មេដឹកនាំបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាព លោក កឹម សុខា អះអាងថា លោកបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចរចាជាមួយលោក ហ៊ុន សែន ដើម្បីស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងធានានូវការបោះឆ្នោតនាពេលខាងមុខប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក កឹម សុខា បានប្រាប់ទូរទស្សន៍ AlJazeera កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅមុនពេលចូលរួមសវនាការលើកទី៣២ របស់លោកថា មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន តែងលើកពីបញ្ហានៅប្រទេសភូមា និងវិបត្តិនៅប្រទេសអាហ្វហ្គានីស្ថាន តែងតែជំរុញឱ្យមានការចរចាដោយសន្តិវិធី។ ដូច្នេះ វិបត្តិនៅកម្ពុជាក៏ត្រូវតែមានការចរចាដោយសន្តិវិធីដែរ ជាពិសេសការចោទប្រកាន់លើរូបលោកដោយគ្មានភស្តុតាងអស់រយៈពេលជាង ៤ឆ្នាំមកនេះ។
លោក កឹម សុខ ព្រមានថា សូមកុំនិយាយថាកម្ពុជាគ្មានបញ្ហា ត្បិតបញ្ហារបស់កម្ពុជាត្រូវបានអន្តរជាតិដឹងឮគ្រប់គ្នាអស់ហើយ ដូច្នេះដើម្បីប្រយោជន៍ជាតិ និងប្រជាជន កម្ពុជាក៏ត្រូវចរចាដោយសន្តិវិធី ក្នុងនោះត្រូវដោះស្រាយនូវសេរីភាពរបស់លោក ការរៀបចំឱ្យមានបរិយាកាសនយោបាយល្អប្រសើរសម្រាប់ការចូលរួមបោះឆ្នោត និងរៀបចំអ្នកបន្តវេនដើម្បីរកភាពរីកចម្រើនឱ្យកម្ពុជាទៅថ្ងៃអនាគត។
មេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា ការចរចាត្រូវតែមានការយោគយល់គ្នាទៅវិញទៅមកដើម្បីស្រាយវិបត្តិដែលជាប់គាំងទាំងអស់នៅកម្ពុជា ដោយយកប្រយោជន៍ជាតិជាធំ។ លោកថា ការមិនចាកចេញពីកម្ពុជារបស់លោករហូតដល់ពេលនេះ គឺដើម្បីទន្ទឹងរង់ចាំការចរចាជាមួយមេដឹកនាំបក្សកាន់អំណាច ដើម្បីផ្សះផ្សានយោបាយរវាងខ្មែរនិងខ្មែរឱ្យមានសាមគ្គីភាពឡើងវិញ។
លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទ ឃុបឃិតជាមួយរដ្ឋបរទេសតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់នឹងពេលនេះមានរយៈពេលជិត ៥ឆ្នាំហើយ ប្រធានបក្សប្រឆាំងរូបនេះនៅតែមានភាពស្អាតស្អំ ព្រោះលោកមិនទាន់ត្រូវបានតុលាការកាត់ទោសពីបទល្មើសណាមួយនៅឡើយទេ ខណៈតុលាការចេះតែបន្តសវនាការរបស់លោកដោយពុំមានការកំណត់ពេលវេលាជាក់លាក់។
ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់លើកឡើងថា ប្រសិនបើសំណុំរឿងលោក កឹម សុខា ជាសំណុំរឿងស្ថិតក្នុងការចាត់ចែងរបស់តុលាការ នោះករណីនេះនឹងត្រូវបានជំនុំជម្រះកាត់សេចក្តីរួចស្រេចទៅហើយ ប៉ុន្តែករណីរបស់លោក កឹម សុខា បានអូសបន្លាយពេលជំនុំជម្រះក្តីជាបន្តបន្ទាប់ ដូច្នេះបញ្ហានេះត្រូវគេដឹងយ៉ាងច្បាស់ថា គឺជារឿងនយោបាយ។
កាលពីចុងឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព លោក ហ៊ុន សែន ធ្លាប់បានអះអាងថា ករណីលោក កឹម សុខា អាចនឹងត្រូវពន្យារពេល ៤ឆ្នាំទៀត គឺត្រូវពន្យាររហូតដល់ក្រោយការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងក្រោយការបោះឆ្នោតជាតិក្នុងឆ្នាំ២០២៣ ឯណោះ៕