27 C
Phnom Penh

អ្នកវិភាគ៖ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ដូចគ្នា​នឹង​សង្គ្រាម​វៀតណាម​ឈ្លានពាន​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ​នយោបាយ និង​សង្គម ចាត់ទុក​សង្គ្រាម​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី លើ​ប្រទេស​អ៊ុយក្រែន ថា​មាន​លក្ខណៈ​ដូចគ្នា​ទៅ​នឹង​សង្គ្រាម​ឈ្លានពាន​របស់​ប្រទេស​វៀតណាម លើ​ប្រទេស​កម្ពុជា​នា​ពេល​កន្លងមក​ដែរ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​អះអាង​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៤ មីនា នេះ​ថា សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន និង​សង្គ្រាម​វៀតណាម-កម្ពុជា មិន​ខុសគ្នា​ប៉ុន្មាន​ទេ ខុស​តែ​មិន​មាន​ខ្មែរក្រហម និង​មិន​មាន​រដ្ឋាភិបាល​អ៊ុយក្រែន​ដែល​ទ័ព​រុស្ស៊ី​បង្កើត។

លោក​បាន​សរសេរ​ទៀត​ថា ដំណោះស្រាយ​ក៏​អាច​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ។ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ អាច​ជា​គំរូ​មួយ។ ដំណោះស្រាយ​តាមរយៈ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​រុស្ស៊ី ឬ​សហភាព​សូវៀត​វេតូ​ទុក​ជា​មោឃៈ​ដូចគ្នា។ មហាសន្និបាត​នៃ​អង្គការ​សហប្រជាជាតិ ថ្កោលទោស និង​សុំ​ឲ្យ​ដក​ទ័ព​ឈ្លានពាន​ដូចគ្នា ខុស​ត្រង់​រឿង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ក្រុមប្រឹក្សា​សន្តិសុខ​សម្រេច​ឲ្យ​មាន​កិច្ចប្រជុំ​មហាសន្និបាត​ពិសេស។ រឿង​សង្គ្រាម​វៀតណាម-កម្ពុជា មាន​តែ​មហាសន្និបាត​ប្រចាំ​ឆ្នាំ​ធម្មតា។

បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​ទៀត​ថា រឿង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន មហាអំណាច​រុស្ស៊ី​ជា​ប្រទេស​ឈ្លានពាន។ មហាអំណាច​អាមេរិក និង​អឺរ៉ុប ជួយ​អ៊ុយក្រែន។ រឿង​សង្គ្រាម​វៀតណាម-កម្ពុជា មហាអំណាច​សូវៀត​ជួយ​វៀតណាម​ឈ្លានពាន។ មហាអំណាច​ចិន និង​អាស៊ាន​៥ ក្រោយ​មក ៦​ប្រទេស ជួយ​កម្ពុជា។

នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​អ៊ុយក្រែន ដែល​មហាអំណាច​កុម្មុយនីស្ត​រុស្ស៊ី ប្រកាស​ប្រតិបត្តិការ​សឹក​លើ​ទឹកដី​របស់​ខ្លួន ប៉ុន្តែ​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskiy) មិន​រត់​ចេញ​ពី​ប្រទេស​យក​រួច​ខ្លួន​ក្នុង​ពេល​សង្គ្រាម​នោះ​ទេ ដោយ​សុខចិត្ត​ចូលរួម​ក្នុង​សមរភូមិ​ដោយ​ផ្ទាល់​ដើម្បី​ការពារ​ទឹកដី​ជាមួយ​កងទ័ព​អ៊ុយក្រែន។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៣ ខែ​មីនា ថា វៀតណាម​អាច​ឈ្លានពាន​កម្ពុជា​បាន​ដោយ​ស្រួល និង​គ្មាន​ការ​ថ្កោលទោស​ពី​ពិភពលោក ដោយសារ​តែ​ក្រុម​មេដឹកនាំ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​សព្វថ្ងៃ​ព្រម​ធ្វើជា​រដ្ឋាភិបាល​បម្រើ​វៀតណាម បើក​ផ្លូវ​ឲ្យ​កងទ័ព​រណសិរ្ស​វៀតណាម​ឈ្លានពាន​ចូល​ទឹកដី​របស់​ខ្លួន​ដែល​ក្បត់​ទៅ​នឹង​ប្រជាជាតិ​ខ្មែរ​យ៉ាង​ឃោរឃៅ។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា ចំណែក​នៅ​ប្រទេស​អ៊ុយក្រែន ដោយសារ​ភាព​ស្មោះត្រង់​របស់​មេដឹកនាំ​អ៊ុយក្រែន បាន​ធ្វើ​ឲ្យ​កងទ័ព​រុស្ស៊ី​ជាប់​ផុង និង​ទទួល​ការ​បរាជ័យ​ក្នុង​ការ​ឈ្លានពាន​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​ពិភពលោក​នាំគ្នា​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី​ជាបន្តបន្ទាប់​ពី​ការ​ឈ្លានពាន​នេះ។

លោក គឹម សុខ លើកឡើង​ថា ការ​ឈ្លានពាន​របស់​វៀតណាម​តាំងពី​ឆ្នាំ​១៩៧៩ មក នៅតែ​បន្ត​រហូត​ដល់​សព្វថ្ងៃ គ្រាន់តែ​ពេលនេះ​ការ​ឈ្លានពាន​នោះ​បាន​ប្រែ​រូប​ប៉ុណ្ណោះ។ លោក​បន្ត​ថា កាលពី​មុន ឈ្លានពាន​ដោយ​ប្រើ​រណសិរ្ស​កងទ័ព ប៉ុន្តែ​ពេលនេះ​គេ​ឈ្លានពាន​ដោយ​ការ​ប្រើ​រណសិរ្ស​សេដ្ឋកិច្ច រណសិរ្ស​ប្រជាសាស្ត្រ ដោយ​ការ​បង្ហូរ​ជនជាតិ​វៀតណាម​ឲ្យ​ទៅ​រស់នៅ​ដោយ​ខុសច្បាប់​លើ​ទឹកដី​កម្ពុជា​ដូច​សព្វថ្ងៃ​នេះ ជាដើម។

កាលពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​១៩៧៨ កងទ័ព​វៀតណាម​ប្រមាណ​ជា ១៥​ម៉ឺន​នាក់ បាន​ចាប់ផ្ដើម​ឈ្លានពាន​ចូល​កម្ពុជា​ក្រោម​ហេតុផល​ជួយ​សង្គ្រោះ​ប្រជាជន​ខ្មែរ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​១៩៧៩ វៀតណាម​បាន​ជួយ​បង្កើត​ឲ្យ​មាន​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​ក្រោម​អាណាព្យាបាល​របស់​ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស