32.5 C
Phnom Penh

ក្រសួង​មហាផ្ទៃ៖ បុរស​ម្នាក់​ពិតជា​បាន​ស្លាប់​ដោយ​ការ​ធ្វើ​ទារុណកម្ម​នៅ​អធិការ​ស្រុក​សង្កែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​ប្រឆាំង​នឹង​អំពើ​ធ្វើ​ទារុណកម្ម​នៃ​ក្រសួង​មហាផ្ទៃ រក​ឃើញ​ថា បុរស​ម្នាក់​ដែល​ស្លាប់​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២១ គឺ​បណ្ដាល​មកពី​ការ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ។

កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២១ សាច់ញាតិ​សព​ឈ្មោះ ពេជ្រ ធារ៉េត បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើសុំ​ឱ្យ​បើក​ការស៊ើបអង្កេត​ឡើងវិញ​លើ​ករណី​ប្អូនប្រុស​របស់​ខ្លួន ដោយ​ថា​ការ​ស្លាប់​របស់​ប្អូនប្រុស​ខ្លួន​បណ្ដាល​មកពី​ការ​ធ្វើ​ទារុណកម្ម មិនមែន​ដោយសារ​គាំង​បេះដូង​ដូច​ក្នុង​កំណត់ហេតុ​របស់​សមត្ថកិច្ច​ឡើយ។

ក្នុង​ពាក្យ​បណ្ដឹង​ដែល​សាច់ញាតិ​បាន​ដាក់​ទៅ​ក្រសួង បញ្ជាក់​ថា ការ​ស្លាប់​របស់​ជនរងគ្រោះ​ក្រោយ​ពី​សមត្ថកិច្ច​ចាប់ និង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ស្រុក​សង្កែ ដើម្បី​ធ្វើ​ការសាកសួរ ហើយ​រយៈពេល ៣​ម៉ោង​ក្រោយមក ជនរងគ្រោះ​ក៏​បាន​ស្លាប់ ដោយ​នៅ​លើ​ខ្លួន​របស់​សាកសព​មាន​ស្នាម​ជាំ​ពេញ​ខ្លួន ហូរ​ឈាម​តាម​ច្រមុះ ត្រចៀក និង​ស្នាម​នៅ​ផ្នែក​ខាង​ខ្នង រួម​ទាំង​កន្លែង​ដាក់​ខ្នោះ​ដៃ ជាដើម។

របាយការណ៍​ស៊ើបអង្កេត​របស់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម​នៃ​ក្រសួង​មហាផ្ទៃ ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ ហើយ​ដែល The Cambodia Daily ទើប​ទទួល​បាន ឱ្យ​ដឹង​ថា បន្ទាប់ពី​ចុះ​អង្កេត ស្រាវជ្រាវ សម្ភាស និង​ពិនិត្យ​លើ​ឯកសារ​នោះ ក្រុម​ការងារ​គណៈកម្មាធិការ​នេះ​រក​ឃើញ​របាយការណ៍ និង​កំណត់ហេតុ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ឈ្មោះ ពេជ្រ ធារ៉េត មាន​ភាព​មិន​ប្រក្រតី។

ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​គណៈកម្មាធិការ​នោះ​រក​ឃើញ គឺ​ការ​បកស្រាយ​របស់​មន្ត្រី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ មាន​ភាព​មិន​ច្បាស់លាស់ ដោយ​លើកឡើង​ថា ពេល​ឃាត់​ខ្លួន​ឈ្មោះ ពេជ្រ ធារ៉េត មាន​ពលរដ្ឋ​ប្រតាយប្រតប់​គ្នា ប៉ុន្តែ​បើ​តាម​មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​អូរដំបង១ ដែល​ជា​អ្នក​ឃាត់​ខ្លួន​ឈ្មោះ ពេជ្រ ធារ៉េត បញ្ជាក់​ថា​ពេល​ឃាត់​ខ្លួន​ឈ្មោះ ពេជ្រ ធារ៉េត ពុំ​មាន​របួស​ស្នាម ឬ​ត្រូវ​ពលរដ្ឋ​វាយដំ​ឡើយ ហើយ​រូបថត​ពេល​ឃាត់​ខ្លួន​នៅ​កន្លែង​កើតហេតុ ក៏​មិន​មាន​របួស​ស្នាម​ដែរ។

លើស​ពី​នេះ​ទៀត តាម​ការ​បំភ្លឺ​របស់​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏​មាន​ភាព​មិន​ច្បាស់ ដោយ​ថា​ស្លាកស្នាម​នៅ​លើ​ខ្លួន​សព​បណ្ដាល​មកពី​គ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្តែ​នៅ​ពេល​ក្រុម​ការងារ​ចុះ​ដល់​អធិការ​ស្រុក​សង្កែ នោះ ម៉ូតូ​ជន​សង្ស័យ​ឈ្មោះ ពេជ្រ ធារ៉េត មាន​សភាព​ធម្មតា មិន​មាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ខណៈ​កំណត់ហេតុ​អធិការ​ស្រុក​សង្កែ មាន​ការ​កោស​លុប​បន្ថែម​ការ​សរសេរ និង​មាន​ការ​សរសេរ​ឈ្មោះ​ឱ្យ​ជន​សង្ស័យ ដោយ​បញ្ជាក់​ថា សាមីខ្លួន​ពុំ​ចេះ​អក្សរ។

គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម​ដដែល ថា​របាយការណ៍​ស្នងការ​នគរបាល​ខេត្ត និង​កំណត់ហេតុ​អធិការ​ស្រុក​សង្កែ បាន​អះអាង​ផ្ទុយពី​ក្រុម​គ្រួសារ ដែល​បញ្ជាក់​ថា​ជន​សង្ស័យ​ដែល​ស្លាប់​រៀន​បាន​ថ្នាក់​ទី​៥ ខណៈ​សាវតារ​របស់​ជន​សង្ស័យ​ដែល​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ការ​ធ្វើ​ទារុណ ស្រាវជ្រាវ​នោះ គឺ​ជនរងគ្រោះ​រៀន​បាន​ថ្នាក់​ទី​៧។

មួយវិញទៀត បើ​ទោះបីជា​គណៈកម្មការ​កោសល្យវិច័យ​បង្ហាញ​របាយការណ៍​ថា ជន​សង្ស័យ​ស្លាប់​ដោយ​គាំង​បេះដូង​ដែល​បណ្ដាល​មកពី​ការប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​ក៏ដោយ ប៉ុន្តែ​អំឡុង​ពេល​ឃាត់​ខ្លួន​ជន​សង្ស័យ សមត្ថកិច្ច​មិន​បាន​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​ឡើយ។

គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម បង្ហាញ​ការ​សោកស្ដាយ​ដែល​មិន​បាន​ពិនិត្យ​សាកសព​ផ្ទាល់ ដោយសារ​សព​ត្រូវ​បាន​យក​ទៅ​បូជា ដោយ​បន្សល់​ទុក​ត្រឹម​ស្លាកស្នាម​លើ​ខ្លួន​ជនរងគ្រោះ​តាមរយៈ​រូបថត និង​វីដេអូ​ដែល​ចែករំលែក​លើ​បណ្ដាញ​សង្គម រួម​ទាំង​សារព័ត៌មាន​ប៉ុណ្ណោះ។

ក្រោយ​ពី​ចុះ​អង្កេត ស្រាវជ្រាវ ផ្អែក​តាម​ព័ត៌មាន និង​កំណត់ហេតុ​សម្ភាស​នោះ គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម បាន​រក​ឃើញ​ថា ជន​សង្ស័យ​ឈ្មោះ ពេជ្រ ធារ៉េត បាន​ស្លាប់​ដោយ​ការ​ធ្វើ​ទារុណកម្ម​អំឡុង​ពេល​ឃុំ​ខ្លួន​នៅ​អធិការ​ស្រុក​សង្កែ។

បើ​តាម​ពាក្យ​បណ្ដឹង​របស់​សាច់ញាតិ ឱ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ ពេជ្រ ធារ៉េត មាន​អាយុ ៣១​ឆ្នាំ មាន​មុខរបរ​ជា​ជាង​ផ្សារដែក រស់នៅ​ភូមិ​បោះពោធិ៍ ឃុំ​អូរដំបង១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២១ ខណៈ​សមត្ថកិច្ច​បាន​នាំ​គាត់​ទៅ​សាកសួរ​បន្ទាប់ពី​ម្ដាយក្មេក​ប្ដឹង​ទៅ​សមត្ថកិច្ច ដោយ​ចោទប្រកាន់​ថា​ជនរងគ្រោះ​រូប​នេះ​បាន​សម្លាប់​ភរិយា​ខ្លួនឯង។

ករណី​នេះ គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម ស្នើ​ឱ្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បើក​ការស៊ើបអង្កេត​បន្ថែម​ដើម្បី​ស្វែងរក​ការពិត និង​នាំ​ខ្លួន​ជន​ដែល​បាន​ធ្វើ​ទារុណកម្ម​លើ​ឈ្មោះ ពេជ្រ ធារ៉េត រហូត​ដល់​ស្លាប់​នោះ មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

ការ​ទាមទារ​ឱ្យ​ចាត់វិធានការ​ច្បាប់​ទៅលើ​មន្ត្រី​ដែល​ធ្វើ​ទារុណកម្ម​លើ​ជន​សង្ស័យ​ឈ្មោះ ពេជ្រ ធារ៉េត ដោយ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម អះអាង​ថា ដើម្បី​លើក​កម្ពស់ បង្ការ ទប់ស្កាត់ ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម អំពើ​ឃោរឃៅ អំពើ​អមនុស្សធម៌ អំពើ​ធ្វើ​ទុក្ខបុកម្នេញ ឬ​ទណ្ឌកម្ម​លើ​ជន​ដែល​បាន ឬ​អាច​ត្រូវ​បាន​ដកហូត​សិទ្ធិ​សេរីភាព ដោយ​ប្រាសចាក​ពី​ស្មារតី​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម​ច្បាប់​ជាតិ និង​អន្តរជាតិ រួម​ទាំង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​នានា​ដែល​មាន​ជាធរមាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស