35 C
Phnom Penh

UN សោកស្ដាយ​ចំពោះ​តុលាការ​កម្ពុជា​មិន​បាន​រក​យុត្តិធម៌​ឱ្យ​គ្រួសារ​និង​ជនរងគ្រោះ​ដែល​ស្លាប់​អំឡុង​ជាប់​ឃុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា សោកស្ដាយ​ដែល​តុលាការ​កម្ពុជា​មិន​បាន​រក​យុត្តិធម៌​ឱ្យ​គ្រួសារ និង​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​អំឡុង​ពេល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ទោះបីជា​ករណី​ស្លាប់​របស់​អ្នក​ជាប់​ឃុំ​មួយ​ចំនួន ត្រូវ​បាន​សង្ស័យ​ថា​មាន​ការ​ធ្វើ​ទារុណកម្ម​បែប​ណា​ក៏ដោយ។

ការ​លើកឡើង​នេះ នៅ​បន្ទាប់ពី​ការិយាល័យ​ឧត្ដមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ កន្លងទៅ បាន​ជួប​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​បង្ការ​អំពើ​ទារុណកម្ម។

ការិយាល័យ​ឧត្ដមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំ​ព័រ​ហ្វេសប៊ុក​នា​ថ្ងៃ​ចន្ទ ទី​១៤ មីនា នេះ​ថា កាលពី​ឆ្នាំ​មុន ពន្ធនាគារ​នៅ​កម្ពុជា​មាន​ចំនួន​អ្នក​ជាប់​ពន្ធនាគារ​ច្រើន​ជាង ៣​ដង​នៃ​សមត្ថភាព​ដែល​មាន ឬ​ស្មើ​នឹង ៣៤៣%។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា កម្រិត​នៃ​ភាព​ឈឺចាប់​ផ្នែក​ស្មារតី និង​រាងកាយ​របស់​អ្នក​ជាប់​ឃុំឃាំង​ដោយសារ​កន្លែង​គេង​មាន​សភាព​ចង្អៀត​ណែន កង្វះ​ខាត​ទឹក​ស្អាត អនាម័យ និង​កង្វះ​ខាត​នៃ​ការ​ទទួល​បាន​ខ្យល់​អាកាស​បរិសុទ្ធ និង​ការ​ថែរក្សា​សុខភាព ជាដើម។ ករណី​នេះ ធ្វើ​ឱ្យ​ស្ថានភាព​អ្នក​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​ប្រឈម​ហានិភ័យ ដែល​អាច​ឈាន​ទៅ​រក​ស្ថានភាព​ដែល​បង្ក​ឱ្យ​មាន​ការ​ប្រព្រឹត្ត​ដែល​ឃោរឃៅ អមនុស្សធម៌ ឬ​ជា​ការ​បន្ថោក​បន្ទាប។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ជា​រៀងរាល់​ឆ្នាំ ទោះបីជា​មាន​សេចក្ដី​រាយការណ៍​ករណី​អ្នក​ជាប់​ឃុំឃាំង​មួយ​ចំនួន​ដែល​ស្លាប់​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​ក្ដី ប៉ុន្តែ​អង្គការ​សហប្រជាជាតិ​មាន​ការ​សោកស្ដាយ ដោយសារតែ​ករណី​ដែល​ត្រូវ​បាន​រាយការណ៍​នោះ កម្រ​ត្រូវ​បាន​តុលាការ​មាន​ចំណាត់ការ ឬ​នីតិវិធី​ដើម្បី​រក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ ក៏ដូចជា​ជូន​ដល់​គ្រួសារ​របស់​ពួកគេ​ឡើយ។

តំណាង​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ប្រាឌីព វ៉ាគ្លេ បាន​ថ្លែង​ក្នុង​សិក្ខាសាលា​កន្លងមក​ថា ប្រសិនបើ​ទ្វារ​មិន​បាន​បើក យើង​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​បើក​ទ្វារ​នេះ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ កាលពី​ឆ្នាំ​២០២១ ក្រុម​គ្រួសារ​សព គឺ​អ្នកស្រី ពេជ្រ លីណា បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ដោយ​ប្តឹង​ចោទ​មន្ត្រី​នគរបាល​ពាក់ព័ន្ធ ថា​បាន​ធ្វើ​ទារុណកម្ម​ប្អូន​របស់​ខ្លួន​រហូត​ដល់​ស្លាប់ បន្ទាប់ពី​មន្ត្រី​នគរបាល​ស្រុក​សង្កែ ខេត្ត​បាត់ដំបង បាន​ចាប់​ខ្លួន​លោក ពេជ្រ ធារ៉េត កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២១។

ការ​ដាក់​បណ្ដឹង​របស់​គ្រួសារ​ជនរងគ្រោះ ដោយ​សំអាង​ទៅលើ​ស្នាម​ជាំ​នៅ​លើ​ដងខ្លួន និង​មាន​ឈាម​ហូរ​តាម​ត្រចៀក និង​មាត់​ពេល​យក​សព​ទៅ​ដល់​ផ្ទះ។

ក្រោយ​មក គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​នៃ​ក្រសួង​មហាផ្ទៃ បាន​ចុះ​ស៊ើប​ករណី​នេះ​តាម​ពាក្យ​បណ្តឹង​របស់​អ្នកស្រី ពេជ្រ លីណា ដោយ​ក្រសួង​រក​ឃើញ​ថា ការ​ស្លាប់​របស់​ជនរងគ្រោះ​ឈ្មោះ ពេជ្រ ធារ៉េត មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម។ ប៉ុន្តែ​រហូត​មកដល់​ពេលនេះ គណៈកម្មាធិការ​មួយ​នេះ​នៅ​មិនទាន់​បញ្ជូន​ករណី​ដែល​បាន​រក​ឃើញ​នេះ​ទៅ​តុលាការ ដើម្បី​ចាត់​វិធានការ​ច្បាប់​នៅឡើយ​ទេ។

យោង​តាម​មាត្រា​៣៨ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​ថា ការ​បង្ខិតបង្ខំ ការ​ធ្វើ​បាប​លើ​រូបរាងកាយ ត្រូវ​ហាមឃាត់ និង​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់។ ចំណែក​ឯ​មាត្រា​២១០ នៃ​ក្រមព្រហ្មទណ្ឌ​ចែង​ថា ទារុណកម្ម ឬ​អំពើ​ឃោរឃៅ​ដែល​ប្រព្រឹត្ត​ទៅ​លើ​បុគ្គល​ណា​មួយ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧​ឆ្នាំ​ទៅ ១៥​ឆ្នាំ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស