37 C
Phnom Penh

លោក ហ៊ុន សែន ស្ដីបន្ទោស​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ថា​ធ្វើការ​មិន​ចេះ​សហការ​ជាមួយ​ក្រសួង​ផ្សេង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ស្ដីបន្ទោស​ខ្លាំងៗ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ថា​ជា​រដ្ឋមន្ត្រី​ដែល​មិន​ចេះ​ធ្វើ​ការងារ​សហការ​ជាមួយ​ក្រសួង-ស្ថាប័ន​ផ្សេងៗ ដោយ​ព្រមាន​ថា បើ​លោក​ដក​រដ្ឋមន្ត្រី​ណា​មួយ​ចេញពី​តំណែង​នោះ ប្រើ​ពេល​ត្រឹម ២៤​ម៉ោង​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម សម្បូរ​ពាក្យ​ដោះសា​ប្លែកៗ​ដែល​សារព័ត៌មាន​ក្នុង​ស្រុក​ចុះផ្សាយ​ជា​ញឹកញាប់​នេះ​ត្រូវ​បាន​លោក ហ៊ុន សែន សម្គាល់​ឃើញ​ថា ធ្វើ​ការងារ​ខ្ជិលច្រអូស ដោយសារតែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​អញ្ជើញ​លោក វេង សាខុន ឱ្យ​ទៅ​ចូលរួម​ប្រជុំ​រៀបចំ​នីតិវិធី​ដាក់​ដេញ​ថ្លៃ​នាំចូល​ជ្រូក​រស់​ដើម្បី​ដោះស្រាយ​បញ្ហា ប៉ុន្តែ​រដ្ឋមន្ត្រី​កសិកម្ម​មិនព្រម​ទៅ​ចូលរួម​ប្រជុំ​វិញ។

លោក ហ៊ុន សែន ថា​ក្នុង​ចំណោម​រដ្ឋមន្ត្រី គឺ​រដ្ឋមន្ត្រី​ដែល​មិនព្រម​សហការ​ជាមួយ​អ្នក​ដទៃ គឺ​រដ្ឋមន្ត្រី​កសិកម្ម​តែ​ម្ដង ហើយ​រដ្ឋមន្ត្រី​កសិកម្ម​រូប​នេះ​មិនសូវ​សហការ​ជាមួយ​រដ្ឋមន្ត្រី​ណា​ទាំងអស់។

លោក ហ៊ុន សែន បន្ត​ថា កម្ពុជា​មិន​អាច​យក​វិធានការ​ដាច់ដោយឡែក ឬ​បិទ​ព្រំដែន​លើ​ទំនិញ​ចេញ​ចូល ដោយសារ​បច្ចុប្បន្ន កម្ពុជា​ជា​សមាជិក​ក្នុង​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (អាសិប) និង​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក សមាជិក​តំបន់​ពាណិជ្ជកម្ម​សេរី (អាស្តា) និង​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន។

ពាក់ព័ន្ធ​បញ្ហា​សាច់​ជ្រូក​នេះ លោក ហ៊ុន សែន ថា​មិន​អាច​ធ្វើតាម​តម្រូវ​ចិត្ត​របស់​អ្នក​ចិញ្ចឹម​តែ​ប៉ុន្មាន​នាក់​នោះ​ទេ ដោយ​ត្រូវ​គ្រប់គ្រង​អតិផរណា​តម្លៃ​លើ​ទីផ្សារ។ លោក​បាន​ហៅ​លោក វេង សាខុន ថា​ជា​រដ្ឋមន្ត្រី​ជិះសេះ​មើល​ផ្កា ដោយ​លើក​យក​ករណី​ការងារ​ចុះ​ទៅ​ចែក​ពូជ​ស្រូវ​ជូន​ពលរដ្ឋ​នៅ​ខេត្ត​ពោធិ៍សាត់ របស់​រដ្ឋមន្ត្រី​រូប​នេះ​ថា​មាន​ភាព​យឺតយ៉ាវ ជាដើម។

ទោះ​យ៉ាងណា ប្រតិកម្ម​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៣ កុម្ភៈ ម្សិលមិញ បាន​ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន ព្យាយាម​ទប់ស្កាត់​ការ​នាំ​ជ្រូក​ពី​ក្រៅ​ប្រទេស ដោយ​ថា​ជ្រូក​ផលិត​ក្នុង​ស្រុក​បាន​គ្រប់​តម្រូវការ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស