29 C
Phnom Penh

ចិន​សុំ​ធ្វើជា​អ្នក​សម្របសម្រួល​ជម្លោះ​រុស្ស៊ី-អ៊ុយក្រែន ខណៈ​សេដ្ឋកិច្ច​រុស្ស៊ី​ដាំ​ក្បាល​ចុះ​ខ្លាំង​ដោយសារ​រង​ទណ្ឌកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi នៅ​ថ្ងៃ​ចន្ទ ទី​៧ ខែ​មីនា នេះ និយាយ​ថា ចិន​នឹង​ជួយ​សម្របសម្រួល​ជម្លោះ​រុស្ស៊ី និង​អ៊ុយក្រែន តែ​បាន​អះអាង​ថា​ទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ​រវាង​ចិន និង​រុស្ស៊ី នៅតែ​រឹងមាំ​ដូច​ថ្ម។

ចិន​ជា​ប្រទេស​មហាអំណាច​មួយ​ជាមួយ​នឹង​ប្រទេស​មហាអំណាច ៤​ទៀត ដែល​មាន​ឥទ្ធិពល​ខ្លាំង​នៅ​លើ​ពិភពលោក ទាំង​សេដ្ឋកិច្ច យោធា និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ។ នៅ​ក្នុង​ការ​បោះឆ្នោត​ដើម្បី​ថ្កោលទោស​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នៅ​ឯ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ប្រទេស​មហាអំណាច​នេះ​សម្រេច​បោះឆ្នោត​អនុប្បវាទ។ ចំណែក​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ទី​១ ខែ​មីនា ចិន​និង​ប្រទេស ៣៤​ទៀត​បាន​បោះឆ្នោត​អនុប្បវាទ ខណៈ ១៤១​ប្រទេស​បោះឆ្នោត​ថ្កោលទោស​រុស្ស៊ី និង​ទាមទារ​ឱ្យ​រុស្ស៊ី ដក​ទ័ព​ចេញពី​អ៊ុយក្រែន។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា ប្រមុខ​ការទូត​ចិន លោក Wang Yi បញ្ជាក់​ថា ចំណង​មិត្តភាព​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ នៅតែ​រឹង​ខ្លាំង គឺ​រឹង​ដូច​ថ្ម ទោះ​ជា​ចិន​សម្ដែង​ជំហរ​ទៅ​លើ​ក្រុង​មូស្គូ​ដោយ​បោះឆ្នោត​អនុប្បវាទ​ករណី​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​ក៏ដោយ។ ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ លោក Wang Yi និយាយ​ថា ចិន​មាន​ឆន្ទៈ​ពិតប្រាកដ​ចង់​ដើរ​តួនាទី​ដ៏​សកម្ម​មួយ​ជួយ​សម្របសម្រួល​ជម្លោះ​រុស្ស៊ី និង​អ៊ុយក្រែន ដើម្បី​ជួយ​ឲ្យ​មាន​សន្តិភាព និង​ផ្សះផ្សា​គ្នា​ឡើងវិញ។

ការ​ដែល​ចិន​សម្រេច​បោះឆ្នោត​អនុប្បវាទ ខណៈ​សហគមន៍​អន្តរជាតិ​ភាគច្រើន​ថ្កោលទោស​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន ត្រូវ​បាន​អ្នក​សង្កេតការណ៍​មើល​ឃើញ​ជំហរ​របស់​ចិន ចង់​កាត់បន្ថយ​ភាព​រឹងរូស​របស់​ខ្លួន​ដែល​កន្លងមក​ធ្លាប់តែ​បោះឆ្នោត​ជំទាស់​ទាំង​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ និង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ប្រសិន​មាន​ការ​សម្រេច​ណា​មួយ​ប៉ះពាល់​ដល់​សម្ពន្ធមិត្ត​របស់​ខ្លួន។

សម្រាប់​ការ​ថ្លែង​មួយ​ក្នុង​ការ​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​ប៉េកាំង ប្រមុខ​ការទូត​ចិន បាន​បង្ហាញ​អំពី​ឆន្ទៈ​របស់​ខ្លួន ដែល​ចង់​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ​ចំពោះ​ជម្លោះ​រុស្ស៊ី និង​អ៊ុយក្រែន ដែល​ធ្លាក់​ចូល​ក្នុង​ភ្លក់​ភ្លើង​សង្គ្រាម​ដ៏​ធ្ងន់​ហើយ​នេះ។ ក្រៅពី​នេះ លោក Wang Yi បាន​ឱ្យ​ដឹង​ថា ចិន​នឹង​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ប្រជាជន​អ៊ុយក្រែន ដែល​ភៀសខ្លួន​ទៅ​នៅ​ប្រទេស​ជិតខាង។

តែ​បែប​នេះ​ក្ដី សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប តែងតែ​ប្រាប់​ទៅ​ចិន​ថា​ត្រូវ​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​រុស្ស៊ី។ ទោះជាយ៉ាងណា​ក៏ដោយ ក្រុង​ប៉េកាំង​តែង​ឆ្លើយ​ថា ចិន​មិន​អាច​ចូលរួម​បាន​ទេ ព្រោះ​វិធានការ​នេះ​គឺ​ធ្វើឡើង​ដោយ​ឯកតោភាគី។

ទោះ​ជា​បែប​នេះ​ក្ដី អាមេរិក និង​សហភាព​អឺរ៉ុប​ដែល​ជា​ទីផ្សារ​ដ៏​ធំ​របស់​ចិន បាន​ព្រមាន​ថា ចិន​គួរ​ដូរ​ជំហរ​បែប​នេះ ព្រោះ​ថា​ពេលនេះ ពិភពលោក​កំពុង​នាំគ្នា​ប្រឆាំង​រុស្ស៊ី ដែល​ឈ្លានពាន​ប្រទេស​ទន់ខ្សោយ។

ការ​បង្ហាញ​ឆន្ទៈ​របស់​ចិន ដែល​សន្យា​ផ្ដល់​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ជនភៀសខ្លួន​អ៊ុយក្រែន និង​សុំ​ធ្វើជា​អ្នក​សម្របសម្រួល​ជម្លោះ​រុស្ស៊ី-អ៊ុយក្រែន កើតឡើង​ក្រោយ​ពេល​ប្រធាន​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប លោក Josep Borrell បាន​ស្នើ​ឲ្យ​ចិន​ដើរ​តួនាទី​មួយ​ជួយ​រក​សន្តិភាព​នៃ​ជម្លោះ​រុស្ស៊ី និង​អ៊ុយក្រែន។

លោក Josep Borrell ប្រាប់​ទៅ​ចិន​ថា តួនាទី​របស់​ចិន មាន​សារសំខាន់​នៅ​ក្នុង​កិច្ច​សហការ​នានា​ជាមួយ​សហគមន៍​អន្តរជាតិ ជាពិសេស​ករណី​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន។

គេ​ពុំ​ដឹង​ថា ប្រមុខ​ការទូត​ចិន ឬ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង នឹង​ទៅ​ជួប​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន នៅ​ថ្ងៃ​ណា​នោះ​ទេ ប៉ុន្តែ​គេ​តែង​រំពឹង​ថា លោក ស៊ី ជីនពីង ឬ​ប្រមុខ​ការទូត​ចិន លោក Wang Yi អាច​នឹង​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​នៅ​ពេល​ឆាប់ៗ​នេះ​ជាមួយ​ថ្នាក់​ដឹកនាំ​រុស្ស៊ី ព្រោះ​ពេលនេះ ចិន​ដាក់​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន។

សង្គ្រាម​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន បាន​នាំ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី ដាំ​ក្បាល​ចុះ​ខ្លាំង ប្រសិនបើ​ប្រទេស​នៅ​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​សម្រេច​បញ្ឈប់​ការ​នាំ​ប្រេង និង​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី​ទាំងស្រុង ដូច​ខណៈ​នេះ សភា​សហរដ្ឋ​អាមេរិក​ប្រកាស​ថា​នឹង​អនុម័ត​ឲ្យ​សហរដ្ឋ​អាមេរិក​ព្យួរ​ការ​នាំ​ប្រេង និង​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី ដែល​អាមេរិក​នាំចូល​ពី​ប្រទេស​រុស្ស៊ី​ដល់​ទៅ ៣០% បើ​ធៀប​នឹង​ការ​នាំចូល​ប្រេង​ពី​ប្រទេស​ផលិត​ប្រេង​ផ្សេងៗ​ទៀត ដែល​សេដ្ឋកិច្ច​រុស្ស៊ី​កាន់តែ​ស្រុត​ចុះ​ខ្លាំង​ថែមទៀត។

តែ​អ្នក​សង្កេតការណ៍​យល់​ឃើញ​ថា ប្រទេស​ចិន ទំនង​គិត​ថា​ទំហំ​ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី​ដែល​ពិភពលោក​ស្រុះ​គ្នា​យ៉ាង​ខ្លាំង និង​ការ​ថ្កោលទោស​រុស្ស៊ី ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ដែល​ធ្វើឡើង​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ទី​១ មីនា នេះ គឺ​ចាំបាច់​ធ្វើ​ឱ្យ​ចិន​ដូរ​ជំហរ​របស់​ខ្លួន ដែល​កន្លងមក​សូម្បី​ផ្ដល់​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ជនភៀសខ្លួន​អ៊ុយក្រែន ក៏​ចិន​មិន​ដែល​បង្ហើប​ម្ដង​ណា​ដែរ។

អ្វី​ដែល​អ្នក​សង្កេតការណ៍​មើល​ឃើញ​មួយ​ជ្រុង​ទៀត គឺ​ក្រុង​ប៉េកាំង ក៏​អាច​បារម្ភ​ផង​ដែរ​អំពី​ភាព​ឯកោ​របស់​ខ្លួន​ទៅ​ថ្ងៃ​ខាងមុខ ប្រសិនបើ​ប្រទេស​ធំ​នេះ​មិន​ជួយ​ធ្វើឲ្យ​ពិភពលោក​មាន​សន្តិភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស