អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា បើសិនជាបញ្ហាក្នុងមូលដ្ឋានមិនត្រូវបានដោះស្រាយ និងគ្មានយុត្តិធម៌ ហើយមានការប្រកាន់និន្នាការនយោបាយទៀតនោះ ទោះបីជាយកអំណោយទៅចែកជូនពលរដ្ឋ ក៏ពួកគាត់មិនជឿមកលើគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលដែរ។
ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអំពាវនាវដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមតាមសំណើសំណូមពរនៅមូលដ្ឋានឱ្យបានល្អ។
លោកបន្តថា ការផ្ដល់ជំនួយមនុស្សធម៌ជាសម្ភារៈ ជាថវិកា ជាដើម គឺជាការចាំបាច់ដើម្បីដណ្ដើមជំនឿទុកចិត្តរបស់ពលរដ្ឋ ខណៈការបោះឆ្នោតជិតមកដល់ហើយនោះ ប៉ុន្តែអ្វីដែលជាការចាំបាច់ជាងនោះទៀត គឺការកសាងយុត្តិធម៌នៅមូលដ្ឋាន។ លោកថា រឿងនេះគឺជាបញ្ហាគន្លឹះសម្រាប់ការដោះស្រាយនៅមូលដ្ឋាន បើគ្មានយុត្តិធម៌ទេ ទោះបីគណបក្សប្រជាជនកម្ពុជាយកអំណោយទៅជូនពលរដ្ឋប៉ុន្មាន ក៏គាត់គ្មានជំនឿនោះដែរ។
លោក ស ខេង ជំរុញឱ្យអាជ្ញាធរនៅតាមបណ្ដាខេត្តនានា ដោះស្រាយទំនាស់ ឬបញ្ហានៅមូលដ្ឋានប្រកបដោយយុត្តិធម៌ពិត ទើបប្រជាពលរដ្ឋសប្បាយរីករាយ។ លើសពីនេះ លោកស្នើដល់មន្ត្រីរាជការទាំងអស់ បន្តបម្រើពលរដ្ឋមិនប្រកាន់និន្នាការនយោបាយ ដើម្បីស្វែងរកការគាំទ្រពីពលរដ្ឋមកលើការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា។
ការលើកឡើងរបស់លោក ស ខេង ធ្វើឡើងបន្ទាប់ពីពលរដ្ឋនៅតាមបណ្ដាខេត្តនានាដែលកំពុងរងគ្រោះដីធ្លីពីសំណាក់អ្នកមានអំណាច និងអ្នកមានប្រាក់ សម្រុកមករកកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័នផ្សេងៗទៀតឱ្យជួយដោះស្រាយ ក្រោយពីអាជ្ញាធរថ្នាក់ក្រោមមិនបានដោះស្រាយឱ្យពួកគេ។ ក្រៅពីដោះស្រាយមិនចេញហើយ កន្លងមក ក្រុមអាជ្ញាធររបស់រដ្ឋាភិបាលក៏បានគំរាមកំហែង បំភិតបំភ័យ បង្ក្រាប ដោយបាញ់កាំភ្លើងលើពលរដ្ឋកំពុងរងគ្រោះហើយ ថែមទាំងចាប់ពលរដ្ឋដាក់គុកផងដែរ។
របាយការណ៍សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលចេញផ្សាយកាលពីថ្ងៃទី៨ ខែកុម្ភៈ ដោយមានចំណងជើងថា «ការបន្តចោទប្រកាន់-ការចាប់ឃុំខ្លួនពលរដ្ឋក្នុងរឿងវិវាទដីធ្លី» ឱ្យដឹងថា ក្នុងឆ្នាំ២០២១ ពលរដ្ឋដែលរងគ្រោះដោយសារជម្លោះដីធ្លីចំនួនជាង ១ម៉ឺន ៧ពាន់គ្រួសារ ក្នុងនោះមានជនជាតិដើមភាគតិចចំនួន ១៣៤៧គ្រួសារ។
អាដហុកបន្តថា វិវាទដីធ្លីធំៗបានកើនឡើងខ្ពស់មានលក្ខណៈធ្ងន់ធ្ងរ ដោយមានការប្រើអំពើហិង្សា វាយបង្ក្រាប ចាប់ខ្លួន ឃុំខ្លួន និងបាញ់ប្រហារទៅលើប្រជាពលរដ្ឋ ខណៈពលរដ្ឋដែលត្រូវបានចាប់ខ្លួនបានធ្លាក់ខ្លួនឈឺធ្ងន់ក្នុងពន្ធនាគារ ដូចជាករណីវិវាទនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រវាងក្រុមហ៊ុន OCIC ដែលអភិវឌ្ឍធ្វើព្រលានយន្តហោះថ្មី ខណៈករណីវិវាទនៅក្នុងស្រុកស្អាង ក៏មានសកម្មជនម្នាក់ស្លាប់ក្រោយពេលបញ្ជូនពីពន្ធនាគារដល់មន្ទីរពេទ្យដែរ៕