32 C
Phnom Penh

ប្រធានាធិបតី​អ៊ុយក្រែន៖ ទោះ​សេចក្ដី​ស្លាប់​នៅ​ចំពោះ​មុខ ក៏​ខ្ញុំ​មិន​ទទួល​ការ​ចោទ​ថា​គ្រួសារ​ខ្ញុំ​ក្បត់​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ជាយ​រដ្ឋធានី​គៀវ ដែល​ជា​ទីបញ្ជាការ​កណ្ដាល​នៃ​រដ្ឋាភិបាល​អ៊ុយក្រែន គឺ​នៅ​សល់​ជាង ៣០​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ កងទ័ព​រុស្ស៊ី នឹង​ចូល​មក​ដល់​ហើយ។ ស្នូរ​គ្រាប់កាំភ្លើង​បាន​លាន់​ឮ​យ៉ាង​រំពង​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រុស្ស៊ី និង​កងទ័ព​អ៊ុយក្រែន។

ប៉ុន្តែ​នៅ​កណ្ដាល​ក្រុង​គៀវ ក៏​មាន​ស្នូរ​គ្រាប់​មីស៊ីល​របស់​កងទ័ព​រុស្ស៊ី ដែល​បាន​ធ្លាក់​ចំ​លើ​អគារ​ធំៗ​ផង​ដែរ។ តាម​សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN គឺ​កងទ័ព​រុស្ស៊ី​កំពុង​រុល​ទៅមុខ គឺ​សំដៅ​ទៅ​រដ្ឋធានី​គៀវ ដើម្បី​ចាប់​យក​ទីក្រុង​ដ៏​ធំ​មួយ​នេះ ហើយ​ឈាន​ដល់​ការ​ប្រកាស​បញ្ចប់​របប​ដឹកនាំ​របស់​ប្រធានាធិបតី Volodymyr Zelenskiy។

ខណៈ​គ្រាប់​មីស៊ីល​របស់​កងទ័ព​រុស្ស៊ី​នៅតែ​បន្ត​បាញ់​ឆ្ពោះ​ទៅ​រក​ទីតាំង​យោធា​សំខាន់ៗ​នៃ​រដ្ឋធានី​គៀវ ហើយ​កងទ័ព​រុស្ស៊ី​ក៏​កំពុង​បន្ត​សម្រុក​ទៅកាន់​រដ្ឋធានី​មួយ​នេះ ប្រធានាធិបតី​អ៊ុយក្រែន លោក Zelenskiy បាន​ទទូច​ទៅ​សហគមន៍​អន្តរជាតិ​ឲ្យ​ចាត់​វិធានការ​បន្ថែម​ទៀត ដើម្បី​បញ្ឈប់​រុស្ស៊ី ដែល​លោក​ថា​ត្រឹមតែ​ការ​ដាក់​ទណ្ឌកម្ម​នោះ គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ។

រដ្ឋធានី​គៀវ ដែល​មាន​ប្រជាជន​រស់នៅ​ជាង ៣​លាន​នាក់ គឺ​នៅ​ថ្ងៃ​សុក្រ ទី​២៥ កុម្ភៈ នេះ​កំពុង​ស្ថិតនៅ​ក្នុង​ការ​បិទ​ខ្ទប់​ដោយ​អាជ្ញាធរ​ក្រុង ខណៈ​កងទ័ព​អ៊ុយក្រែន កំពុង​ព្យាយាម​ទប់ទល់​កងទ័ព​រុស្ស៊ី ដែល​កំពុង​សម្រុក​មកកាន់​ទីក្រុង​នេះ។ ប្រជាជន​ជាច្រើន​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​ចូល​ទៅ​ជ្រក​នៅ​តាម​ផ្លូវ​រថភ្លើង​ក្រោម​ដី​ដើម្បី​សុវត្ថិភាព។

ប្រធានាធិបតី​អ៊ុយក្រែន លោក Zelenskiy បាន​ផ្សព្វផ្សាយ​សារ​របស់​លោក​ជា​ចុងក្រោយ​នៅ​លើ​បណ្ដាញ​សង្គម​ទៅកាន់​ជន​រួម​ជាតិ​របស់​លោក។ ក្នុង​វីដេអូ​ឃ្លីប​រយៈពេល ៦​នាទី ដែល​មាន​នៅ​លើ​គេហទំព័រ​នៃ​សារព័ត៌មាន UPI ប្រធានាធិបតី​អ៊ុយក្រែន បាន​ថ្លែង​ថា​ជន​រួម​ជាតិ​ទីស្រឡាញ់ ជា​ទី​ស្នេហា ពេលនេះ​ប្រទេស​យើង​ធ្លាក់​ក្នុង​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​ធំ​មួយ​នៅ​ជាប់​យើង​ហើយ។ លោក​បន្ត​ថា ពេលនេះ​ពួក​ឈ្លានពាន​គេ​បាញ់​រហូត​ដល់​ទៅ​កាំជ្រួច​មក​លើ​ទីក្រុង​ធំៗ​របស់​យើង។ គេ​បាញ់​ប្រហារ​ដោយ​មិន​គិត​ពី​ការ​ស្លាប់​ជនស៊ីវិល​នោះ​ទេ។ គេ​ដឹង​ថា ទីក្រុង​មាន​ប្រជាជន​ច្រើន​ណាស់​រស់នៅ ប៉ុន្តែ​ពួកគេ​នៅតែ​វាយប្រហារ។ តែ​សម្រាប់​ជន​រួម​ជាតិ ទោះ​ជា​មាន​ការ​ភ័យ​តក់ស្លុត​ក៏ដោយ ក៏​នៅតែ​ស៊ូទ្រាំ​រស់នៅ​ជាមួយ​គ្នា។

មេដឹកនាំ​អ៊ុយក្រែន​ដែល​មិន​រត់ចោល​សមរភូមិ​ជាក់ស្តែង​រូប​នេះ អំពាវនាវ​ឲ្យ​ពលរដ្ឋ​មេត្តា​រត់រក​ទី​សុវត្ថិភាព ហើយ​ត្រូវ​ពង្រឹង​ស្មារតី​ដើម្បី​ទឹកដី​របស់​យើង។ លោក​និយាយ​ថា សម្រាប់​ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ បាន​សម្រេច​កាន់​អាវុធ​ហើយ​នៅ​ពេលនេះ ដើម្បី​ការពារ​ខ្លួន និង​ការពារ​ទឹកដី​របស់​ប្រទេស​យើង។ សម្រាប់​ខ្ញុំ​និង​គ្រួសារ​របស់​ខ្ញុំ​បាន​សច្ចា​ថា មិន​រត់ចោល​ប្រទេស​ជាដាច់ខាត ទោះ​ជា​កងទ័ព​សត្រូវ​ចូល​មកដល់​មាត់ទ្វារ​ផ្ទះ​យើង​ក៏ដោយ។

បងប្អូន​ជន​រួម​ជាតិ​ដឹង​ទេ​ថា ខ្ញុំ​និង​គ្រួសារ​ខ្ញុំ គឺជា​បុគ្គល​ទី​១​ដែល​កងទ័ព​សត្រូវ​ត្រូវ​ស្វែងរក​ចាប់​ខ្លួន ឬ​បាញ់​សម្លាប់ គឺ​គេ​ចង់​បាញ់​សម្លាប់​ពូជ​អ្នក​នយោបាយ​ស្នេហា​ជាតិ។ តែ​ខ្ញុំ​មិន​រត់ចោល​ប្រទេស​ឡើយ។ គ្រួសារ​ខ្ញុំ​មិន​បាន​ក្បត់​ជាតិ​នោះ​ទេ។ ខ្ញុំ​និង​គ្រួសារ​ខ្ញុំ​កំពុងតែ​ស្ថិតនៅ​ក្នុង​រដ្ឋធានី​គៀវ​នៅឡើយ​ទេ។ ដូច្នេះ យើង​ត្រូវ​ស្រឡាញ់​គ្នា សាមគ្គី​គ្នា ដើម្បី​ប្រទេស​របស់​យើង។

លោក​បន្ត​ថា គ្មាន​ប្រទេស​ណា​គេ​ជួយ​យើង​ទេ​នៅ​ពេលនេះ គឺ​ក្រៅពី​ខ្លួន​យើង​តែប៉ុណ្ណោះ។ ខ្ញុំ​បាន​ទាក់ទង​ទៅកាន់​សហភាព​អឺរ៉ុប ២៧​ប្រទេស​អំពី​គោលបំណង​ដែល​អ៊ុយក្រែន សុំ​ក្លាយ​ជា​សមាជិក​អង្គការ​ណាតូ (NATO) តែ​គេ​ពុំ​ទាន់​ឃើញ​ឆ្លើយ​មក​កាន់​ខ្ញុំ​វិញ​ទេ។

នៅ​ថ្ងៃ​នេះ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន នឹង​ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​នៃ​អង្គការ​យោធា​ណាតូ ៣០​ប្រទេស​អំពី​ស្ថានការណ៍​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន និង​ស្ថានការណ៍​ចុងក្រោយ​នៅ​អឺរ៉ុប​ខាងកើត។

តែ​បែប​នេះ​ក្ដី រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergey Lavrov បាន​និយាយ​ថា បើ​អ៊ុយក្រែន​ចង់​បាន​សន្តិភាព គឺ​កងទ័ព​អ៊ុយក្រែន​ត្រូវតែ​ទម្លាក់​អាវុធ ហើយ​ប្រធានាធិបតី​ត្រូវ​ចុះហត្ថលេខា​សុំ​ចុះចាញ់។ លោក​បញ្ជាក់​ថា ក្រុង​មូស្គូ នឹង​វិល​ទៅ​រក​តុចរចា​វិញ ឲ្យ​តែ​ណាតូ​ធានា​សន្តិសុខ​ដល់​រុស្ស៊ី​ទាំងមូល តែ​លោក​ប្រាប់​ថា រុស្ស៊ី​មិន​អាច​ទទួលស្គាល់​លោក​ប្រធានាធិបតី Zelenskiy និង​រដ្ឋាភិបាល​របស់​លោក​ជា​រដ្ឋាភិបាល និង​ជា​រដ្ឋ​អធិបតេយ្យ​ស្រប​ច្បាប់​ពេញលេញ​ឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស