទ​បាំង​សំណុំរឿង​លោក កឹម សុខា ដែល​លោក ហ៊ុន សែន រក​គន្លឹះ​ដោះស្រាយ​មិន​ចេញ​នៅ​ពេលនេះ។

ការ​លើកឡើង​របស់​លោក គឹម សុខ ស្រប​ពេល​ដែល​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ហាក់​បាន​ផ្លាស់ប្ដូរ​ជំហរ​នយោបាយ​របស់​ខ្លួន​ដែល​តែងតែ​ប្រកាស​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា មក​ជា​ការ​ចរចា​នយោបាយ​វិញ​កាលពី​ថ្ងៃ​អង្គារ ដើម​សប្តាហ៍​នេះ។

កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន តែង​លើក​ពី​រឿង​គ្រួសារ​របស់​គាត់​ធ្វើជា​លេស​ដើម្បី​បដិសេធ​ការចរចា​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​គោលបំណង​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា លោក​មិន​ដែល​បាន​ចាប់អារម្មណ៍​ទាល់តែសោះ​ពី​រឿង​ផ្ទាល់ខ្លួន​របស់​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​គាត់។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ព្រមាន​ថា លោក​នឹង​មិន​ចរចា​ជាមួយ​ក្រុម​ដែល​ធ្លាប់​ប្រមាថ​ប្រពន្ធ និង​កូន​របស់​លោក​នោះ​ទេ។ លោក ហ៊ុន សែន ថ្លែង​បញ្ជាក់​ថា បើ​លោក​និយាយ​ជាមួយ​ក្រុម​ប្រភេទ​នេះ លោក​អន់​ជាង​សត្វ​តិរច្ឆាន​ទៅទៀត។

អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ការ​លើកឡើង​របស់​លោក សម រង្ស៊ី បែប​នេះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ចេតនា​របស់​គាត់​ក្នុង​ការ​សុំ​ចរចា​នយោបាយ​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដូច​ដែល​គាត់​ធ្លាប់​បាន​ធ្វើ​នា​ពេល​កន្លងមក ហើយ​ក៏​ជា​ការ​បញ្ជាក់​ពី​ភាព​ទាល់ច្រក​នយោបាយ​របស់​គាត់​នៅ​ពេលនេះ​ផង​ដែរ។

បណ្ឌិត សូ ណារ៉ូ លើកឡើង​ថា អត្តចរិត​នយោបាយ​របស់​លោក សម រង្ស៊ី មិន​មែន​ជា​អ្នក​នយោបាយ​ប្រឆាំង​ដែល​មាន​គោលការណ៍​ច្បាស់លាស់​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ ប៉ុន្តែ​បទពិសោធន៍​ដែល​គាត់​បាន​ធ្វើ​កន្លងមក គាត់​តែងតែ​សុំ​ការ​អនុគ្រោះ​ពី​លោក ហ៊ុន សែន ជានិច្ច​នៅ​ពេល​ដែល​ជីវិត​នយោបាយ​របស់​គាត់​ដើរ​ដល់​ផ្លូវ​ទ័ល។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ពេល​ខ្លះ​លោក សម រង្ស៊ី ជា​សត្រូវ​ស៊ី​សាច់​ហុត​ឈាម​ជាមួយ​លោក ហ៊ុន សែន និង​ពេល​ខ្លះ​ទៀត ពួកគាត់​ជា​មិត្ត​ដ៏​ផ្អែមល្ហែម​ចាក់ទឹក​មិន​លិច​នឹង​គ្នា​ផង​ដែរ។ ជាក់ស្តែង កាលពី​អំឡុង​ឆ្នាំ​២០០៦ និង​ឆ្នាំ​២០១៥ ក្រោយ​ការវាយប្រហារ​ឌឺដង​ឱ្យ​គ្នា​ទៅវិញ​ទៅមក​យ៉ាង​ឆ្អែតឆ្អន់ លោក សម រង្ស៊ី បាន​សរសេរ​លិខិត​សុំទោស​លោក ហ៊ុន សែន ដើម្បី​បាន​ចូល​ស្រុក​វិញ បើ​ទោះបីជា​លោក ហ៊ុន សែន ធ្លាប់​ស្បថ​កាត់​ដៃ​គ្រវាត់​ចោល​ក៏ដោយ ក៏​គាត់​នៅតែ​បើក​ផ្លូវ​ឱ្យ​លោក សម រង្ស៊ី ចូល​ស្រុក​វិញ​ដែរ ហើយ​ម្តង​នេះ​ក៏​ទំនង​ជា​មិន​ខុស​ពី​លើក​មុនៗ​ដែរ។

ជុំវិញ​ការ​លើកឡើង​នេះ សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​មន្ត្រី​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី បកស្រាយ​លម្អិត​បន្ថែម​ទាក់ទិន​នឹង​សារ​របស់​អតីត​មេដឹកនាំ​ប្រឆាំង​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស