29 C
Phnom Penh

អ្នកវិភាគ៖ លោក កឹម សុខា អាច​ប្តឹង​មន្ត្រី​ក្រសួង​យុត្តិធម៌​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​អំពី​ការ​រំលោភ​រដ្ឋធម្មនុញ្ញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា រិះគន់​មន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​ជំរុញ​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សារភាព​ទោស ថា​បំពាន​ទៅលើ​គោលការណ៍​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ លោក កឹម សុខា អាច​ប្តឹង​អំពី​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ថា ការ​លើក​យក​សំណុំរឿង​លោក កឹម សុខា មក​បកស្រាយ​របស់​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន គឺ​បំពាន​ទៅលើ​គោលការណ៍​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ។

លោក​ថា ការ​បំពាន​ទាំងនោះ​មាន​ដូចជា ការ​លើកឡើង​សំណុំរឿង​របស់​តុលាការ​ដែល​ស្ថិតនៅ​ក្រោម​នីតិវិធី​ជំនុំជម្រះ រំលោភ​លើ​ឯករាជភាព​នៃ​អំណាច​តុលាការ និង​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​ពី​ការ​បែងចែក​អំណាច ជាដើម។

បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា លោក កឹម សុខា អាច​ប្តឹង​អំពី​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ការ​លើកឡើង​របស់​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​រូប​នេះ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ តាមរយៈ​តុលាការ​កំពូល ឬ​ប្តឹង​សុំ​ឱ្យ​តុលាការ​ចេញ​ដីកា​បដិសេធ​ការ​លើកឡើង​នេះ។

លោក​បន្ត​ទៀត​ថា ជាង​នេះ​ទៀត លោក កឹម សុខា ក៏​អាច​ប្តឹង​ទៅ​ព្រះមហាក្សត្រ​ដែល​ជា​អ្នក​ធានា​ឯករាជ្យ​នៃ​អំណាច​តុលាការ ដើម្បី​សុំ​ឱ្យ​ព្រះអង្គ​ចាត់​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម បដិសេធ​ការ​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​តុលាការ​លើ​សំណុំរឿង​របស់​លោក​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ចោទ​មេដឹកនាំ​ប្រឆាំង​ថា​កំពុង​ព្យាយាម​បំភ្លៃ​សាធារណមតិ​តាមរយៈ​វីដេអូ​ភស្តុតាង​ដោះ​បន្ទុក ដែល​ក្រុម​មេធាវី​របស់​លោក​ដាក់​ជូន​តុលាការ​នា​ពេល​កន្លងមក។

កាលពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២២ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ចោទ​ថា ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា កំពុង​ព្យាយាម​បំភ្លៃ​សាធារណមតិ​តាមរយៈ​វីដេអូ​ភស្តុតាង​របស់​លោក។ អ្នក​នាំពាក្យ​រូប​នេះ​ជំរុញ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​សារភាព​ទោស ដើម្បី​បាន​ការ​សម្រាល​ទោស​ពី​តុលាការ​ទៅវិញ។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នៃ​កម្មវិធី Idea Talk របស់​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២ ថា ក្រសួង​យុត្តិធម៌​កំពុង​បំពាន​លើ​ច្បាប់​ប្រទេស​ខ្លួនឯង​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​អនុវត្ត​ច្បាប់ ព្រោះ​សំណុំរឿង​លោក កឹម សុខា កំពុង​នៅ​ក្នុង​តុលាការ មិន​នៅ​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​យុត្តិធម៌​ដែល​ត្រូវ​សម្រេច​នោះ​ទេ។

លោក សុខ សុគន្ធ លើកឡើង​ថា តុលាការ​កម្ពុជា​សព្វថ្ងៃ​នេះ​បាន​ដើរ​តួ​យ៉ាង​ពេញលេញ​ធ្វើជា​ឧបករណ៍​នយោបាយ​របស់​បក្ស​កាន់​អំណាច។ ដូច្នេះ​ក្រសួង​យុត្តិធម៌ ដែល​មាន​តួនាទី​ជា​អ្នក​ធានា​នូវ​ដំណើរការ​នៃ​ភាព​ត្រឹមត្រូវ​របស់​តុលាការ ត្រូវតែ​ជំរុញ​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ល្អ​ប្រសើរ។

មាត្រា​១២៨​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា អំណាច​តុលាការ​ជា​អំណាច​ឯករាជ្យ ហើយ​គ្រប​ដណ្តប់​ទៅលើ​រឿង​ក្តី​ទាំងអស់ ចំណែក​មាត្រា​១៣០​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា គ្មាន​អង្គ​ណា​មួយ​នៃ​អំណាច​នីតិប្បញ្ញត្តិ ឬ​នីតិប្រតិបត្តិ អាច​ជ្រៀតជ្រែក​លើ​អំណាច​តុលាការ​អ្វី​បាន​ឡើយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស