ក្រោមការគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន ជិត ៤ទសវត្សមកនេះ កម្ពុជាបានក្លាយជាប្រទេសជាតិមួយក្រជាងគេបំផុតក្នុងពិភពលោក។ ក្នុងខណៈដែលប្រជាពលរដ្ឋខ្មែរភាគច្រើនរស់ក្នុងភាពក្រីក្រតោកយ៉ាក ជំពាក់បំណុលវ័ណ្ឌក និងបែកបាក់គ្រួសារដើម្បីធ្វើចំណាកស្រុករកការងារធ្វើ គ្រួសារលោក ហ៊ុន សែន និងបក្សពួករស់នៅលើគំនរមាសប្រាក់រាប់ពាន់លានដុល្លារអាមេរិក ដែលបានមកពីអំពើពុករលួយ និងបំផ្លាញជាតិ។
ដូច្នេះ តើការបន្តវេននៃត្រកូល ហ៊ុន ក្នុងការគ្រប់គ្រងអំណាចក្នុងប្រទេសកម្ពុជាជារឿងល្អ ឬអាក្រក់?
មេដឹកនាំក្នុងសង្គមនីមួយៗ គឺជាតួអង្គដ៏សំខាន់ និងស្លាប់រស់របស់ជាតិ បើទោះបីជាសង្គមនោះមានការរៀបចំប្រព័ន្ធគ្រប់គ្រងការពារអំណាចប្រមូលផ្ដុំយ៉ាងណាក្តី។ ទាំងក្នុងសង្គមប្រជាធិបតេយ្យ និងកុម្មុយនីស្ត គេរមែងឃើញរបបដឹកនាំទាំងនោះមានយន្តការ និងនីតិវិធីជ្រើសរើសមេដឹកនាំបន្តវេនរបស់ពួកគេ។
ក្នុងសង្គមប្រជាធិបតេយ្យ មេដឹកនាំត្រូវបានគេជ្រើសរើសតាមការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ការបោះឆ្នោត គឺជាវិធីមួយដែលផ្តល់អំណាចដល់ពលរដ្ឋក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួនដោយផ្ទាល់។ របបប្រជាធិបតេយ្យដែលកំណត់យកការបោះឆ្នោតដោយពលរដ្ឋ ជានីតិវិធីនៃការតែងតាំងមេដឹកនាំជាតិ ហើយក៏ជាការបញ្ជាក់ថា សង្គម ឬប្រទេសនោះជារបស់ពលរដ្ឋ ផ្ទុយពីពួកកុម្មុយនីស្តដែលតែងចាត់ទុកសង្គម ឬប្រទេសនោះជារបស់បក្ស។
ដូច្នេះការជ្រើសរើសមេដឹកនាំជាតិក្នុងរបបកុម្មុយនីស្ត គឺជាសិទ្ធិរបស់គណៈកម្មាធិការមជ្ឈិមបក្ស ឬជាយន្តការកំពូលណាមួយរបស់បក្សកុម្មុយនីស្តនោះ។ ហេតុដូច្នេះហើយ មេដឹកនាំក្នុងរបបប្រជាធិបតេយ្យពិតប្រាកដ តែងខិតខំបម្រើពលរដ្ឋដែលជាម្ចាស់ឆ្នោត ដើម្បីទទួលបានការគាំទ្រពីពលរដ្ឋដែលជាអ្នកបោះឆ្នោតជ្រើសតាំងខ្លួននោះ។
រីឯមេដឹកនាំក្នុងរបបកុម្មុយនីស្ត តែងខិតខំបម្រើបក្សដើម្បីទទួលបានការគាំទ្រពីបក្ស ដែលជាអ្នកតែងតាំងខ្លួន។ ដូច្នេះ គេអាចសន្និដ្ឋានបានថា មេដឹកនាំក្នុងសង្គមប្រជាធិបតេយ្យធ្វើអ្វីៗដើម្បីពលរដ្ឋ ឬចាត់ទុកពលរដ្ឋជាអាទិភាពទីមួយដែលខ្លួនត្រូវបម្រើ។ ផ្ទុយពីរបបប្រជាធិបតេយ្យដែលមេដឹកនាំកុម្មុយនីស្តតែងធ្វើអ្វីៗដើម្បីបក្ស ឬចាត់ទុកបក្សជាអាទិភាពទីមួយដែលខ្លួនត្រូវបម្រើ។
ប៉ុន្តែបើគេអង្កេតអំពីរបបផ្ដាច់ការកុម្មុយនីស្ត គេអាចពិចារណាលើរបបគ្រប់គ្រងពីរប្រភេទ គឺរបបគ្រប់គ្រងរបស់គណបក្ស និងរបស់គ្រួសារ។ ប្រភេទទី១ ជារបបគ្រប់គ្រងដោយយន្តការបក្សកុម្មុយនីស្ត ច្បាស់លាស់ និងរឹងមាំ ដូចជារបបគ្រប់គ្រងរបស់បក្សកុម្មុយនីស្តវៀតណាម និងបក្សកុម្មុយនីស្តចិន ជាដើម។ ប្រភេទទី២ ជារបបគ្រប់គ្រងដោយសមាជិកគ្រួសារទាំងក្នុងបក្ស និងក្នុងក្របខ័ណ្ឌរដ្ឋ ដូចជារបបគ្រប់គ្រងបច្ចុប្បន្នក្នុងប្រទេសកូរ៉េខាងជើង និងរបបគ្រប់គ្រងរបស់លោក ហ៊ុន សែន ក្នុងប្រទេសកម្ពុជា ជាដើម។

ដោយផ្អែកលើទិដ្ឋភាពជាក់ស្តែងនៃរបបផ្ដាច់ការនៅកូរ៉េខាងជើង និងរបបផ្ដាច់ការក្នុងប្រទេសកម្ពុជា គេសង្កេតឃើញនូវរបៀបប្រើអំណាច និងការតាក់តែងច្បាប់ គឺដើម្បីតែផលប្រយោជន៍គ្រួសារ និងបក្សពួករបស់ខ្លួនតែប៉ុណ្ណោះ។ ប៉ុន្តែមេដឹកនាំនៃរបបផ្ដាច់ការគ្រួសារនិយមបែបនេះ គឺតែងតែប្រើឈ្មោះប្រទេសជាតិ និងគណបក្សរបស់ខ្លួនជាខែលបំភាន់ភ្នែកពលរដ្ឋក្នុងសង្គមតែប៉ុណ្ណោះ។
ក្នុងប្រទេសកូរ៉េខាងជើង លោក គីម ជុនអ៊ុន គឺជាអ្នកបន្តតំណែងជំនាន់ទី៣ នៃគ្រួសារត្រកូល គីម ដែលបន្តការគ្រប់គ្រងអំណាចផ្ដាច់ការនៅប្រទេសដ៏ក្រីក្រមួយនេះពីឪពុក និងជីតារបស់លោក។ នៅទីសាធារណៈ មេដឹកនាំផ្ដាច់ការរូបនេះតែងប្រកាសថាអ្វីដែលខ្លួនធ្វើ គឺដើម្បីបក្សពលករកូរ៉េដ៏មហិមារបស់គាត់ និងដើម្បីពលរដ្ឋកូរ៉េខាងជើង។ ប៉ុន្តែជាក់ស្តែង នរណាក៏ដឹងដែរថា ការគ្រប់គ្រងអំណាចក្នុងប្រទេសកូរ៉េខាងជើង គឺជាកម្មសិទ្ធិរបស់គ្រួសារត្រកូល គីម តែប៉ុណ្ណោះ។ គ្រួសារមួយនេះផ្ទេរការគ្រប់គ្រងពីជំនាន់មួយទៅជំនាន់មួយ ដោយចាត់ទុកតួនាទីគ្រប់គ្រងប្រទេសជាមរតកនៃគ្រួសាររបស់គាត់។ មេដឹកនាំផ្ដាច់ការកូរ៉េខាងជើងបានតែងតាំងសមាជិកគ្រួសាររបស់ខ្លួនឲ្យកាន់តួនាទីសំខាន់ៗក្នុងជួររដ្ឋាភិបាល ដើម្បីការពារអំណាចរបស់ខ្លួន និងផលប្រយោជន៍គ្រួសារ។
ចំណែកនៅក្នុងប្រទេសប្រកាន់របបកុម្មុយនីស្ត ឬផ្ដាច់ការដូចកូរ៉េខាងជើង ពលរដ្ឋទាំងអស់គឺជាសមាជិករបស់បក្សកុម្មុយនីស្ត ឬបក្សគ្រប់គ្រងអំណាច។ ប៉ុន្តែបើគេពិនិត្យមើលស្ថានភាពជីវិតរបស់ពលរដ្ឋកូរ៉េខាងជើងវិញ ពួកគេរស់នៅក្នុងស្ថានភាពក្រីក្រតោកយ៉ាក អត់បាយ ក្រហាយទឹក គ្មានសេរីភាព និងរស់នៅក្នុងស្ថានភាពភ័យខ្លាចជាប្រចាំ ព្រោះអ្នកមានអំណាចអាចចោទ ចាប់ និងសម្លាប់តាមតែទំនើងចិត្ត។
ដូច្នេះ អំពើដែលរបបផ្ដាច់ការកូរ៉េខាងជើងធ្វើបាបពលរដ្ឋនោះ ក៏មានន័យថាជាអំពើធ្វើបាបលើសមាជិកបក្សរបស់ខ្លួនដែរ។ ដូច្នេះវាជាការឆ្លុះបញ្ចាំងថា របបផ្ដាច់ការដូចកូរ៉េខាងជើង គឺមិនមែនធ្វើអ្វីៗដើម្បីបក្ស និងពលរដ្ឋរបស់ខ្លួននោះទេ ប៉ុន្តែដើម្បីតែក្រុមគ្រួសាររបស់ខ្លួនតែប៉ុណ្ណោះ។
ស្រដៀងគ្នានឹងរបបផ្ដាច់ការកូរ៉េខាងជើង របបផ្ដាច់ការរបស់លោក ហ៊ុន សែន ក៏បានតែងតាំងសមាជិកគ្រួសារ សាច់ញាតិ កូន និងចៅរបស់ខ្លួនឱ្យកាន់តួនាទីសំខាន់ៗ ទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងបក្សផងដែរ។ ជារួម គ្រួសារត្រកូល ហ៊ុន គ្រប់គ្រងអំណាចពេញដៃទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងបក្ស ហើយចង់ធ្វើអ្វីៗបានស្រេចតែនឹងទំនើងចិត្ត ដោយរួមទាំងការយកទ្រព្យសម្បត្តិរបស់រដ្ឋ និងឯកជនធ្វើជាកម្មសិទ្ធិគ្រួសាររបស់ខ្លួនផង។
របបផ្ដាច់ការគ្រួសារត្រកូល គីម នៅកូរ៉េខាងជើង ហាក់ស្រដៀងគ្នាទៅនឹងគ្រួសារត្រកូល ហ៊ុន នៅកម្ពុជាដែរ។ ពួកគេបានតែងតាំងសមាជិកគ្រួសាររបស់ខ្លួនឱ្យកាន់តួនាទីសំខាន់ៗទាំងក្នុងក្របខ័ណ្ឌបក្ស និងរដ្ឋ និងបន្តតំណែងគ្រប់គ្រងប្រទេសពីឪពុកទៅកូនជាបន្តបន្ទាប់។ ចំណែកបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ក៏បានតែងតាំងលោក ហ៊ុន ម៉ាណែត ដែលជាកូនច្បងរបស់លោក ដើម្បីស្នងតំណែងពីលោក និងបានប្រកាសថា លោកនឹងក្លាយជាឪពុក និងជីតានាយករដ្ឋមន្ត្រីទៀតផង។

ដូច្នេះ មានន័យថា លោក ហ៊ុន សែន បានកំណត់ថាតំណែងនាយករដ្ឋមន្ត្រីនៅកម្ពុជា គឺជាទ្រព្យ និងជាកម្មសិទ្ធិរបស់គ្រួសាររបស់លោក ដែលត្រូវផ្ទេរពីមួយជំនាន់ទៅមួយជំនាន់។ ដូច្នេះមានន័យថា អ្វីដែលលោក ហ៊ុន សែន បានធ្វើកន្លងមក មិនមែនដើម្បីជាតិ និងគណបក្សប្រជាជនកម្ពុជានោះឡើយ តែគឺដើម្បីគ្រួសារពូជពង្សវង្សត្រកូលរបស់គាត់តែប៉ុណ្ណោះ។
ដោយហេតុដូច្នេះហើយ ទើបគេឃើញលោក ហ៊ុន សែន មិនខ្វល់ឡើយចំពោះបញ្ហាជាច្រើនរបស់ជាតិ និងពលរដ្ឋ ដូចជាភាពក្រីក្ររបស់ពលរដ្ឋ បញ្ហាអត់ទីផ្សារសម្រាប់ផលិតផលកសិកម្មខ្មែរ សេវាកម្មពេទ្យ ឬសុខភាពគ្មានគុណភាព និងបញ្ហាជាច្រើនទៀត។
ថ្វីបើការគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិចុះខ្សោយ និងក្រីក្រខ្លាំងបែបនេះក្តី តែគាត់នៅតែអួតថា គាត់ទទួលបានជោគជ័យក្នុងការដឹកនាំប្រទេសកម្ពុជា។ ដូច្នេះ តើកូនរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ដែលលោក ហ៊ុន សែន បានរៀបចំឲ្យបន្តតំណែងពីគាត់នោះ នឹងអាចដឹកនាំប្រទេសកម្ពុជាបានល្អជាងឪពុករបស់ខ្លួនដែរឬទេ? ដើម្បីឆ្លើយនឹងសំណួរនេះ គេអាចពិនិត្យមើលកត្តាពាក់ព័ន្ធខ្លះៗដែលអាចជាអំណះអំណាងសម្រាប់ធ្វើការសន្និដ្ឋាន។
ជាបទពិសោធន៍ក្នុងបណ្តាប្រទេសមួយចំនួន កូនដែលទទួលតំណែងពីឪពុក តែងតែធ្វើតាមគន្លងឪពុក ឬខ្លាំងជាងឪពុកទៅទៀត។ ដូច្នេះបើឪពុកដឹកនាំអាក្រក់ ឬរីកចម្រើន កូនដែលបន្តតំណែងក៏បានធ្វើឲ្យប្រទេសនោះកាន់តែអាក្រក់ ឬរីកចម្រើនដូច្នោះដែរ។
ជាក់ស្តែង មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្នបានបន្តអំពើផ្ដាច់ការតាមឪពុក និងបង្កើនអំពើឃោរឃៅកាន់តែខ្លាំង។ ស្រដៀងគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរីបច្ចុប្បន្នដែលបានស្នងតំណែងពីឪពុករបស់គាត់ គឺលោក លី ហ្គាន់យូ ក៏បានបន្តដឹកនាំប្រទេសនេះតាមគន្លងឪពុក ដោយធ្វើឲ្យសិង្ហបុរីកាន់តែរីកចម្រើន។
ដូច្នេះ លោក ហ៊ុន ម៉ាណែត ដែលអាចនឹងស្នងតំណែងពីឪពុករបស់លោក ក៏ប្រហែលជាអាចបន្តអំពើផ្ដាច់ការ និងឃោរឃៅដូចឪពុករបស់លោកដែរ។ ដូចសុភាសិតខ្មែរពោលថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។
កត្តាមួយទៀត គឺជាការទាក់ទិនដោយផ្ទាល់នឹងប្រព័ន្ធតែងតាំងមេដឹកនាំ។ មេដឹកនាំក្នុងសង្គមប្រជាធិបតេយ្យដែលជ្រើសតាំងដោយពលរដ្ឋ គឺបម្រើពលរដ្ឋ រីឯមេដឹកនាំកុម្មុយនីស្តដែលជ្រើសតាំងដោយបក្សកុម្មុយនីស្ត គឺបម្រើបក្សកុម្មុយនីស្ត។ ដូចគ្នានេះដែរ បើមេដឹកនាំដែលជ្រើសតាំងដោយឪពុក ឬគ្រួសារ គឺមេដឹកនាំនោះនឹងបម្រើឪពុក ឬគ្រួសារនោះហើយ។
រីឯរចនាសម្ព័ន្ធដែលកំពុងគ្រប់គ្រងអំណាច ក៏ជាកត្តាសំខាន់ដែរ។ កូនដែលឪពុកលើកបន្តុបឱ្យបន្តតំណែង គឺប្រៀបដូចជាឪពុកដាក់ឱ្យបើកឡានជំនួស។ ដូច្នេះ កូនដែលឡើងស្នងតំណែងនោះ គឺត្រូវតែបន្តបើកឡានដដែល ឬបន្តគ្រប់គ្រងអំណាចដឹកនាំរចនាសម្ព័ន្ធចាស់របស់ឪពុកនោះ ទោះបីក្នុងរយៈពេលខ្លី ឬវែងក្តី។
គេអាចសន្និដ្ឋានថា លោក ហ៊ុន ម៉ាណែត ប្រហែលជាមិនអាចក្លាយជាមេដឹកនាំប្រសើរជាងឪពុករបស់លោកនោះទេ ឬអាចជាជនផ្ដាច់ការឃោរឃៅខ្លាំងជាងឪពុកទៅទៀត។
ប្រសិនដូច្នេះមែន តើប្រជាពលរដ្ឋខ្មែរអាចនឹងត្រូវបន្តរស់ក្នុងទុក្ខវេទនាក្រោមការគ្រប់គ្រងនៃគ្រួសារត្រកូល ហ៊ុន មួយជំនាន់ទៀត ឬយ៉ាងណា?៕