30.4 C
Phnom Penh

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា​ក្រុម​លោក សម រង្ស៊ី អង្វរ​លោក ហ៊ុន សែន ឲ្យ​លើកលែង​ទោស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា លោកស្រី ជូឡុង សូមូរ៉ា ភរិយា​របស់​លោក សម រង្ស៊ី បាន​បញ្ជា​ឲ្យ​លោក ឣេង ឆៃឣ៊ាង អង្វរ​លោក ហ៊ុន សែន ឲ្យ​លើកលែង​ទោស​ដល់​លោក​សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត ជា​ថ្នូរ​នឹង​ការ​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សុរីដា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០២២ ថា លោក​ទទួល​បាន​ព័ត៌មាន​ពី​ប្រភព​ច្បាស់​ការណ៍​ពី​អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី ថា​មូលហេតុ​ដែល​តុលាការ​ក្រុង​ភ្នំពេញ​មិន​បាន​ដាក់​លក់​ឡាយឡុង​ផ្ទះ​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បន្ត​ទៀត​នោះ គឺ​ដោយសារ​មន្ត្រី​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី បាន​យល់ព្រម​ធ្វើ​តាម​ការ​បញ្ជា​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន។

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​រិះគន់​ថា ការ​ធ្វើ​បែប​នេះ គឺ​ល្អ​សម្រាប់​លោក សម រង្ស៊ី និង​បក្ខពួក​របស់​គាត់ ដើម្បី​មាន​សេរីភាព​នយោបាយ និង​ទទួល​បាន​ផ្ទះ​របស់​គាត់​ត្រឡប់​មកវិញ។ ប៉ុន្តែ​រឿង​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ចរិត​នយោបាយ​ដ៏​អាក្រក់​របស់​ពួកគេ ដែល​ធ្វើ​ដើម្បី​តែ​ទប់​អំណាច​ឱ្យ​បក្ស​កាន់​អំណាច។ ដូច្នេះ​អ្នក​ដែល​គាំទ្រ​នូវ​ទង្វើ​របស់​លោក សម រង្ស៊ី បែប​នេះ គឺ​មាន​ន័យ​ស្មើ​នឹង​គាំទ្រ​លោក ហ៊ុន សែន ឲ្យ​កាន់​អំណាច​បន្ត​ទៀត​ដូច្នោះ​ដែរ។

លោក សួន សុរីដា លើកឡើង​ថា ផ្អែកលើ​ហេតុផល​នៅ​ពេលនេះ គឺ​មាន​ភាព​ស្រប​គ្នា​យ៉ាង​ខ្លាំង ដោយសារ​ភាគី​លោក សម រង្ស៊ី បាន​ដំណើរការ​គណបក្ស​ភ្លើង​ទៀន ឲ្យ​ចូលរួម​ការ​បោះឆ្នោត ខណៈ​ភាគី​លោក ហ៊ុន សែន ក៏​មិន​បាន​ដាក់​លក់​ឡាយឡុង​ផ្ទះ​របស់​លោក សម រង្ស៊ី នោះ​ដែរ។ បន្ថែម​ពី​នេះ ប្រសិនបើ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ មាន​ការ​លើកលែង​ទោស​ដល់​លោក សម រង្ស៊ី និង​ក្រុម​របស់​គាត់​មែន នោះ​មាន​ន័យ​ថា ការ​អង្វរ​សុំ​សិទ្ធិ​នយោបាយ​ពី​លោក ហ៊ុន សែន គឺជា​រឿង​ប្រាកដ​ដែល​មិន​អាច​ប្រកែក​បាន​នោះ​ទេ។

ការ​អះអាង​នេះ ធ្វើឡើង​នៅ​ពេល​ដែល​មាន​ការ​សង្ស័យ​ជាច្រើន​ពី​វត្តមាន​របស់​គណបក្ស​ភ្លើង​ទៀន ដែល​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​អះអាង​ថា​មាន​លោក សម រង្ស៊ី នៅ​ពីក្រោយ។

កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល​ក្រុង​ភ្នំពេញ​បាន​ចេញ​បម្រាម​មិន​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ចំនួន ១១៨​រូប​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ រួម​ជាមួយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សំណុំរឿង​ក្បត់​ជាតិ។ ប៉ុន្តែ​មក​ទល់នឹង​ពេលនេះ លោក សម រង្ស៊ី និង​ក្រុម​របស់​គាត់​មិនទាន់​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នៅឡើយ​ទេ បើ​ទោះបី​មន្ត្រី​បក្ស​ប្រឆាំង​ដែល​តុលាការ​បាន​ហាមឃាត់​ខ្លះ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ទៅ​ហើយ​នោះ។

ជុំវិញ​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ក៏​រង​នូវ​បណ្តឹង​ផ្ទាល់ខ្លួន​ផ្សេង​ទៀត​ដែរ ក្នុង​នោះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​លក់​ផ្ទះ​របស់​គាត់​ដែល​បាន​ប្រើប្រាស់​ជា​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​ការ​ដាក់​លក់​ឡាយឡុង​នេះ​បាន​ស្ងាត់​ទៅវិញ ដោយ​មិន​មាន​មូលហេតុ​ណា​មួយ​ពី​តុលាការ​នៅឡើយ​ទេ។

សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​សុំ​ការ​បំភ្លឺ​ពី​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​នៅឡើយ​ទេ​រហូត​មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស