អង្គការសង្គមស៊ីវិលជាង ៥០ស្ថាប័នបានសម្ដែងការសោកស្ដាយចំពោះអាជ្ញាធរដែលប្រើប្រាស់អំពើហិង្សា និងបៀតបៀនផ្លូវភេទលើស្ត្រីជាកូដករនៅក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) អំឡុងពេលសមត្ថកិច្ចចាប់ពួកគេទាំងបង្ខំចូលរថយន្តក្រុង ដោយសារពួកគេជួបជុំធ្វើកូដកម្មដោយសន្តិវិធី។
អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហជីពចំនួន ៥១ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ទាមទារឱ្យអាជ្ញាធរត្រូវបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើសមាជិកសហជីពណាហ្គាវើលដ៍ជាស្ត្រីដែលកំពុងធ្វើកូដកម្មដោយសន្តិវិធី។
ក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរបានចាប់រុញ ទាញ និងសែងកូដករដែលកំពុងធ្វើកូដកម្មអហិង្សាដោយបង្ខំ ហើយរុញ និងធាក់ឱ្យចូលក្នុងរថយន្តក្រុង។ អំឡុងពេលនោះ សមត្ថកិច្ចជាបុរសបានបៀតបៀនផ្លូវភេទស្ត្រីម្នាក់ជាកូដករ ទោះបីជានាងបានស្រែកខណៈដែលនាងត្រូវបានបង្ខំឱ្យចូលក្នុងរថយន្តក្រុង យកទៅមណ្ឌលធ្វើចត្តាឡីស័កជំងឺ Covid-19 នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញក៏ដោយ។
ស្រដៀងគ្នានេះដែរ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ អាជ្ញាធររដ្ឋបានប្រើភាសាអាសអាភាសបំពារបំពានផ្លូវភេទមិនសមរម្យទៅលើកូដករ។ ករណីនេះ ក្រុមសង្គមស៊ីវិលបានកត់សម្គាល់ថាជាទង្វើនៃការបៀតបៀនផ្លូវភេទស្រដៀងគ្នានេះ ក៏ធ្លាប់កើតមានចំពោះស្ត្រីវ័យក្មេងដែលជាសកម្មជនបរិស្ថានកន្លងមកដែរ។
មួយវិញទៀត សមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ដែលភាគច្រើនជាស្ត្រី បានទទួលរងនូវអំពើហិង្សា ការចាប់ដាក់ពន្ធនាគារ និងការអនុវត្តវិធានការ Covid-19 ដោយមិនត្រឹមត្រូវក្នុងការឆ្លើយតបទៅនឹងការធ្វើកូដកម្មដោយសន្តិវិធីចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ មក។
សេចក្តីថ្លែងការណ៍បន្តថា កូដករជាស្ត្រីជាច្រើនត្រូវបានអាជ្ញាធរដាក់គោលដៅមិនសមស្របក្នុងការបំបែកការតវ៉ា ចំពោះការធ្វើកូដកម្មដោយសន្តិវិធី ដោយបានរារាំងពួកគេត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីចាប់ទាំងបង្ខំយកទៅធ្វើតេស្ដ Covid-19 នៅមណ្ឌលចត្តាឡីស័កមួយក្នុងរាជធានីភ្នំពេញ។
បន្ទាប់ពីរកឃើញមាន Covid-19 នោះ កូដករទាំងអស់បានអនុវត្តតាមបទបញ្ជា និងការណែនាំនានារបស់ក្រសួងក្នុងការធ្វើតេស្ដជំងឺ Covid-19 ជាច្រើនដង និងបានបំពេញតាមលក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក ប៉ុន្តែអាជ្ញាធរនៅតែហាមឃាត់ និងបំបែកការតវ៉ារបស់ពួកគេ ក្រោយពេលពួកគេបានអនុវត្តវិធានសុខាភិបាលរួចទៅហើយនោះ។
ជាក់ស្ដែងនៅថ្ងៃទី២១ ខែកុម្ភៈ កូដករចំនួន ៦៤នាក់ក្នុងនោះស្ត្រី ៥៦នាក់ត្រូវបាននាំខ្លួនដោយបង្ខំទៅកាន់ទីតាំងធ្វើចត្តាឡីស័កមួយកន្លែង បន្ទាប់ពួកគេព្យាយាមធ្វើកូដកម្មបន្តទៀត ខណៈថ្ងៃទី២២ កូដករចំនួន ៣៩នាក់ត្រូវបាននាំខ្លួនដោយបង្ខំទៅមណ្ឌលចត្តាឡីស័កទៀត។

ចំណែកថ្ងៃទី២៣ ខែកុម្ភៈ ក្រុមសន្តិសុខក៏បានចាប់កូដករទាំងបង្ខំចំនួន ៥១នាក់បន្ថែមទៀតដឹកទៅមណ្ឌលចត្តាឡីស័ក។ ក្នុងចំណោមកូដករទាំងនោះ មិនមានកូដករណាម្នាក់ត្រូវបានដោះលែងឱ្យត្រឡប់ទៅផ្ទះវិញទេ គិតចាប់តាំងពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកុម្ភៈ។ មិនតែប៉ុណ្ណោះ កូដករដែលកំពុងជាប់នៅមណ្ឌលចត្តាឡីស័កទាំងនោះ នឹងត្រូវអាជ្ញាធរបង្ខំឱ្យបង់ប្រាក់ពិន័យចំនួនរហូតដល់ ២លានរៀល (៥០០ដុល្លារ) ក្នុងម្នាក់ផងដែរ។
សេចក្តីថ្លែងការណ៍ដដែលថា អំឡុងខែមករា កូដករដែលភាគច្រើនជាស្ត្រី ក្នុងនោះក៏មានស្ត្រីមានផ្ទៃពោះមួយចំនួន ត្រូវបានគេហាមឃាត់ក្នុងការប្រើប្រាស់បន្ទប់ទឹកនៅជិតកន្លែងធ្វើកូដកម្មដោយមិនសមហេតុផល ស្របពេលដែលបន្ទប់ទឹកនោះត្រូវបានបើកឱ្យប្រើប្រាស់ឡើងវិញជារៀងរាល់ថ្ងៃក្រោយពេលដែលកូដករទាំងអស់វិលត្រឡប់ទៅផ្ទះវិញ។
ក្រុមសង្គមស៊ីវិលចាត់ទុកទង្វើហិង្សារបស់សមត្ថកិច្ច ថាជាការប្រឆាំងទៅលើស្ត្រីដែលបង្កដោយតួអង្គរដ្ឋ ការអនុវត្តវិធានការ Covid-19 ដោយមិនត្រឹមត្រូវ និងការប្រើប្រាស់ស្ថាប័នតុលាការដើម្បីបំបិទសេរីភាពក្នុងការធ្វើកូដកម្មអហិង្សា គឺមិនសមហេតុផល និងខុសច្បាប់ ក្រោមច្បាប់ជាតិ និងអន្តរជាតិ។
មួយវិញទៀត ទង្វើទាំងនេះបានរំលោភបំពានទៅលើសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញស្ដីពីការជួបជុំ និងប្រមូលផ្ដុំដោយសន្តិវិធី និងសិទ្ធិនានានៃអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ។
ក្រុមអង្គការសង្គមស៊ីវិលអំពាវនាវទៅអាជ្ញាធរឱ្យបញ្ឈប់ការរឹតត្បិតសេរីភាពរបស់ស្ត្រី ដើម្បីឱ្យពួកគេបន្តធ្វើកូដកម្មដោយសន្តិវិធី និងប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ពួកគេដោយគ្មានការរើសអើង និងអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់ និងដោយឥតលក្ខខណ្ឌចំពោះសមាជិក និងថ្នាក់ដឹកនាំសហជីពទាំងអស់ដែលត្រូវបានចាប់ដាក់ពន្ធនាគារ ព្រមទាំងទម្លាក់ចោលបទចោទទាំងអស់ប្រឆាំងនឹងពួកគេ៕